Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី “ភាពជោគជ័យរបស់យុវជនគ្រប់រូប ស្មើ​នឹង​ភាពជោគជ័យ​របស់ប្រទេសជាតិទាំងមូល”

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានថ្លែងថា ប្អូនៗយុវជន ត្រូវមានក្តីស្រមៃ ក្តីសង្ឃឹម និងអនាគត ដែលខ្លួនប៉ងប្រាថ្នា ដូចនេះប្អូនៗ ចាំបាច់បន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចជោគជ័យរបស់ខ្លួនឱ្យបាន ព្រោះថា ភាពជោគជ័យរបស់ប្អូនៗគ្រប់រូប ស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងឱកាស អញ្ជើញចូលរួមអបអរសាទរ ដល់និស្សិតជ័យលាភីដែលទើបតែបានបញ្ចប់ការសិក្សា ជាស្ថាពរ នៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ តាមជំនាញដែលបានជ្រើសរើសរៀងៗខ្លួន នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបានលើកឡើងថា ជ័យលាភីថ្ងៃនេះ គឺជាជំហ៊ានថ្មីមួយទៀត នៃជីវិតបុគ្គលរបស់ប្អូនៗផង និងជាការបន្ថែមសក្កានុពលមួយថ្មីបន្ថែមទៀតរបស់កម្ពុជា ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិយើងផង។

ឯកឧត្តមបន្ថែមថា ទោះបីជាយ៉ាងនេះក្តី ការទទួលសញ្ញាបត្រនាថ្ងៃនេះ មិនមែនជាចំណុចបញ្ចប់នៃការសិក្សារៀនសូត្រ សម្រាប់ប្អូនៗនោះទេ។ ផ្ទុយទៅវិញ វាជាចំណុចចាប់ផ្ដើមដ៏សំខាន់ សម្រាប់ដំណើរការរៀនសូត្រថ្មីៗទៀត ព្រោះការអប់រំ គឺជាដំណើរដ៏វែងឆ្ងាយ ដែលបន្តពេញមួយជីវិត។ ប្អូនៗ ត្រូវបន្តចាប់យកឱកាសពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្លួននៅក្នុងសង្គម ដែលពោរពេញដោយឱកាស តែស្របពេលជាមួយគ្នា គឺការប្រកួតប្រជែងទាំងថ្នាក់តំបន់ និងអន្តរជាតិ។

ឯកឧត្តមបានគូសបញ្ជាក់ថា ដូចប្រសាសន៍របស់ សម្តេចមហាបវរធិបតី ថា៖ “ ប្រទេសមួយខ្លាំងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំង ប្រទេសមួយមានអារ្យធម៌រុងរឿងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំងពូកែ”។

ប្រសាសន៍​ដ៏​មានតម្លៃនេះ បញ្ជាក់យ៉ាងច្បាស់ថា អនាគតរបស់ប្រទេសជាតិមួយ មានការរីកចម្រើន គឺស្ថិតលើសមត្ថភាព និងគុណភាពមូលធនមនុស្ស ដែលកើតមាន តាមរយៈការទទួលបានការអប់រំ បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយសមធម៌។ ប្អូនៗទាំងអស់គ្នានេះហើយ ដែលនឹងក្លាយជាកម្លាំងចលករ ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង ហើយការបញ្ចប់ការសិក្សារបស់ប្អូនៗនៅពេលនេះ បានបើកឱកាសនៃការប្រកបអាជីព វិជ្ជាជីវៈនានា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា។ ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថា ប្អូនៗដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ គ្រប់កម្រិតពីបរិញ្ញាបត្ររង រហូតដល់ថ្នាក់បណ្ឌិត សុទ្ធសឹងជាបញ្ញវន្ត ប្រកបដោយបញ្ញាញាណ និងជាកម្លាំងស្នូល ពោរពេញដោយបច្ចេកទេស ជំនាញ មានចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានសីលធម៌ល្អប្រពៃ និងមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ទៅចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ ប្អូនៗនៅទីនេះ មានក្តីស្រមៃ ក្តីសង្ឃឹម និងអនាគតដែលប៉ងប្រាថ្នា ដូចនេះ សូមប្អូនៗបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចជោគជ័យរបស់ខ្លួនឱ្យបាន ព្រោះថាភាពជោគជ័យរបស់ប្អូនៗគ្រប់រូប ស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិទាំងមូល។

តាមរបាយការណ៍ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនាពេលនេះ មានចំនួន ២,៨១៤អង្គ/នាក់ ក្នុងនោះ ថ្នាក់បណ្ឌិត ចំនួន ១០នាក់, បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៧៥នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ១,៨៩៧នាក់ និងថ្នាក់បរិញ្ញាបត្ររង ចំនួន ៧៣២នាក់។ បច្ចុប្បន្ន សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន ៣ទីតាំង ក្នុងរាជធានីភ្នំពេញ៖ ទីតាំងទី១-ទួលស្លែង, ទីតាំងទី២-ស្ពានអាកាសចោមចៅ (កន្លែងកំពុងប្រារព្ធពិធីប្រគល់សញ្ញាបត្រនាពេលនេះ) និង ទីតាំងទី៣-ទួលពង្រ (កំពុងសាងសង់)។ សាកលវិទ្យាល័យ មានកម្មវិធីសិក្សា៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសាអង់គ្លេស-ចិន និងកុំព្យូរទ័រ, ២-ថ្នាក់បរិញ្ញាបត្ររង, ៣-ថ្នាក់បរិញ្ញាបត្រ, ៤-ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដោយសិក្សា កម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ រួមជាមួយអង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស១០០% និងមាន ១៣មហាវិទ្យាល័យ (៤៥ជំនាញ)៖ ១-គ្រប់គ្រងពាណិជ្ជកម្ម, ២-ហិរញ្ញវត្ថុនិងធនាគារ, ៣-សេដ្ឋកិច្ច, ៤-ច្បាប់, ៥-អប់រំ សិល្បៈ និងមនុស្សសាស្ត្រ, ៦-ទេសចរណ៍និងបដិសណ្ឋារកិច្ច, ៧-ព័ត៌មានវិទ្យានិងវិទ្យាសាស្ត្រ, ៨-បច្ចេកវិទ្យាឌីជីថលនិងទូរគមនាគមន៍, ៩-វិស្វកម្ម, ១០-ស្ថាបត្យកម្ម, ១១-ទំនាក់ទំនងអន្តរជាតិ, ១២-អាកាសចរស៊ីវិល និង ១៣-ភាសាចិន៕

អត្ថបទ ៖ ឃិត សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម