Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ថា ទង្វើរបស់ថៃដែលយករូបសម្តេចតេជោដាក់បាញ់លេង ជាទង្វើគ្មានគុណធម៌មិនសមជាប្រជាជនស៊ីវិល័យ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ទង្វើរបស់ប្រជាជនថៃដែលយករូបសម្តេចតេជោ ហ៊ុន សែន ទៅដាក់បាញ់លេងយករង្វាន់ គឺជាទង្វើមួយដែលអសីលធម៌ គ្មានគុណភាព មិនសមជាប្រជាជនស៊ីវិល័យទាល់តែសោះ។ នេះបើតាមការសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ឯកឧត្តម នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី បន្ទាប់ពីមានវីដេអូមួយបានផ្សព្វផ្សាយលើបណ្តាញសង្គម ពីសកម្មភាពរបស់ជនជាតិថៃ ពាក់ឈុតកងកម្លាំងថៃ កំពុងឈរបាញ់លើរូបរបស់សម្តេចតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីយករង្វាន់។

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា៖ “កម្ពុជា តែងប្រកាន់ជំហររកដំណោះស្រាយដើម្បីស្វែងរកសន្តិភាព ដើម្បីប្រទេសទាំងពីរ និងប្រជាជនទាំងសងខាង។ ប៉ុន្តែ នេះ ជាទង្វើដ៏អសីលធម៌ គ្មានគុណធម៌ មិនស័ក្តិសមជាប្រជាជនស៊ីវិល័យនោះទេ។ ទោះ ក្នុងនាមជាកូន ឬជាខ្មែរមួយរូប ទង្វើខ្វះសីលធម៌បែបនេះ គឺជាទង្វើមិនអាចទទួលយកបាននោះទេ។ ប្រជាជាតិទាំងសងខាង គួរបង្កើនសកម្មភាពកសាងទំនុកចិត្តគ្នា ជាមួយសុឆន្ទៈពិតប្រាកដ ដើម្បីឈានទៅស្វែងរកដំណោះស្រាយសន្តិភាព និងប្រក្រតីភាពឡើងវិញ ដោយត្រូវទប់ស្កាត់ឱ្យបាននូវទង្វើអសីលធម៌បែបនេះ មិនឱ្យកើតឡើងទៀត”

ជុំវិញករណីខាងលើ នៅព្រឹកថ្ងៃទី៦​ ខែតុលា សម្តេចតេជោ ហ៊ុន សែន ក៏បានចេញប្រតិកម្មចំពោះវីដេអូនោះ និងបានលើកឡើងថា៖ “នេះឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់?” ។ សម្តេចបានចាត់ទុកទង្វើនេះ គឺជាទង្វើអមនុស្ស និងគ្មានសីលធម៌បំផុត ហើយសម្តេចក៏ស្នើឱ្យពលរដ្ឋខ្មែរ កុំប្រព្រឹត្តទង្វើបែបនេះដូចជនជាតិថៃ ព្រោះថា ទង្វើនេះ គឺជាទង្វើដែលបង្ហាញពីទង្វើអាក្រក់មួយ។ ហេតុនេះ សម្តេចថា ក្នុងនាមកម្ពុជាជាប្រទេសតូច មានប្រជាជនតិច សេដ្ឋកិច្ចខ្សោយជាងគេ តែប្រជាជនកម្ពុជាកុំខ្សោយខាងសីលធម៌ ត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរ និងមានសីលធម៌ខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម