Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេស​ជំរុញអាស៊ានឱ្យបង្កើត​ក្រុម​អ្នកសង្កេតការណ៍លើបទឈប់បាញ់​ឱ្យបាន​ឆាប់ 

បានផុស

នៅ

រដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេស​លោកស្រី អ៊ាត សោភា បាន​អំពាវនាវ​ទៅ​​ប្រធាន​អាស៊ាន ប្រទេស​ម៉ាឡេស៊ី និង​ដៃគូពាក់ព័ន្ធ​ផ្សេង​ទៀត​ពន្លឿន​ការ​បង្កើត​ក្រុមអ្នក​សង្កេត​ការណ៍​អាស៊ាន (AOT) បន្ទាប់ពី​សម្ដែង​ក្ដី​កង្វល់​ចំពោះ​ការ​គំរាម​កំហែង​លើ​បទ​ឈប់​បាញ់​ពី​ប្រទេស​ថៃ​។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងកិច្ចប្រជុំ​សង្ខេប​ព័ត៌មាន ជូន​ដល់​សមាជិក​អង្គទូត​បរទេស និង​តំណាង​ទីភ្នាក់​ងារ​អង្គការ​សហប្រជាជាតិប្រចាំ​កម្ពុជាស្ដីពី​ការ​វិវត្តថ្មីៗនៃ​សភាព​ការណ៍​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ២០២៥ លោកស្រី អ៊ាត សោភា បាន​លើក​ឡើង​ពី​សកម្មភាព​របស់​ទ័ព​ថៃដែល​រួម​មាន​ការ​ចល័តទ័ព ការ​ធ្វើ​ផ្លូវ​និង​ជីកលេណដ្ឋានដោយ​ប្រើប្រាស់​គ្រឿងចក្រធុនធ្ងន់ ការ​ប្រើប្រាស់​ដ្រូន​រំលោភ​ចូល​មក​ក្នុង​ដែន​អាកាស​កម្ពុជា ការបំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង និងការ​រាយលួស​បន្លា និង​ដាក់​របាំង​ផ្សេងៗ។ លោកស្រី​បាន​ចាត់​ទុក​សកម្មភាព​ទាំង​នេះ​បាន​គំរាម​កំហែង​ជា​ខ្លាំង​លើ​បទ​ឈប់​បាញ់​ដែល​ផុយ​ស្រួយ។ 

ក្នុងសេចក្ដី​ប្រកាសព័ត៌មាន​ចុះ​ថ្ងៃទី​១៧ ខែ​សីហា​ ក្រសួង​ការបរទេស​បាន​ចុះ​ផ្សាយ​ខ្លឹម​សារនៃ​កិច្ចប្រជុំ​នោះ​ថា៖ «ដោយ​អះអាច​ជា​ថ្មី​អំពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​របស់​កម្ពុជា​ចំពោះ​បទ​ឈប់​បាញ់លោកជំទាវ​ អ៊ាត សោភា បាន​អំពាវនាវ​ដល់​ប្រទេសម៉ាឡេស៊ីក្នុង​នាម​ជា​ប្រធាន​អាស៊ាន និង​ដៃគូពាក់ព័ន្ធ​ផ្សេង​ទៀត ឱ្យ​ពន្លឿន​ការ​បង្កើត​ក្រុម​អ្នក​សង្កេង​ការណ៍អាស៊ាន (AOT) ជាពិសេស​តាម​រយៈការ​បញ្ចប់​ឱ្យ​បាន​ឆាប់​នៃ​លក្ខខណ្ឌ​ប្រតិបត្តិ​ (TOR)»។ 

លោកស្រីបាន​ជំរុញ​ដល់​ប្រទេស​ថៃ​ឱ្យ​គោរព​ និង​អនុវត្ត​ឱ្យបាន​ពេញ​លេញ​នូវ​កិច្ចព្រមព្រៀង​នៃ​បទ​ឈប់បាញ់ និង​ក្លាហាន​មក​ដោះស្រាយ​បញ្ហា​ព្រំដែន​តាម​ច្បាប់​អន្តរជាតិ​។ 

លោកស្រីបញ្ជាក់​ថា៖ «ពុំ​មាន​ព្រំដែនអន្តរជាតិ​ណា​ត្រូវ​បាន​ ផ្លាស់ប្ដូរដោយ​ការ​ប្រើប្រាស់​កម្លាំង​នោះ​ទេ»។ 

កម្ពុជា​ថៃ​បាន​ឈាន​ចូល​ដល់​ការ​អនុវត្តន៍​បទ​ឈប់បាញ់​កាលពី​ពាក់កណ្ដាល​យប់​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ២០២៥ បន្ទាប់​ពី​ប្រយុទ្ធគ្នា​៥ថ្ងៃ។ បន្ទាប់ពី​នោះក៏​មាន​កិច្ចប្រជុំ​នៃ​គណៈកម្មការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ GBC នៅ​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ២០២៥​ ដើម្បី​បង្កើតលក្ខខន្ត​ធានា​ឱ្យ​បាន​នូវ​សន្ដិភាព និង​ស្ថេរភាពលើ​បញ្ហាព្រំដែន​នេះ ទោះ​ជា​យ៉ាង​ណា​ថៃ​បាន​បំពាន​ជា​បន្តបន្ទាប់​ដោយ​រួម​មាន​ការ​រាយបន្លាលួស ការ​ដើរ​ចូលដី​ខ្មែរ​ជាន់​មីន និង​ព័ទ្ធ​យក​ផ្ទះ​ពលរដ្ឋ​ខ្មែរ​នៅ​ព្រំដែន​ទៀត​ផង។ 

ក្នុង​កិច្ច​ប្រជុំ RBC នៅព្រឹក​ថ្ងៃទី​១៦ ខែ​សីហា ដែល​ធ្វើ​នៅខេត្ត​ត្រាតប្រទេស​ថៃ មេបញ្ជាការ​ភូមិ​ភាគ​ទី​៣កម្ពុជាលោក ឧត្តម​សេនីយ៍ទោ អ៊ុយ ហៀង បាន​ប្រាប់​ទៅ​ថៃ​ថាសកម្មភាព​របស់​ថៃ​ដែល​បាន​ចូល​មក​រាយ​បន្លា​លួស និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធដែល​មាន​ស្រាប់ ពិសេស​លំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ ឬ​មិន​ពិត​ពី​ប្រទេស​ថៃ​កំពុង​តែ​បំផ្លាញ​ទំនុក​ចិត្ត​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​បង្កើ​ត​បរិយាកាស​រក្សា​ស្ថេរិភាព និង​សន្ដិភាព​ជាមួយ​កម្ពុជា។

ក្នុង​ពេល​ដែល​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួម​ប្រជុំមេគង្គ​-ឡានឆាង នៅប្រទេស​ចិនកាលពី​ថ្ងៃទី​១៥ ខែ​សីហា ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​ចិនលោក ប្រាក់ សុខុន បាន​លើក​ឡើង​ថា​ឧបសគ្គ​ចម្បង​នៃ​ទំនាក់ទំនង​ជាមួយ​ថៃឡើង​វិញ​ពេល​នេះ​គឺទំនុក​ចិត្ត។ 

ប្រធានវិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា លោកបណ្ឌិត​ គិន ភា បានលើក​ឡើង​ក្នុង​វេទិកា​អ្នក​ជំនាញ​កម្ពុជា​ថ្មី​កាលពីថ្ងៃទី​៩ ខែ​សីហា កន្លង​ទៅ​ថា ពិបាក​ក្នុង​ការ​និយាយ​ថា​ពេល​ណា​ដែល​កម្ពុជា​និង​ថៃ​អាច​ទុក​ចិត្ត​គ្នា​ឡើង​វិញ​ណាស់​ នៅពេល​ដែល​ស្ថានភាព​ព្រំដែន​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ដូចបច្ចុប្បន្ន​នេះ។

លោកបណ្ឌិត គិន ភា ​មើល​ឃើញ​ដំណោះស្រាយមួយ​ចំនួន​ដែល​អាច​នាំ​ឱ្យ​ប្រទេសទាំង​ពីរអាច​ស្ដារទំនាក់ទំនង​ការ​ទុកចិត្ត​គ្នា​ឡើង​វិញ​បាន​នោះគឺ​ការ​គោរពបទ​ឈប់បាញ់ បើក​ព្រំដែន​ឡើង​វិញ ប្រក្រតីកម្មនៃ​ទំនាក់ទំនង​ការទូត រៀបចំ​យន្ត​ការ​ដើម្បី​លើក​កំពស់​ទំនាក់ទំនង និងអ្វីដែលសំខាន់ជាង​គេ​នោះគឺ​​រៀបចំ​ការ​បោះបង្គោល​ព្រំដែនរវាង​ប្រទេសទាំង​ពីរ​ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀង​​ឱ្យបាន​រួចរាល់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម