ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ៖ គិតត្រឹមថ្ងៃទី៣០មិថុនានេះ ពលករខ្មែរជិត៤ម៉ឺននាក់ ឆ្លងដែនពីប្រទេសថៃត្រឡប់មកស្រុកកំណើតវិញ
លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ចាប់តាំងពីថ្ងៃទី៨ ខែមិថុនា រហួតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ មានបងប្អូនពលរខ្មែរ ឆ្លងដែនតាមច្រកនានាត្រចូលមកប្រទេសកម្ពុជាវិញ ប្រមាណជិត៤ម៉ឺននាក់ ក្នុងនោះមានពលករជាង១ម៉ឺននាក់ បានចុះឈ្មោះស្វែងរកការងារធ្វើ។

នៅក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាពិសេស ពលករខ្មែរនៅច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ខេត្តបាត់ដំបងនៅថ្ងៃទិ៣០មិថុនានេះ លោករដ្ឋមន្ត្រីបានបន្តថា « សម័យតេជោក៏ដូចជាសម័យសម្តេចធិបតីកម្ពុជាមិនខ្វះទេការងារនៅក្នុងស្រុក។

អីចឹងពេលនេះបងប្អូនអាចវិលត្រឡប់មកវិញប្រសិនបើនៅទីនោះបងប្អូនត្រូវបានគេមិនស្វាគមន៍ ដើម្បីមករួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើងវិញ។ ជាការពិតណាស់អ្វីដែលបងប្អូនគាត់ត្រឡប់មកវិញនេះ ដោយសារទទួលការទូទាត់ប្រាក់ខែមិនទៀងទាត់ ហើយការងារមិនលើសនៅកម្ពុជាប៉ុន្មានហើយមួយទៀតដោយសារការរឹតបន្តឹងការចុះធ្វើអធិការកិច្ចនៅតាមកន្លែងធ្វើការមួយចំនួនហើយក៏មានឃើញនូវការរើសអើងមើលងាយប៉ះពាល់ដល់កិត្តិយសប្រជាពលរដ្ឋយើងក៏ដូចជាប្រទេសជាតិយើង ហើយការព្រួយបារម្ភពីសន្តិសុខ ទើបធ្វើឱ្យបងប្អូនសម្រេចចិត្តវិលត្រឡប់មកប្រទេសកំណើតយើងវិញ ហើយគាត់ក៏ដឹងថា នៅស្រុកកំណើតមានការងារច្រើនដែរ»។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ជាសរុបគិតត្រឹមថ្ងៃទី៨ខែមិថុនា រហូតមកដល់ឥឡូវនេះ មានពលករចូលមកកម្ពុជាជិត៤ម៉ឺននាក់ តាមច្រកអន្តរជាតិនានាហើយច្រើនជាងគេនៅខេត្តបាត់ដំបង បន្ទាយមានជ័យ ព្រៃវែង កំពង់ធំនិងសៀមរាប ក្នុងនោះមានអ្នកចុះស្វែងរកការងារធ្វើជាង១ម៉ឺននាក់។

លោករដ្ឋមន្ត្រីបានបន្ថែមថា ជាមធ្យមក្នុង១អាទិត្យកម្ពុជាមានតម្រូវការងារ២៥ម៉ឺនកន្លែងក្នុងនោះមាន២១ម៉ឺនកន្លែងការងារក្នុងរោងចក្រ ដែលមានភាពល្អប្រសើរដោយមានការធានាសុខភាព ធានាគ្រោះថ្នាក់ការងារនិងពេលចាស់ទៅមានប្រាក់រង្វាន់ទៀត។ចំណែកកម្មការិនីមានផ្ទៃពោះទទួលបានប្រាក់សម្រាប់ពិនិត្យផ្ទៃពោះពេលសម្រាលនិងក្រោយសម្រាលអត់អស់លុយហើយទទួលបានលុយបន្ថែមទៀត។

ឥឡូវនេះនៅគ្រប់ខេត្ត សុទ្ធតែមានការងារធ្វើទាំងអស់ គ្រាន់តែខេត្តខ្លះមានតម្រូវការផ្នែកកសិកម្ម ខ្លះទៀតមានតម្រូវការផ្នែកឧស្សាហកម្ម ឬ សេវាកម្ម។

ការងារដែលសម្បូរច្រើនជាងគេ គឺផ្នែកផលិតកម្មនៅតាមរោងចក្រដូចជាកាត់ដេរ ស្បែកជើង កាបូបនិងគ្រឿងសង្ហារឹមនិងអឡេត្រូនិច សរុប២១ម៉ឺននាក់។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «សម្តេចតេជោក៏ដូចជាសម្តេចធិបតីបានណែនាំថា ប្រសិនបើបងប្អូនចង់ត្រឡប់ទៅស្រុកវិញមានរថយន្តជូនទៅស្រុកកំណើតទៅដល់មានអាជ្ញាធរជួយថែទាំ ហើយប្រសិនបើបងប្អូនចង់ធ្វើការងារភ្លាមអាចចុះឈ្មោះនៅទីភ្នាក់ងារជាតិនិងមុខរបរ តាមតំបន់សេដ្ឋកិច្ចពិសេស និងតាមក្រុមហ៊ុននានា។ បើចង់រៀនសិនអាចចុះឈ្មោះរៀនក៏បានដែរ»។
លើសពីនេះទៀត សម្តេចធិបតីបានណែនាំឱ្យក្រសួង សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះតាមស្រុកភូមិបន្ថែមទៀត ដើម្បីសាកសួរព័ត៌មានពលករ ដែលទើបវិលត្រឡប់ទៅស្រុកកំណើត តើគាត់ចង់រៀនជំនាញបន្ថែម ឬ ចង់ស្វែងរកការងារធ្វើដើម្បីធានាថា ពលករយើងមិនមានបញ្ហាក្រោយវិលត្រឡប់មកពីថៃ។

យ៉ាងនាក៏ដោយ លោករដ្ឋមន្ត្រីបានផ្ញើសារទៅពលករខ្មែរថា ប្រសិនបើមានការដកហូតយកលិខិតឆ្លងដែន ឯកសារធ្វើដំណើរឬអត្ថសញ្ញាណបណ្ណពីបងប្អូនដែលជាជាទង្វើខុសច្បាប់សូមបងប្អូន ប្តឹងទៅស្ថានទួតរបស់យើងជួយអន្តរគមន៍ តែបងប្អូនអាចវិលត្រឡប់មកវិញ ដោយមិនចាំបាច់មានឯកសារអ្វីឡើយឱ្យតែជាជនជាតិខ្មែររាជរដ្ឋាភិបាលយើងស្វាគមន៍ និង ធ្វើឯកសារជូនបងប្អូនផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


