Connect with us

ព័ត៌មានជាតិ

មណ្ឌលគិរី! បេក្ខជនត្រៀមប្រឡងបាក់ឌុបជាង ៧០០នាក់ ក្នុងនោះមានសិស្សជនជាតិដើមភាគតិច កើនជាងឆ្នាំមុន

បានផុស

នៅ

នៅសល់តែជាងមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ នឹងខិតចូលមកដល់ ខណៈខេត្តមណ្ឌលគិរី ដែលស្ថិតនៅតំបន់ភ្នំ មានសិស្សានុសិស្សត្រៀមចូលរួមប្រឡងជាង៧០០ នាក់។

លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី បានប្រាប់(កម្ពុជាថ្មី)នៅរសៀលថ្ងៃទី១៩ខែសីហានេះថា សម្រាប់ខេត្តមណ្ឌលគិរី បានត្រៀមខ្លួនជាស្រេចសម្រាប់ដំណើរការប្រឡងនេះ ដោយក្នុងនោះបានរៀបចំទីតាំងមណ្ឌលប្រឡង និងការត្រៀមវិធានការសុខភាពផងដែរ។

លោក លី សាមិ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបញ្ជាក់ថា៖« សម្រាប់សិស្សដែលជាបេក្ខជនដែលត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥នេះ មានសិស្សត្រៀមខ្លួនសរុបចំនួន ៧២៣នាក់ ស្រី៤០៥ ក្នុងនោះមានបេក្ខជន ជនជាតិដើមភាគតិច២២៥នាក់ ស្រី១៣៧ កើន៤៩ នាក់ ជនជាតិដើមភាគតិច១៦នាក់ ផងដែរ»។ បើតាមលោកអ្នកនាំពាក្យអប់រំ ក្នុងនាមមន្រ្តីជំនាញបានរៀបចំមណ្ឌលប្រឡងចំនួន២ទីតាំង គឺវិទ្យាល័យហ៊ុន សែន មណ្ឌលគិរីខាងកើត និងវិទ្យាល័យហ៊ុនសែនមណ្ឌលគិរីខាងលិច សម្រាប់ការប្រឡងប្រព្រឹត្តទៅរយៈពេលពីថ្ងៃ គឺថ្ងៃទី២៨ដល់២៩ខែសីហាឆ្នាំ២០២៥។

លោកក៏បានជំរុញឱ្យសិស្សទាំងអស់ ដែលត្រៀមខ្លួនប្រឡងនៅថ្ងៃខាងមុខនេះ ឱ្យស្វ័យសិក្សាបន្ថែមនៅក្រៅម៉ោងសិក្សា ធ្វើយ៉ាងណាឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនេះទទួលបាននិទេសពន្ទុល្អគ្រប់ៗគ្នា។

មុនការប្រឡងមកដល់ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥»  ដើម្បីផ្តល់ព័ត៌មានពិស្តារអំពីដំណើរការប្រឡង។ សន្និសីទនេះ នឹងរៀបចំឡើងនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ វេលាម៉ោង ១៤:៣០នាទី រសៀល ទីតាំងនៅអគារទីស្តីការក្រសួងអប់រំ។

គួរជម្រាបថា ក្នុងបរិបទស្ថិតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងអប់រំក៏បានចេញសេចក្តីណែនាំទៅកាន់រាជធានីខេត្ត ស្ដីពីវិធានការសុខភាព និងសុវត្ថិភាព និងវិធានការផ្សេងៗ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ជាមួយគ្នានេះ ក្រសួងនឹងផ្តល់ប្រាក់ឧបត្ថម្ភ និងកន្លែងស្នាក់នៅដល់បេក្ខជនជាជនភៀសសឹករស់នៅខេត្តព្រះវិហារ និងខេត្តឧត្តរ​មានជ័យ ដើម្បីបង្កលក្ខណៈងាយស្រួល៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម