Connect with us

ព័ត៌មានជាតិ

បទយកការណ៍៖ ពិធីសែនក្របីជូនអ្នកតាដើម្បីព្យាបាលជំងឺរបស់ជនជាតិភាគតិចនៅរតនគិរី

បានផុស

នៅ

ខេត្តរតនគិរីជាខេត្តភាគឦសាន្ត​មួយរបស់កម្ពុជា​ដែល​សំបូរ​ជនជាតិដើមភាគតិចរស់នៅដោយពួកគាត់ប្រកាន់នូវប្រពៃណី​តាំងពីដើមរៀង​មក ​ទោះ​បី​បច្ចុប្បន្នការវិវត្តន៍របស់សង្គមកាន់តែរីកចម្រើន​ក្ដី។ ប្រពៃណី​មួយ​ដែល​ជនជាតិដើម​ភាគ​តិចគ្រឹងនៅ​ទីនេះ​តែង​តែ​រៀបចំនៅពេល​មាន​មនុស្សឈឺថ្កាត់ គឺ​ការសែន​ក្របីដែលគេយក​គោឬ​ក្របីមក​សម្លាប់​យក​ឈាម​ច្រូច​លើ​ដី និង​ស្ងោឱ្យឆ្អិន​សែន​ដល់​អ្នក​តា​ក្នុង​ភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​យាយ ពង់ហូ ជាជនជាតិដើមភាគតិចគ្រឹងរស់នៅភូមិទៀមលើ ឃុំ កាចូន ស្រុក វើនសៃ ខេត្តរតនគិរី បាន​ធ្លាក់ខ្លួនឈឺ អស់កម្លាំង ឈឺចង្កេះងើបអង្គុយពុំ​បាន និយាយមិនកើត ហូបបាយពុំបាន ត្រូវ​បាន​កូន​ចៅ​រៀបចំ​ពិធីកាប់​ក្របីសែននេះសួងបួងសុំឲ្យម្ចាស់ភូមិទឹកដីឈ្មោះតារុនទាន់និងតារុនចាន់ជួយឲ្យបានរួចរស់ជីវិត ឡើង​។ តាមជំនឿបើកាលណានណាម្នាក់ធ្លាក់ខ្លួនឈឺ មិនថាចាស់ឬក្មេង ពួកគេតែងតែទៅរកគ្រូក្នុងភូមិនិងក្រៅភូមិ ទស្សទាយ បើថាត្រូវខ្មោចធ្វើហើយ សុំសំណែនទៅឲ្យខ្មោចនោះតាមការពេញចិត្ត។

នៅមុខផ្ទះដែល​មាន​រៀបចំឈើបីកម្ពស់កន្លះម៉ែត្រដាំរាងសាជីបញ្ច្រាស និងមានដើមឬស្សីវែង១ ទៅ ២ ដើម មានក្រងជាបន្ទះប៉ិនទំហំបាតដៃ មានរូបរាងបែបផែនជាសិល្បៈទៅតាមការនិយម តាមភូមិនីមួយៗ កន្លែងនេះ​ហើយ​ជា​កន្លែង​ដែលគេ​ចងគោឬក្របីដើម្បីធ្វើពិធីសែនទៅឲ្យអ្នកតាម្ចាស់ភូមិ។

កម្មវិធីបុណ្យសែនក្របី តាមបែបប្រពៃណីនេះ ប្រព្រឹត្តទៅនៅរយៈ ២ ថ្ងៃ ។ នៅថ្ងៃដំបូងជាថ្ងៃទី១ នៅពេលព្រឹក អ្នកភូមិប្រមូលគ្នាទៅរកចាប់ក្របីដែលចិញ្ចឹមទុកចោលទៅក្នុងព្រៃ លុះចាប់បានហើយ ចាប់ចងដឹកមកផ្ទះដែលដូនចាស់ កំពុងឈឺ រៀបចំកាប់ដោះបង្គោល និងគួចវល្លិ៍សម្រាប់ចងក្បាលក្របីនៅមុខផ្ទះ។ ក្រុមគ្រួសារទៅជួលគង ដើម្បីមកវាយជុំវិញ ក្របីដែលចងទុកជាចង្វាក់ភ្លេង សម្រាប់តែពិធីសែនមុននឹង​សម្លាប់។

ដោយឡែកម្ចាស់ផ្ទះវិញបានទៅយកស្រាពាងសត្វមាន់ ដែលបានបិទរួចតាំងពីខែមុន មករៀបចំដាក់នៅសសរកណ្តាលផ្ទះ ជិតគ្រែអ្នកដេកឈឺ ហើយកូនចៅទៅដងទឹកពីពាង មកដើម្បីទុកជិតស្រាពាង ដែលមានដោតទុយោប៊ឺតស្រា។  បន្ទាប់មកទៀត ចាស់ទុំនិងចាស់ៗក្នុងភូមិ ចាប់ផ្តើមហៅគ្នាមកដើម្បីរៀបថាស១ មានអង្ករ១ចាន និងអំបោះឆៅពណ៌ស ដើម្បីបាច់អង្ករបណ្តេញគ្រោះចង្រៃនិងរោគាព្យាធិ កំពុងបៀតបៀន។ នៅចំណែកចាស់មួយក្រុមទៀត កំពុងរៀបចំពែរ១រួត ដែលធ្វើពីដើមចេកបួនជ្រុង ទុកត្រៀមនៅសាច់ក្របីនិងសាច់មាន់ ដែលស្ងោរឆ្អិន បេះសាច់មាន់និងសាច់ក្របីសែនជាលើកទី២។

ប្រពៃណីកាប់ក្របីឬគោនេះមិនមែនជារឿងប្លែកនោះទេ វាជាការនិយមធ្វើតាំងពី សម័យមុន រហូតដល់បច្ចុប្បន្ននេះ តាមទំនៀមទម្លាប់ពីដើមទៅតាមជំនឿរបស់ចាស់ទុំភូមិ អ្នកជិតខាង និងម្ចាស់សាម៉ីនៃអ្នកជម្ងឺ។ ការសែនព្រេនកាប់គោឬក្របី សម្លាប់សត្វយកឈាមច្រូចនៅដី និងកាប់ស្ងោឲ្យឆ្អិនសែន ជូនទៅឲ្យដូច្នេះជារឿងមួយ ដែលមិនអាចខាងបាននោះទេ។ ទោះជា​យ៉ាងណានៅសម័យបច្ចុប្បន្ននេះក្រៅពីរកវិធីព្យាបាល​តាមបែបប្រពៃណី​គេ​ហើយ​ ក៏នៅតែ​រកការ​ជួយព្យាបាលពីគ្រូពេទ្យផងដែរដោយបន្ទាប់ពីសែនរួច កូនចៅឲ្យអ្នកជំងឺលេបថ្នាំពេទ្យនិងព្យួរសេរ៉ូម សម្រាកនៅផ្ទះជាធម្មតា។

តាមទំលាប់របស់ ជនជាតិដើមភាគតិច នៅខេត្តរតនគិរី ប្រសិនបើគាត់ឈឺហើយ ត្រូវទៅរកគ្រូបុរាណខ្មែរ ទស្សទាយរករឿងហេតុផង ព្យាបាលផងនិងទៅមន្ទីរពេទ្យផង នៅតែធ្ងន់ធ្ងរឈឺខ្លាំង។ គេនឹងធ្វើរោងនៅក្រៅផ្ទះធំសម្រាប់ទុកអ្នកជម្ងឺ ដើម្បី​បង្កលក្ខណៈងាយស្រួលមើលថែអ្នក​ឈឺ បម្រើបាយទឹកនិងបន្ទោបង់នានា។ នៅអំឡុងពេលឈឺនោះ បងប្អូននិងសាច់ញាតិនិងប្រជាជនក្នុងភូមិមកដេកកំដរ វាយគង់រាំកម្សាន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម