Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ណែនាំគ្រឹះស្ថានសិក្សាសាធារណៈសម្របសម្រួលទទួលកុមារចំណូលស្រុកមកពីប្រទេសថៃឱ្យបានចូលរៀន

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ត្រូវសម្របសម្រួលទទួលកុមារចំណូលស្រុកពីប្រទេសថៃ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានចូលរៀនទាំងអស់គ្នាបើទោះជាស្ថានភាពនៅតាមព្រំដែនមិនទាន់មានភាពប្រក្រតីក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំដើម្បីពិនិត្យលើការព្រាងសេចក្តីណែនាំស្តីពី “ការប្រមូលកុមារចំណូលស្រុកពីប្រទេសថៃឱ្យចូលរៀន” កាលពីរសៀលថ្ងៃទី១៤សីហា លោកឧបនាយករដ្ឋមន្ត្រីបានជំរុញក្រុមការងារ ត្រូវពន្លឿនកិច្ចការនេះឱ្យរួចរាល់ឆាប់រហ័ស និងបន្តសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈនូវសកម្មភាពការងារសម្រាប់អនុវត្តបន្ថែមក្នុងឆ្នាំសិក្សា២០២៥-២០២៦ ។

ជាមួយគ្នានេះដែរគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ត្រូវទទួលកុមារចំណូលស្រុកពីប្រទេសថៃ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យចូលរៀន ដោយសម្របសម្រួលលក្ខខណ្ឌ នីតិវិធី កុំឱ្យមានភាពស្មុគស្មាញ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ខាងមុខនេះ សំដៅលើកទឹកចិត្តដល់មាតាបិតា អ្នកអាណាព្យាបាល ឱ្យបញ្ជូនកូនទៅរៀនឱ្យបានច្រើន ដើម្បីទទួលបានការអប់រំស្របតាមវ័យរបស់ពួកគេ បើទោះជាស្ថានភាពនៅតាមព្រំដែនមិនទាន់មានភាពប្រក្រតីក៏ដោយ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឆ្នាំសិក្សា២០២៥-២០២៦ នេះ ជាឆ្នាំសិក្សាដែលក្រសួងអប់រំផ្តោតការយកចិត្តទុក ដាក់បន្ថែមចំពោះកុមារ ឬសិស្សដែលវិលត្រលប់ពីប្រទេសថៃ ឱ្យបានចូលរៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬទីកន្លែងសិក្សានានា ដើម្បីធានាឱ្យកុមារ សិស្សទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត។

នៅក្នុងអង្គប្រជុំបានពិនិត្យពិភាក្សាផ្លាស់ប្តូរយោបល់ ប្រមូលធាតុចូលដើម្បីបន្តកែលម្អសេចក្តីព្រាងនេះ លើចំណុចសំខាន់ៗ មួយចំនួនដូចជា វិធីសាស្ត្រក្នុងការទទួលកុមារ ឬសិស្សដែលវិលប្រឡប់ពីប្រទេសថៃ, លក្ខខណ្ឌក្នុងការដាក់ពាក្យចូលរៀន, កម្មវិធីបំប៉នបន្ថែមសម្រាប់សិស្សរៀនខ្សោយ, ការត្រៀមមុនថ្ងៃបើកបវេសនកាល ឆ្នាំសិក្សា​២០២៥-២០២៦, ការរៀបចំការបង្រៀននិងរៀន ,ការរៀបចំថ្នាក់រៀន ឬទីកន្លែងសិក្សា,ការរៀបចំសម្ភារសិក្សា និងការផ្គត់ផ្គង់,ការរៀបចំគ្រូបង្រៀន, ការចូលរួមរបស់សហគមន៍ និងដៃគូអភិវឌ្ឍ, ពិនិត្យតាមដាន និងវាយតម្លៃការសិក្សា។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមានពលករខ្មែរបានវិលត្រលប់មកពីប្រទេសថៃប្រមាណជិត១លាននាក់ក្នុងនោះមានពលករប្រមាណជាង១ម៉ឺននាក់ទទួលបានការងារធ្វើភ្លាមៗ និងពលករផ្សេងៗទៀតកំពុងចុះឈ្មោះរកការងារធ្វើជាមួយក្រុមហ៊ុនសហគ្រាសនានាដែលបានចុះទៅតាមមូលដ្ឋានដែលពូកគេរស់នៅ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម