Connect with us

ព័ត៌មានជាតិ

កម្ពុជាជំរុញឲ្យUNចាត់វិធានការលើថៃចំពោះការព័ទ្ធបន្លាលួសដេញពលរដ្ឋខ្មែរចេញពី​ផ្ទះសំបែង

បានផុស

នៅ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានលិខិត​អំពាវនាវទៅកាន់អង្គការសហប្រជាជាតិឱ្យ​មាន​វិធានការ បន្ទាប់ពីកងភូមិន្ទថៃបានធ្វើសកម្មភាពខុសច្បាប់នៅតាមព្រំដែនកម្ពុជា-ថៃ ដាក់ពង្រាយលួសបន្លា ការទន្ទ្រានដី ដេញពលរដ្ឋ​ខ្មែ​រចេញពី​ផ្ទះសំបែង​របស់​ពួកគេ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងលិខិតផ្ញើជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅដ្ឋានអង្គការ​សហប្រជាជាតិ លោក Balakrishnan Rajagopal កាលពីថ្ងៃទី​១៥ ខែសីហា ប្រធានគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ CHRC លោកទេសរដ្ឋមន្ត្រី កែវ  រ៉េមី បានលើក​ឡើង​ថា ទាហានថៃបានឆ្លងដែនខុសច្បាប់ចូលទឹកដីកម្ពុជាច្រើនលើកច្រើនសារកាលពីដើមខែសីហា ដោយរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា និងការឯកភាពចំនួន ១៣ ចំណុចក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៧ គណៈកម្មាធិការព្រំដែន (GBC) ខែសីហា។

យោងតាម CHRC កងកម្លាំងប្រដាប់អាវុធថៃបានចូលក្នុងតំបន់ក្នុងខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ជាកន្លែងដែលពួកគេបានដាក់លួសបន្លា ឈូសឆាយដីដោយគ្រឿងចក្រ និងឡោមព័ទ្ធផ្ទះប្រជាពលរដ្ឋ និងដីស្រែចម្ការ។ គណៈកម្មាធិការបានរាយការណ៍ថា សកម្មភាព​ថៃ​ទាំង​នេះ​បាន​បង្ខំឱ្យ​ពលរដ្ឋ​ខ្មែរបាត់បង់ផ្ទះសម្បែង ដីស្រែចម្ការ និងជីវភាពរស់នៅរបស់​ពួកគេ។

បើតាម​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ថៃ​បានរំលោភលើសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងអនុសញ្ញាទីក្រុងហ្សឺណែវ។ 

ក្នុង​លិខិត​នោះ​បាន​សរសេរ​ថា៖ «សកម្មភាពខាងលើគឺជាការបំពានដោយផ្ទាល់ទៅនឹងកាតព្វកិច្ចរបស់ប្រទេសថៃ ក្រោមច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌អន្តរជាតិ និងជាការរំលោភសិទ្ធិពលរដ្ឋកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលត្រូវបានធានាដោយឧបករណ៍សិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌អន្តរជាតិ »

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ទាមទារ​ឱ្យ​មាន​ការ​រុះរើ​ជាបន្ទាន់នូវរបងលួសបន្លា ធានានូវការយកមកវិញនូវទ្រព្យសម្បត្តិជនស៊ីវិលដែលបានរឹបអូស ឬទន្ទ្រានយក ជំរុញ​ឱ្យ​ថៃគោរពនូវ​បទ​ឈប់បាញ់ និងការប្តេជ្ញាចិត្តរបស់ខ្លួន​ចំពោះកិច្ចប្រជុំ GBC និង​បើក​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យចំពោះ​ការ​បំពាន​លើ​សិទ្ធិ​ពលរដ្ឋ​កម្ពុជា​នេះ។

ប្រធានគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានអំពាវនាវបន្ថែមទៀត​ឲ្យមានការទទួលខុសត្រូវដោយសង្កត់ធ្ងន់ពីតម្រូវការសម្រាប់អង្គការសហប្រជាជាតិក្នុង​ការលើកកម្ពស់យុត្តិធម៌សម្រាប់ពលរដ្ឋកម្ពុជា។ លិខិតនោះក៏បានបញ្ជាក់ជាថ្មីពីការទាមទាររបស់កម្ពុជាឲ្យមានការដោះលែងដោយគ្មានលក្ខខណ្ឌ និងការធ្វើមាតុភូមិនិវត្តន៍ទាហានខ្មែរ ១៨ នាក់ដែលកំពុងជាប់ឃុំឃាំងនៅប្រទេសថៃ។

លោក កែវ រ៉េមី បានលើក​ឡើង​ថា៖  «យើងសូមជំរុញឱ្យអ្នកចាត់ចែងបញ្ហានេះជាបន្ទាន់បំផុត និងជួយដល់កម្ពុជាក្នុងការធានាថា អ្នកដែលទទួលខុសត្រូវចំពោះការរំលោភទាំងនេះត្រូវទទួលខុសត្រូវទាំងស្រុង»។

សកម្មភាពឈ្លានពានរបស់ថៃនៅឃុំអូរបីជាន់ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ចាប់ផ្ដើមតាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥មកដែលបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងអាស្រ័យផលលើដីនោះតាំងពីយូរមកហើយ។ 

កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ទាហានថៃបានព្យាយាមចូលមករាយបន្លាលួសនៅកន្លែង​ថ្មីមួយទៀតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវបានពលរដ្ឋខ្មែរនៅទីនោះរួមគ្នាដេញចេញវិញ។ ការបន្តចូលមកឈ្លានពានដីខ្មែរជាថ្មីនេះគឺបន្ទាប់ពីអភិបាលខេត្តស្រះកែវរបស់ថៃប្រកាសឱ្យពលរដ្ឋរបស់ខ្លួនចូលទៅយកដីដែលឈ្លានពានបានធ្វើជាកម្មសិទ្ធិ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម