ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ សមយុទ្ធនាគមាសឆ្នាំនេះ ធំជាងមុន សព្វាវុធទំនើបជាងមុន ប្រើAI តែមិនដើម្បីគំរាមប្រទេសណាឡើយ
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត អះអាងថា សម្រាប់សមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៥ នេះ នឹងមានទំហំធំជាងមុន បំពាក់សព្វាវុធទំនើបជាងមុន ក្នុងនោះក៏មានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ថែមទៀតផង។ ត្បិតថាធំជាង និងទំនើបជាងមុន តែសមយុទ្ធនេះគ្មានចេតនាគំរាមកំហែងប្រទេសណាមួយឡើយ។ លោក ឈុំ សុជាត អះអាងបែបនេះ នៅមុនពេលដែលសមយុទ្ធនាគមាសខិតជិតនឹងរៀបចំឡើងនៅសប្ដាហ៍ក្រោយ។

នាយឧត្ដមសេនីយ៍ ឈុំ សុជាត អះអាងដូច្នេះ៖ «សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិននេះ ក៏ដូចជាសមយុទ្ធកន្លងមក គឺធ្វើឡើងដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពង្រឹងសន្តិសុខ ទប់ស្កាត់អំពើភេរវកម្ម ហើយមិនមានបំណងគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ »។

តាមអ្នកនាំពាក្យក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមិត្តភាពកម្ពុជា-ចិន «នាគមាស-២០២៥» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមប្រធានបទ៖ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌ ដែលសមយុទ្ធនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម រួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំងពីរបានឯកភាពគ្នា កសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

កាលពីថ្ងៃទី០៦ ខែឧសភា នេះ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ក៏ប្រាប់ក្រុមអ្នកយកព័ត៌មានថា ដើម្បីធ្វើសមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៥ ភាគីចិន នាំយកនាវា៣គ្រឿង ឧទ្ធម្ភាគចក្រជំនាន់ថ្មី Z-20 ២គ្រឿង ដ្រូន២០គ្រឿង រ៉ូបូត ឆ្កែយន្ត រថយន្តគ្មានមនុស្សបើក រថយន្តបញ្ជា ចំណែកភាគីកម្ពុជា នឹងប្រើឧទ្ធម្ភាគចក្រ រថក្រោះ និងអាវុធជាច្រើនផ្សេងទៀត។

ក្នុងសន្និសីទលោក ឥត សារ៉ាត់ បន្តប្រាប់ក្រុមអ្នកយកព័ត៌មានថា មូលហេតុដែលកម្ពុជា និងចិន ធ្វើសមយុទ្ធនាគមាសលើប្រធានបទប្រតិបត្តិការប្រឆាំងភេរកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌ មិនធ្វើលើប្រធានបទសង្គ្រាម គឺព្រោះតែកម្ពុជា មើលឃើញថា បញ្ហាភេវរកម្ម ជាបញ្ហាប្រឈមនាពេលសព្វថ្ងៃនេះ ដែលវាងាយកើតឡើងនៅលើដែនគោក និងដែនសមុទ្រ។ ចំណែកការធ្វើសមយុទ្ធលើប្រធានបទសង្គ្រោះមនុស្សធម៌ គឺព្រោះតែបច្ចុប្បន្ននេះ បញ្ហាគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ ងាយនឹងកើតមានឡើង ដូច្នេះត្រូវកំណត់ប្រធានបទនេះ ដើម្បីពង្រឹងសមត្ថភាពលើការងារសង្គ្រោះគ្រោះមហន្តរាយ។

បើតាម លោក ឈុំ សុជាតិ សមយុទ្ធនាគមាស ឆ្នាំ២០២៥នេះ ត្រូវចែកចេញជា២ផ្នែក ដោយទី១៖ សមយុទ្ធលើគោកនិងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រនិងអាកាស នៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ដោយមានកម្លាំងទ័ពកម្ពុជា-ចិន សរុបជាង ២ពាន់នាក់ចូលរួម ព្រមទាំងមានការប្រើប្រាស់សព្វាវុធ គ្រឿងបំពាក់កាន់តែទំនើប ក្នុងនោះក៏មានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលជាឆ្លើយតបទៅនឹងការធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវឌ្ឍន៍នាពេលបច្ចុប្បន្ន។

លោក ឈុំ សុជាត វាយតម្លៃថា សមយុទ្ធនាគមាសឆ្នាំ២០២៥ គឺជាការឆ្លុះបញ្ចាំងអំពីផ្លែផ្កានៃមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិន ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ ជាពិសេសក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីខែមេសា កន្លងទៅ បានជំរុញកាន់តែខ្លាំងក្លានូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

គួរជ្រាបថា ឆ្នាំ២០២៥នេះជាលើកទី៧ ហើយ កម្ពុជា-ចិន ចាប់ដៃគ្នាធ្វើសមយុទ្ធនាគមាស។ កម្ពុជា-ចិន ចាប់ផ្ដើមធ្វើសមយុទ្ធនាគមាស ជាលើកដំបូងនៅលើទឹកដីកម្ពុជា នៅឆ្នាំ២០១៦ លើកទី២ នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០១៩ លើកទី៤ នៅឆ្នាំ២០២០ លើកទី៥ ឆ្នាំ២០២៣ និងលើកទី៦នៅឆ្នាំ២០២៤។ សម្រាប់ឆ្នាំ២០២១ និង២០២២ ភាគីទាំងពីរ មិនអាចធ្វើសមយុទ្ធរួមគ្នាបានឡើយ ដោយសារតែវិបត្តិកូវីដ១៩៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ម៉ោង ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់