Connect with us

ព័ត៌មានជាតិ

រឿងចង់ចាប់ថ្នាក់ដឹកនាំកម្ពុជា រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់ទៅមេដឹកនាំថៃឱ្យ«រៀនធ្វើចរិកឱ្យថ្លៃថ្នូរ និងរៀនសូត្រពីច្បាប់ និងការទូតផង»

បានផុស

នៅ

ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានសម្តែងការហួសចិត្ត និងមិននឹកស្មានថា មេដឹកនាំថៃ ហាមាត់ទៅរួច«ករណីចាប់ខ្លួនសម្ដេចតេជោ និងសម្ដេចធិបតី ប្រសិនរកឃើញនៅក្នុងប្រទេសថៃ»។ លោកថា នយោបាយផ្ទៃក្នុងថៃ ច្របូកច្របល់ តែមេដឹកនាំថៃ គួរមានចរិតចាស់ទុំ ថ្លៃថ្នូរ និងចេះរៀនសូត្រពីភាពលេចធ្លោរបស់មេដឹកនាំខ្មែរ និងបោះពាក្យទៅមេដឹកនាំថា «ខ្មែរក្រជាងថៃ តែខ្មែរថ្លៃថ្នូរជាងថៃ!»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«វាជារឿងហួសចិត្ត និងមិននឹកស្មានថា មេដឹកនាំថៃ ហាមាត់ទៅរួច ករណីចាប់ខ្លួនសម្ដេចតេជោ និងសម្ដេចធិបតី ប្រសិនរកឃើញនៅក្នុងប្រទេសថៃ។ បើមិនយល់ទិដ្ឋភាពច្បាប់អន្តរជាតិ ក៏ត្រូវឈ្វែងយល់អំពីការទូតក្នុងទំនាក់ទំនងអន្តរជាតិដែរ។ ឬមួយមិនយល់ទាំងពីរនេះ? បើមែននោះ មេដឹកនាំបែបនេះ នឹងនាំថៃ ដើរថយក្រោយ លក់មុខយុវជន ប្រជាជន និងបញ្ញវន្តថៃទាំងមូល ឱ្យរងភាពអាម៉ាសហើយ»។ នេះ គឺជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅលើហ្វេសប៊ុក នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ។ លោកបន្តថា បើមេដឹកនាំបែបនេះ វាមិនស្មើនឹងយុវជន ប្រជាជនភាគច្រើន ដែលគេយល់ច្បាប់ និងការទូតរវាងរដ្ឋនិងរដ្ឋដែរ ជាពិសេស អ្នកនយោបាយបន្តវេនថៃបច្ចុប្បន្ន ដែលគេមានចំណេះដឹងគ្រប់គ្រាន់អាចធ្វើមូលវិចារណ៍សម្ដីនេះបាន។

ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនេះ គឺជាការឆ្លើយតបទៅនឹងការអះអាងរបស់លោកPhumtham Wechayachai នាយករដ្ឋមន្រ្តីស្តីទីដែលបានប្រកាសតាមសារព័ត៌មានពីប្តឹងសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅតុលាការថៃរឿងធ្វើបាត់បង់ជីវិត និងទ្រព្យស៊ីវិលដោយសារតែប្រយុទ្ធគ្នារវាងកងទ័ពឈ្លានពានថៃ និងកងទ័ពការពារជាតិកម្ពុជា។ ជាមួយគ្នានេះ លោកក៏ប្រកាសថា ប៉ូលីសថៃនឹងចាប់ឃាត់ខ្លួនសម្តេចទាំងទ្វេភ្លាម បើសិនមានវត្តមាននៅក្នុងប្រទេសថៃនោះ។

លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានអះអាងថា បើទោះជាសម្ដីរបស់លោក Phumtham Wechayachai នេះ ដើម្បីតែយកចិត្តយោធា យកចិត្តមនុស្សថៃ មួយចំនួនណានោះ ឬគ្រាន់តែជាសារនយោបាយបង្វែរទំនាស់ផ្ទៃក្នុងរបស់ខ្លួនក៏ដោយ ក៏គួររកវិធីផ្សេងក្រៅពីកំហុសជាន់លើកំហុសបែបនេះក្នុងនាមជាថ្នាក់ដឹកនាំប្រទេសមួយ។ ប៉ុន្តែ បើសិនជាចិញ្ចឹមចិត្តចង់បានដីខ្មែរតជំនាន់ គឺមេដឹកនាំថៃ ប្រជាជនថៃ មួយអន្លើណានោះ បច្ចុប្បន្ន គួរតែហ៊ានទទួលស្គាល់ពីភាពចាស់ទុំ របៀបធ្វើនយោបាយដ៏ឈ្លាសវៃរបស់មេដឹកនាំខ្មែរ និងសិក្សាឱ្យច្បាស់ពីមេដឹកនាំកម្ពុជា ជាមុន ដែលលោកពោរពេញដោយនយោបាយសីលធម៌ វិន័យការទូត និងច្បាប់អន្តរជាតិ មានក្លិនក្រអូបក្នុងតំបន់ និងឆាកអន្តរជាតិ។ ទោះមិនបង្ហាញដោយចំហ អ្នកនយោបាយថៃ បច្ចុប្បន្នមួយចំនួននោះ ក៏គួរឆ្លាត ចេះលួចសង្កេត លួចស្វ័យពិចារណា រៀនសូត្រពីបទពិសោធជាក់ស្ដែង និងឥរិយាបថនយោបាយដ៏លេចធ្លោ ជាពិសេសពីសម្ដេចតេជោ ហ៊ុន សែន និងភាពជាអ្នកបន្តវេនប្រកបដោយទំនុកចិត្តសម្រាប់ជាតិ និងប្រជាជនខ្មែរ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ នេះបើតាមលោក ស សុខា ដដែល។

មែនទែនទៅ យុវជន ប្រជាជន អ្នកវិភាគ និងអ្នកនយោបាយថៃ បានចេញសារតាមបណ្ដាញសង្គមរួចទៅហើយ ទទួលស្គាល់សមត្ថភាពសម្ដេចតេជោ ថ្នាក់ដឹកនាំកម្ពុជា និងកម្ពុជាទាំងមូលថាខ្លាំង ដើរមុនថៃ និងមានពិសោធន៍ឆ្លាតជាងអ្នកនយោបាយថៃ ដែលសុំរំលេចតែ លោក ស៊ិនធិលឹមថងគុល ជាអ្នកនយោបាយស្និទនឹងលោក ថាក់ស៊ីន ចាកចេញពីគណបក្សភើថៃ ទៅរួមជីវភាពនយោបាយជាមួយក្រុមអាវលឿងម្នាក់ទៅចុះ ដែលថ្មីៗនេះ បានផ្ដល់បទសម្ភាសតាមទូរទស្សន៍ថៃ វាយតម្លៃខ្ពស់លើសម្ដេចតេជោ និងដាក់ពិន្ទុទាបលើលោក ថាក់ស៊ីន។ ត្រង់ចំណុចនេះ លោក ស សុខា សួរត្រឡប់ទៅវិញ ក្រៅពីប្រជាជនខ្មែរ គឺមានតែអ្នកនយោបាយមួយក្ដាប់តូច ដែលកំពុងដឹកនាំប្រទេសថៃ តាមវិធីក្បត់សំឡេងម្ចាស់ឆ្នោត និងប្រជាជនថៃជ្រុលនិយមដ៏រញ៉េរញ៉ៃដូចសព្វថ្ងៃនេះឬ ដែលស្គាល់សម្ដេចតេជោ និង សម្ដេចធិបតី? ចុះមេដឹកនាំប្រទេស និងប្រជាជនក្នុងតំបន់ ក៏ដូចជា លើពិភពលោក ដ៏ធំទូលាយនេះ គេមិនស្គាល់សម្ដេចតេជោ គេមិនស្គាល់សម្ដេចធិបតីទេ ឬយ៉ាងម៉េច? ច្បាស់ណាស់! មជ្ឈដ្ឋានអន្តរជាតិជាទូទៅ គេគ្មានវាសនាអាក្រក់ដូចអ្នកនយោបាយ និងប្រជាជនជ្រុលនិយមថៃ ដែលបណ្ដោយខ្លួនឱ្យក្លាយជាកង្កែបក្នុងអណ្ដូងនោះឡើយ។

ជាក់ស្ដែងណាស់ សម្ដេចតេជោ ហ៊ុន សែន ក៏មិនខុសពីជនរួមជាតិខ្មែរទូទាំងប្រទេសដែរ។ សម្ដេច បានបង្ហាញការហួសចិត្តចំពោះនាយករដ្ឋមន្ត្រីស្ដីទីថៃ ដែលបាននិយាយប្រាប់ក្រុមអ្នកកាសែត អំពីកិច្ចខិតខំប្រឹងប្រែងដ៏វង្វេងវង្វាន់របស់ខ្លួន ដើម្បីប្រើវិធានការច្បាប់មកលើសម្ដេចតេជោ និងសម្ដេចធិបតី។ តាមរយៈទំព័រហ្វេសប៊ុកសម្ដេចតេជោ បានសរសេរបញ្ជាក់ថា ប្រសិនបើការចុះផ្សាយរបស់កាសែត ជាសម្តីពិតរបស់នាយករដ្ឋមន្ត្រីស្តីទី ជិតផុតអាណត្តិនោះ វាជាការបង្ហាញឱ្យឃើញថា នាយករដ្ឋមន្ត្រីរូបនេះ ជា«មនុស្សព្រៃ ជាអ្នកនយោបាយមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ ហើយថែមទាំងមិនចេះការទូតទៀតផង»។

សម្រាប់លោកឧបនាយករដ្ឋមន្រ្តី ស សុខា តើនាយករដ្ឋមន្ត្រីស្ដីទីថៃរូបនោះ យកមុខទៅទុកឯណា? តើប្រជាជនថៃជ្រុលនិយម ដែលគាំទ្រសម្ដីមេដឹកនាំឡើងបុណ្យតាមខ្យល់គ្មានទិសរូបនេះ យកមុខទៅទុកឯណា? បើយុវជន ប្រជាជន បញ្ញវន្តថៃ ផ្សេងទៀត ដែលមានការយល់ដឹង និងថ្លៃថ្នូរ យកខ្លឹមសារបង្ហោះរបស់ សម្ដេចតេជោ ទៅចោទសួរ? គឺខ្លឹមសារដែល សម្ដេច លោកបានសរសេរឆ្លើយតបងាយៗថា ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជា ក៏អាចចាប់មេដឹកនាំថៃមួយចំនួន ដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អ ឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញ ក្រោយកិច្ចព្រមព្រៀងឈប់បាញ់?។ នេះ មិនទាន់គិតពីការកើតអារម្មណ៍ជ្រេញ និងការសើចចំអកពីសំណាក់មេដឹកនាំក្នុងតំបន់ និងពិភពលោក ចំពោះសម្ដី និងឥរិយាបថចម្លែកៗបែបមិនថ្លៃថ្នូររបស់មេដឹកនាំថៃនោះផង។

លោកបញ្ជាក់ថា ៖«ជាថ្មីម្ដងទៀត! ខ្ញុំនៅតែផ្ដល់តម្លៃខ្ពស់ចំពោះពាក្យមួយឃ្លាថា”ខ្មែរក្រជាងថៃ តែខ្មែរថ្លៃថ្នូរជាងថៃ!” ខ្ញុំក៏សូមយកឱកាស បញ្ជាក់ក្នុងនាមជាកូនខ្មែរ គឺរូបខ្ញុំ ក៏មិនខុសពីប្រជាជនកម្ពុជា ក្មេងចាស់ ប្រុសស្រី ទាំងក្នុង និងក្រៅប្រទេសផ្សេងទៀតដែរ ពួកយើង មានស្មារតីរួបរួមសាមគ្គីក្នុងនាមជាខ្មែរយ៉ាងរឹងមាំល្អណាស់! ពួកយើង បាននឹងកំពុងគោរព និងអនុវត្តគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល គោលនយោបាយរបស់គណបក្ស យ៉ាងម៉ឹងម៉ាត់ និងប្រកបដោយវិន័យខ្ពស់! ពោល គឺពួកយើង គ្មានថ្ងៃឱ្យស្មារតីជាតិ និងក៏គ្មានថ្ងៃបណ្ដែតបណ្ដោយឱ្យការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សរបស់យើង មានភាពរញ៉េរញ៉ៃ នាំឱ្យអាប់ឱនដល់កិត្តិយសជាតិ យុវជន ប្រជាជន និងបញ្ញវន្តកម្ពុជាដូចថៃ នោះឡើយ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម