Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ចាប់ផ្តើមបើកដំណើរការប្រឡងបាក់ឌុបនៅព្រឹកនេះ ជាមួយបេក្ខជនជាង១៤ម៉ឺននាក់នៅទូទាំងប្រទេស

បានផុស

នៅ

ក្រសួងអប់រំយុវជននិងកីឡា បានចាប់ផ្តើមបើកដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅព្រឹកថ្ងៃទី២៨ និង២៩សីហានេះហើយជាមួយបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ចែកជា២៤១មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ចែកជា៧២ មណ្ឌល ត្រូវជា ១ ៦៥៥បន្ទប់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់ ចែកជា១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខនេះបើធៀបទៅនឹងឆ្នាំមុនឃើញថា មានការកើនឡើង ខណៈឆ្នាំមុនមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ ស្រី ៧៤ ៨៨២ នាក់ ចែកជា ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះមានបេក្ខជនមកប្រឡងចំនួន ១៣៤ ៦៣៤ នាក់ ស្រី ៧៣ ៩៦៧នាក់ និងមានបេក្ខជនប្រឡងជាប់ទូទាំងប្រទេសសរុប ១០៦ ៣៥១ នាក់ ត្រូវជា៧៩.០០ ភាគរយ នៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៤ ៦៣៤ នាក់។ ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣
នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា នឹងអញ្ជើញបើកប្រធានវិញ្ញាសាប្រឡងបាក់ឌុបជានិមិត្តរូបនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្ត្រីជាច្រើនទៀត។

លោកបណ្ឌិត សភាចារ្យ ហង់ជូន ណារ៉ុន បានធ្វើការអំពាវនាវដល់បេក្ខជនប្រឡងទាំងអស់ត្រូវគោរពបទបញ្ញាតការប្រឡងឱ្យបានល្អប្រសើរ ពិសេសមិនត្រូវយកតាមខ្លួននូវឧបករណ៍អេឡេចត្រូនិចគ្រប់ប្រភេទេ ឬសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង និងបន្ទប់ប្រឡងជាដាច់ខាត និងមិនត្រូវប្រព្រឹត្តិសកម្មភាពផ្ទុយនឹងបទបញ្ញាតនៃការប្រឡងឡើយ និងខិតខំថែរក្សាអនាម័យ និងសុខភាពឱ្យបានល្អ និងត្រូវទទួលទានដំណេក និងទទួលទានអាហារ ឬទឹកស្អាតឱ្យបានគ្រប់គ្រាន់ ពិសេសទទួលទានអាហរពេលព្រឹកឱ្យបានគ្រប់គ្រាន់ដើម្បីក្មួយៗមានមានភាពក្លាហានអារម្មណ៍ និងប្រកបដោយភាពជឿជាក់ និងប្រុងប្រយ័ត្នក្នុងពេលប្រឡង។ ត្រូវគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើដំណើរទៅ និងមកមណ្ឌលប្រឡង និងសូមជូនពរក្មួយៗទទួលបានលទ្ធផលល្អក្នុងពេលប្រឡងឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះក្រសួងអប់រំបានហាមមិនឱ្យសរសេរ ឬថតចម្លងប្រធានវិញ្ញាសា និងបង្ហោះចែកចាយប្រធានវិញ្ញាសាទាំងនោះតាមគ្រប់រូបភាពនៅតាមបណ្តាញសង្គមនានាក្នុងដំណើរការសំណេរប្រឡងឡើយដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និងទទួលទណ្ឌកម្មនានា។

តើបេក្ខជនអាចយកសម្ភារៈអ្វីខ្លះចូល និងមិនអនុញ្ញតឱ្យយកចូលក្នុងបន្ទប់ប្រឡង?

បើតាមក្រសួងអប់រំ សម្ភារៈដែលក្រសួងអនុញ្ញាតឱ្យបេក្ខជនយកចូលបន្ទប់ប្រឡងបានរួមមាន ប៊ិកពណ៍ខៀវ, ខ្មៅដៃ, បន្ទាត់, ដែកឈាន និង រ៉ាប់ព័រទ័រ។ ចំណែកដែលសម្ភារៈដែលមិនអនុញ្ញាតឱ្យនាំចូលក្នុងបន្ទប់ប្រឡងរួមមាន សៀវភៅ និងសំណៅឯកសារគ្រប់រូបភាព, អាវុធជាតិផ្ទុះ, ទូរស័ព្ទដៃ,ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ, ប្រដាប់គិតលេខ, នាឡិកាដៃ ដែលមានប្រដាប់គិតលេខ, កាតាប, កាបូបយួរដៃ, ថង់សម្ពៀត ឬកញ្ចប់ផ្សេងៗ រួមទាំងទឹកលុបពណ៌ស ផងដែរ។

ក្រៅពីនេះក្រសួងអប់រំក៏បានហាមបេក្ខជនមិនត្រូវចូលបន្ទប់ប្រឡងមុនអនុរក្សហៅឈ្មោះ មិនត្រូវប្រើពាក្យសម្តី ឬកាយវិការមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះក្នុងមណ្ឌលប្រឡង បន្ទប់ប្រឡង ដោយគំរាមកំហែងដល់បេក្ខជនដទៃទៀត មិនត្រូវបដិសេធប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសម្តី កាយវិការចំពោះការត្រួតពិនិត្យរបស់អ្នកមានសមត្ថកិច្ច ឬមេប្រយោគក្នុងការពិនិត្យរកមើលសំណៅឯកសារ និងសម្ភារៈផ្សេងៗដែលត្រូវហាមឃាត់មិនឱ្យយកចូលមណ្ឌលប្រឡង។ ពេលប្រឡង បេក្ខជនមិនត្រូវធ្វើចម្លើយវិញ្ញាសាលើសន្លឹកកិច្ចការណាដែលគ្មានហត្ថលេខាអនុរក្សទេ ក៏មិនត្រូវចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញពីបន្ទប់ប្រឡងដាច់ខាត។

បេក្ខជនមិនត្រូវងើបឈរ ងាកឆ្វេងស្តាំ អើតឈ្ងោកមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែងដោយគ្មានការអនុញ្ញាពីអនុរក្សនោះទេ។ មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗ ឮដល់អ្នកជិតខាង ឬទាញយកសន្លឹកកិច្ចការអ្នកដទៃមកដាក់ពីមុខ
ឬដាក់ក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ។ ជាមួយគ្នានេះដែរបេក្ខជនមិនត្រូវប្តូរសន្លឹកកិច្ចការ ក្រដាសព្រាង ផ្ទៀងផ្ទាត់
ឬចម្លងគ្នាទេ ហើយក៏មិនត្រូវដាក់សន្លឹកកិច្ចការឆ្ងាយពីមុខខ្លួនពេកដែលអាចឱ្យអ្នកដទៃមើលបាន​ ឬឆក់យកទៅបាន

បេក្ខជនមិនត្រូវធ្វើសញ្ញាសម្គាល់អ្វីមួយលើសន្លឹកកិច្ចដែលឱ្យគេស្គាល់អាគតដ្ឋានរបស់ខ្លួន ដូចជាសរសេរអក្សរប្លែកពីតួអក្សរទាំងអស់ក្នុងកិច្ចការ ធ្វើសញ្ញាផ្សេងៗ ឬគូសបន្ទាត់ខុសប្រក្រតី ឬសរសេររំលងបន្ទាត់ជាដើម។​មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងអ្នកដទៃទេ។ បេក្ខជនមិនត្រូវបំផ្លាញ ឬធ្វើឱ្យខូចខាតសម្ភារៈក្នុងបន្ទប់ប្រឡង ដូចជាដោះទ្វារ
បង្អួច ធ្វើឱ្យរបើកជញ្ជាំងក្តារ ធ្វើឱ្យបាក់បែកតុ កៅអី ក្តារខៀនជាដើម។ មិនអនុញ្ញាតឱ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបន្ថែមលើសន្លឹកកិច្ចការខ្លួនដាច់ខាត។ មិនត្រូវប្រើពាក្យសម្តីនាំឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង
ឬធ្វើឱ្យប៉ះពាល់កិត្តិយសមេប្រយោគដូចគ្នា។

ប្រសិនបើបេក្ខជនល្មើសនឹងបម្រាមខាងលើនេះ នឹងត្រូវប្រឈមនឹងពិន័យទៅតាមកម្រិតនៃសកម្មភាពនីមួយៗ
ដែលបេក្ខជនប្រព្រឹត្តដោយកម្រិតទី១ មិនអនុញ្ញាតឱ្យចូលរួមប្រឡងដោយកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ កម្រិតទី២
កំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងមិនឱ្យអនុញ្ញាតឱ្យចូលរួមប្រឡងនៅឆ្នាំបន្ទាប់។ កម្រិតទី៣ ដូចជាឱ្យអ្នកដទៃប្រឡងជំនួស ឬយកអាវុធជាតិផ្ទុះចូលក្នុងបន្ទប់ប្រឡងជាដើម គឺត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងមិនឱ្យអនុញ្ញាតឱ្យចូលរួមប្រឡង២ឆ្នាំបន្ទាប់។ ក្នុងករណីចាំបាច់បេក្ខជននឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ចដើម្បីដោះស្រាយតាមច្បាប់ជាធរមាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម