ព័ត៌មានជាតិ
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍ជំនាញធុរកិច្ចភេសជ្ជៈ៣០កន្លែង ដល់យុវជនក្រីក្រ និងឧបត្ថម្ភប្រាក់ប្រចាំខែ
កំពង់ធំ ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ លើមុខជំនាញ «ធុរកិច្ចភេសជ្ជៈ» ចំនួន៣០កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត ខណៈវគ្គបណ្ដុះបណ្ដាលនេះបើកទទួលពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីគោលនយោបាយបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈការផ្ដល់ឱ្យពួកគេនូវជំនាញជាក់លាក់មួយ និងមានលទ្ធភាពទទួលបានចំណូលសមរម្យ។

លោក រិន វិទ្យាដារ៉ូ នាយករងវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានឱ្យដឹងថា «ជំនាញធុរកិច្ចភេសជ្ជៈ ជាមុខជំនាញដែលកំពុងមានតម្រូវខ្ពស់ក្នុងទីផ្សារការងារ ដូច្នេះហើយទើបវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំខិតខំរកគ្រូជំនាញផ្នែកនេះ ដើម្បីត្រៀមផ្ដល់ការបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ»។
លោកនាយករងបានបន្តថា បន្ទាប់ពីឆ្លងកាត់វគ្គនេះហើយ សិក្ខាកាមអាចបើកជាអាជីវកម្មខ្លួនឯងបាន ប្រសិនបើមានទុនគ្រប់គ្រាន់ ព្រមទាំងអាចស្រូបទាញប្រាក់ចំណូលសមរម្យថែមទៀត។
បើតាមលោកនាយករងវិទ្យាស្ថាន ក្រៅពីជំនាញធុរកិច្ចភេសជ្ជៈ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំក៏មានជំនាញជាច្រើនទៀតដែរ ដែលផ្ដល់ការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃដូចគ្នា រួមមាន (១).ជំនាញដំឡើងសរសៃដែក (២).ជំនាញការងារការ៉ូ (៣).ជំនាញជួសជុលទោចក្រយានយន្ត (៤).ជំនាញសេវាកម្មកុំព្យូទ័រ (៥).ជំនាញធ្វើម្ហូបខ្មែរ (៦).ជំនាញគេហកិច្ច (៧).ជំនាញកែច្នៃបន្លែ និងផ្លែឈើជាដើម។

សម្រាប់យុវជនគោលដៅទាំងពីរក្រុមខាងលើដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមទាក់ទងមកកាន់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ដែលមានទីតាំងនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៩២ ៦២ ៣២ / ០១៥ ៦៦ ៦១ ៥៥ / ០១២ ៣២ ៩៩ ៣៩ /០៣១ ៦៦៦៦ ១៥៥។
គួរបញ្ជាក់ដែរថា ក្រៅពីក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ វគ្គបណ្ដុះបណ្ដាលពិសេសនេះក៏ស្វាគមន៍យុវជន និងប្រជាពលរដ្ឋទូទៅ រួមទាំងកម្មករ-កម្មការិនីផងដែរ ដែលអាចដាក់ពាក្យចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈនេះ បានដោយឥតបង់ថ្លៃដូចគ្នា គ្រាន់តែមិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់