Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធខួបលើកទី ១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៥

បានផុស

នៅ

រដ្ឋបាល​ខេត្ត​មណ្ឌលគិរី ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ក្រោម​ប្រធានបទ «​រួមគ្នា​ដើម្បី​ការងារ​សមរម្យ និង​កំណើន​ប្រកប​ដោយ​ចីរភាព និង​ភាព​ធន់​» ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ ២០២៥ ម្សិលមិញ ក្នុង​បរិវេណ​ក្រុមហ៊ុន ចម្ការ​កៅស៊ូ​ប៊ិញ​ហ្វឿក​ក្រចេះ រ៉ាប់​ប៊ើ​«1» ខម​ភេ​នី លី​មី​ធិ​ត ស្ថិត​នៅ​ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព លោក ម៉ែន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី លោក ឌឹម នី អភិបាល​រង​ខេត្ត រួម​ទាំង​មន្ត្រីរាជការ តំណាង​ក្រុមហ៊ុន​សហគ្រាស និង​កម្មករ-និយោជិត និយោជក ប្រមាណ ៥០០ នាក់។

នា​ឱកាស​នោះ លោក ឌឹម នី អភិបាល​រង​ខេត្ត​មណ្ឌលគិរី បាន​អាន​សារ​លិខិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដោយ​មាន​ខ្លឹមសារ​ថា ដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បន្ត​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ សិទ្ធិ​ការងារ សេរីភាព​អង្គការ វិជ្ជាជីវៈ អត្ថប្រយោជន៍ នៃ​របប​សន្តិសុខ​សង្គម អត្ថប្រយោជន៍​នានា​របស់​កម្មករ-និយោជិត និង​ពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ការងារ ដែល​ធ្វើ​ឱ្យ​ទំនាក់ទំនង​វិជ្ជាជីវៈ​កាន់តែ​ល្អ​ប្រសើរ​ឡើង។

លោក​អភិបាល​រង​ខេត្ត បាន​រំលេច​ពី​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​រាជរដ្ឋាភិបាល បាន​កំណត់​ចក្ខុវិស័យ​រយៈពេល​វែង ក្នុង​ការ​កសាង​កម្ពុជា​ឱ្យ​ក្លាយ​ជា​អរិយ​ប្រទេស​មួយ ដែល​ឆ្លើយតប​នឹង​លក្ខណៈ​សម្បត្តិ​ចំនួន ៥ រួមមាន ៖ ១.កម្ពុជា ជា​សង្គម​ជាតិ​មួយ​ដ៏​រស់​រវើក , ២.កម្ពុជា ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ និង​មាន​សេដ្ឋកិច្ច​ធន់ និង​រឹងមាំ , ៣.ប្រជាជន​កម្ពុជា មាន​ចំណេះដឹង​ខ្ពស់ និង​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំ​ជីវិត , ៤.ប្រជាជន​កម្ពុជា រស់នៅ​ក្នុង​សេចក្ដីថ្លៃថ្នូរ សុភមង្គល និង​ទទួល​បាន​ការ​គាំពារ​សង្គម ប្រកប​ដោយ​សមធម៌ ស្មើ​សិទ្ធិ និង​ស្មើ​ឱកាស និង ៥.កម្ពុជា មាន បរិស្ថាន​រូបវន្ត និង​ធម្មជាតិ ប្រកប​ដោយ​សុខដុមភាព ភាពធន់ បរិយាបន្ន និង​តុល្យភាព រវាង​ការ​អភិវឌ្ឍ និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ។ ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២៥ នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចុះ​បញ្ជី​គម្រោង​វិនិយោគ​សរុប​ចំនួន ១៧២ គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ២,៥ ពាន់​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ​ជិត ១២ ម៉ឺន​កន្លែង ក្នុង​នោះ គម្រោង​ពង្រីក​ផលិតកម្ម​មាន​ចំនួន ៦ គម្រោង។ ជាមួយ​គ្នា​នេះ ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២៥ ដដែល​នេះ សហគ្រាស គ្រឹះស្ថាន បាន​កើន​ឡើង​ពី​ចំនួន ៤៤ ៧៩៨ ដល់​ចំនួន ៤៥ ២៥៥ សហគ្រាស (​កើន​ឡើង​ចំនួន ៤៥៧ សហគ្រាស​) ហើយ​ចំនួន​កម្មករ-និយោជិត បាន​កើន​ឡើង​ពី​ចំនួន ១ ៨១៦ ០៤៦ នាក់ ដល់​ចំនួន ១ ៨៤៦ ៨៣៧ នាក់ (​កើន​ឡើង​ចំនួន ៣០ ៧៩១ នាក់​)។

ជាមួយ​គ្នា​នេះ លោក ណយ ច័ន្ទតារា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី បាន​ឱ្យ​ដឹង​ថា ក្នុង​ខេត្ត​មាន​សហគ្រាស គ្រឹះស្ថាន សរុប​ចំនួន ២២១ សហគ្រាស ចែកចេញជា ៣ វិស័យ​ធំៗ គឺ ៖ កសិកម្ម​មាន​ចំនួន ១៥ សហគ្រាស ឧស្សាហកម្ម​ចំនួន ២៦ សហគ្រាស និង​សេវាកម្ម​ចំនួន ១៨០ សហគ្រាស ដែល​មាន​កម្មករ-និយោជិត​សរុប​ចំនួន ៤,៣៦៣ នាក់ ស្រី​ចំនួន ១,៥១៩ នាក់។ គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ ២០២៥ នេះ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស) មាន​សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​វិស័យ​ឯកជន​ក្នុង​ខេត្ត​សរុប​ចំនួន ២៥១ សហគ្រាស មាន​សមាជិក​សរុប ៦,១៧៤ នាក់ ស្រី ២,៣៧០ នាក់។

លោក​បន្ថែម​ថា កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ រួម​ទាំង​កម្មករ-និយោជិត ដោយ​មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រៀន​ចំនួន ៣៥០ នាក់ សិស្ស​កំពុង​សិក្សា និង​បញ្ចប់​ការ​សិក្សា​ចំនួន ១៧៩ នាក់ និង​សិស្ស​ទទួល​បាន​ការងារ​ធ្វើ​ចំនួន ៨២ នាក់។

លោក​បញ្ជាក់​ថា សម្រាប់​សិស្ស​ដែល​មកពី​គ្រួសារ​ក្រីក្រ មិន​ត្រឹមតែ​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ដោយ​មិន​គិត​ថ្លៃ​នោះ​ទេ ថែមទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ២៨ ម៉ឺន​រៀល ក្នុង ១ ខែ ផង​ដែរ ដើម្បី​រួមគ្នា​ជំរុញ​កម្មវិធី​បណ្ដុះបណ្ដាល និង​មាន​ការ​បត់បែន​វេន​បណ្ដុះបណ្ដាល​តាម​តម្រូវការ។

គួរ​ជម្រាប​ថា នា​ឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​នោះ​ដែរ រដ្ឋ​ខេត្ត​មណ្ឌលគិរី ក៏បាន​ឧបត្ថម្ភ​អាវយឺត និង​ថវិកា​មួយ​ចំនួន​ដល់​កម្មករ-និយោជិត និយោជក ប្រមាណ ៥០០ នាក់ រួម​ទាំង​ពិសា​អាហារ​សាមគ្គី​ជាមួយ​សហការី​ផង​ដែរ៕

អត្ថបទ ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម