Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងដាក់ឱ្យអនុវត្តសាកល្បងគន្លងអប់រំថ្មី ដើម្បីជួយសិស្សចាប់យកជំនាញច្បាស់លាស់

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានឱ្យដឹងថា​ សម្រាប់ការសិក្សាឆ្នាំថ្មី ក្រសួងនឹងដាក់ឱ្យអនុវត្តគន្លងអប់រំថ្មី ដើម្បីជួយសិស្សចាប់យកជំនាញច្បាស់លាស់ និងអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យកាន់តែរឹងមាំ។ គន្លងអប់រំថ្មីរួមមាន ថ្នាក់គន្លងវិទ្យាសាស្រ្ត វិទ្យាសាស្រ្តសង្គម និងគន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី១០ ឡើងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំស្តីពី ការអនុវត្តសាកល្បងគន្លងអប់រំថ្មី នៅវិទ្យាល័យទេពប្រណម្យ ខេត្តកណ្តាល កាលពីថ្ងៃទី ២៥ ខែ
សីហា លោក ហង់ជួន ណារ៉ុន បានឱ្យដឹងថា ក្រសួងអប់រំនឹងសាកល្បងអនុវត្តគន្លងអប់រំថ្មីនៅឆ្នាំសិក្សា២០២៥-២០២៦ ខាងមុខ។ លោកថា ការសាកល្បងអនុវត្តគន្លងអប់រំថ្មីរួមមាន គន្លងវិទ្យាសាស្រ្ត វិទ្យាសាស្រ្តសង្គម និងគន្លងវិជ្ជាជីវៈ នឹងដាក់ឱ្យអនុវត្តចាប់ពីថ្នាក់ទី១០ នៅតាមវិទ្យាល័យគោលដៅមួយចំនួន។

គ្រឹះស្ថាន និងវិទ្យាល័យគោលដៅដែលក្រសួងត្រៀមដាក់ឱ្យអនុវត្តសាកល្បងទាំងនោះរួមមាន វិទ្យាល័យដែលមានអគារធនធាន, វិទ្យាល័យមានមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលសហគមន៍, គ្រឹះស្ថានសិក្សាអប់រំបច្ចេកទេស,វិទ្យាល័យស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ដែលមានដំណើរការសេដ្ឋកិច្ច។ លោក ហង់ជួន ណារ៉ុន បញ្ជាក់ថា៖«ការអនុវត្តគន្លងសិក្សាថ្មី នឹងជួយឱ្យសិស្សមានលទ្ធភាពទទួលបានការអប់រំមួយដែលមានជំនាញច្បាស់លាស់ និងកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សដែលសាលារៀនស្ថិតនៅកម្រិតខ្ពស់ និងមានភាពទាក់ទាញឱ្យមានការចូលរួមកាន់តែខ្លាំងឡើងពីសហគមន៍សាលារៀន»។

ជាមួយគម្រោងដាក់ឱ្យអនុវត្តកម្មវិធីសិក្សាថ្មីនេះ លោកឧបនាយករដ្ឋមន្ត្រី ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តគន្លងអប់រំថ្មីឱ្យទទួលបានជោគជ័យដើម្បីឈានទៅសម្រេចគោលដៅរួមគ្នាជាច្រើនបន្ថែមទៀតក្នុងបុព្វហេតុអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យកាន់តែរឹងមាំ។

លោករំលឹកថា ការរៀបចំឱ្យមានគន្លងអប់រំថ្មីនេះ គឺតបតាមអនុសាសន៍របស់នាយករដ្ឋមន្រ្តី សម្តេចធិប​តី ហ៊ុន ម៉ាណែត ដែលចង់បង្កលក្ខណៈកាន់តែច្រើនដើម្បីឱ្យសិស្សចូលរៀនបន្ថែមទៀតនៅកម្រិតមធ្យមសិក្សា ទាំងបឋមភូមិ និងទុតិយភូមិ និងមានគោលដៅបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធអប់រំបច្ចុប្បន្នឱ្យឆ្លើយតបនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា សំដៅកាត់បន្ថយអត្រាបោះបង់ការសិក្សា។ ជាពិសេស ការអនុវត្តគន្លងអប់រំថ្មី នឹងជួយសម្រាលស្ថានភាពយុវជន ឬកុមារនៃគ្រួសារពលករកម្ពុជាដែលវិលត្រឡប់ពីប្រទេសថៃ មានការលំបាកក្នុងការចាប់យកការសិក្សាចំណេះទូទៅអាចចាប់​ផ្តើមចូលរៀនកម្មវិធីស្ពានចម្លងស្របតាមវ័យរបស់ពួកគេ ដើម្បីទទួលចំណេះជំនាញច្បាស់លាស់សម្រាប់កសាងអនាគត។

លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមការងារគោលនយោបាយ ត្រូវសហការជាមួយក្រសួងការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ បន្តសិក្សាបន្ថែមពីទីផ្សារការងារ និងជំនាញដែលមានតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត កែប្រែទស្សនទានពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ដែលនេះមិនមែនសម្រាប់តែសិស្សរៀនខ្សោយទេ សិស្សដែលខ្លាំងក៏អាចចូលរៀនបានដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម