Connect with us

ព័ត៌មានជាតិ

ព្រឹទ្ធសភាកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានដោយចេតនាពីកម្លាំងយោធាថៃ មកលើដែនអធិបតេយ្យរបស់កម្ពុជា

បានផុស

នៅ

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើឈ្លានពានដោយចេតនា និងខុសច្បាប់ ដែលបង្កឡើងដោយកងកម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ព្រឹទ្ធសភាកម្ពុជា ចាត់ទុកទង្វើប្រកបដោយអរិភាព ដែលបានកើតឡើងនៅជិតប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់មុំបី និងតំបន់ផ្សេងទៀតដែលស្ថិតនៅក្នុងព្រំដែនកម្ពុជាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ គឺជាការរំលោភបំពានដោយផ្ទាល់លើ អធិបតេយ្យរបស់កម្ពុជា និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការ សហប្រជាជាតិផងដែរ។

តាមរយៈសេចក្ដីថ្លែងការណ៍នៅយប់ថ្ងៃទី២៤កក្កដា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទង្វើឈ្លានពានប្រដាប់ដោយអាវុធរបស់កងកម្លាំងយោធាថៃ ដែលបណ្តាលឱ្យមានការប្រយុទ្ធគ្នា និងបង្កផលប៉ះពាល់ទៅដល់សន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ទង្វើនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យរបស់កម្ពុជា គំរាមកំហែងដល់សន្តិភាពក្នុងតំបន់ និងរំលោភលើមាត្រា ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលហាមឃាត់ការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋណាមួយ។

ព្រឹទ្ធសភាកម្ពុជា ក៏បានគូសបញ្ជាក់សាជាថ្មីពីសិទ្ធិការពារខ្លួនរបស់កម្ពុជា ស្របតាមមាត្រា ៥១ នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ។ កងយោធពលខេមរភូមិន្ទធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងអត់ធ្មត់បំផុត នៅក្នុងការអនុវត្តសិទ្ធិនេះ សំដៅការពារទឹកដីដ៏ពិសិដ្ឋ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

តាមរយៈសេចក្ដីថ្លែងការណ៍ ព្រឹទ្ធសភាកម្ពុជា អះអាងថា តំបន់ជុំវិញប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី គឺស្ថិតនៅក្នុងទឹកដីកម្ពុជា ដូចដែលមានគូសបញ្ជាក់នៅក្នុងសន្ធិសញ្ញា ផែនទីដែល ទទួលស្គាល់ជាអន្តរជាតិ និងការកំណត់តាមផ្លូវច្បាប់អន្តរជាតិពាក់ព័ន្ធ។ វត្តមានយោធាកម្ពុជានៅក្នុងតំបន់ទាំងអស់នេះ គឺស្របតាមច្បាប់ និងស្ថិតក្នុងសិទ្ធិអធិបតេយ្យពេញលេញរបស់កម្ពុជា។

តាមរយៈសេចក្ដីថ្លែងការណ៍នេះ ព្រឹទ្ធសភាកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងចំពោះ ភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ស្ថាបនិក សន្តិភាពរបស់មាតុភូមិកម្ពុជា និងភាពជាអ្នកដឹកនាំប្រកបដោយភាពស្វាហាប់និងម៉ឺងម៉ាត់របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅចំពោះមុខអំពើឈ្លានពានដ៏គឃ្លីននេះ។ អនុសាសន៍ដឹកនាំរបស់ សម្តេច ទាំងទ្វេ ពិតជាមានភាពចាំបាច់បំផុត និងមិនអាចខ្វះបាននៅក្នុងបុព្វហេតុការ ការពារអធិបតេយ្យជាតិ ថែរក្សាសន្តិភាព ព្រមទាំងការពារជំហរដ៏ត្រឹមត្រូវរបស់កម្ពុជានៅក្នុងសហគមន៍ អន្តរជាតិ។

ជាមួយគ្នានេះ ព្រឹទ្ធសភាកម្ពុជា ក៏សូមសម្តែងនូវការគោរព និងគាំទ្រយ៉ាងពេញទំហឹងចំពោះភាពអង់អាចក្លាហាន និងបទវិន័យរបស់កងយោធពលខេមរភូមិន្ទ ដែលបានបំពេញកាតព្វកិច្ចស្របតាមច្បាប់រដ្ឋធម្មនុញ្ញប្រកបដោយភាពមោះមុតនិងកិត្តិយសបំផុត នៅចំពោះមុខការឈ្លានពានពីបរទេស។

ព្រឹទ្ធសភាកម្ពុជា ក៏អំពាវនាវដល់សហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ អាស៊ាន និងប្រទេស ដែលស្រលាញ់សន្តិភាព សូមចាត់វិធានការជាបន្ទាន់ និងដាច់ខាត ដើម្បីឆ្លើយតបទៅនឹងការរំលោភ បំពានដ៏ធ្ងន់ធ្ងរនេះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម