Connect with us

នយោបាយ

ប្រធាន​សភា​ចិន​ប្រាប់​​កម្ពុជា​ពី​តម្រូវ​ការ​នៃ​ក្របខ័ណ្ឌ​២បូក២​ដើម្បី​ពង្រឹង​សន្តិសុខ

បានផុស

នៅ

ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​លោក ចាវ ឡឹជី បាន​លើក​ឡើង​ប្រាប់​ប្រធាន​សភា​កម្ពុជា សម្ដេច​សភាធិបតី ឃួន សុដារី តម្រូវ​ការ​នៃ​ការ​រៀបចំ​នូវ​ជំនួប​មួយ​រវាង​កម្ពុជា​និង​ចិន​ ក្នុង​ក្រប​ខណ្ឌ​កិច្ច​ការ​បរទេស និង​កិច្ច​ការពារ​ជាតិ ​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​ពង្រឹង​និង​ថែ​រក្សា​សន្ដិភាព និង​សន្តិសុខ នៃ​ប្រទេស​ទាំង​ពីរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឱ្យ​ដឹង​ពី​រដ្ឋសភា​កម្ពុជា​ក្នុង​ជំនួប​កាល​ពី​ថ្ងៃទី​១៤ ខែ​តុលា នៅ​រដ្ឋធានី​ប៉េកាំង​លោក ចាវ ឡឹជី បាន​លើក​ឡើង​ថា ក្នុង​ពេល​ដែល​គម្រោង​ជា​ច្រើន​នៅ​កម្ពុជា​ត្រូវ​បាន​ចិន​គាំទ្រ ប្រទេស​នេះ​នឹង​រីករាយ​សហការ​ជាមួយ​កម្ពុជា​បន្ថែម​ទៀត​នូវ​គំនិត​ផ្ដួច​ផ្ដើម​ជា​ច្រើន​ទៀត​ដើម្បី​ផល​ប្រយោជន៍​រួម​នៃ​ប្រទេស​ទាំង​ពីរ​លោក​ក៏​បាន​លើក​ឡើង​ពី​ជំនួប​កម្រិត​២+២ដែល​ត្រូវ​រៀបចំ​ឡើង​ដោយ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

គោលនយោបាយ ២+២ របស់​ចិន​គឺ​ជា​យន្តការ​នៃ​ការ​សន្ទនា​រវាង​ចិន​ជាមួយ​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ាន​ក្នុង​គោល​ដៅ​បញ្ចៀស​នូវ​ការ​រំខាន​ពី​គោលនយោបាយ​ពន្ធ​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ។ នេះ​បើតាម​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ ISEAS ប្រទេស​សឹង្ហបុរី​លោក Lye Lian Fook និង​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ Thnikchina.sg​។ លោក​ថា​វេទិកា​នេះ​អាច​បង្កើន​ភាព​ជិត​ស្និត​ និង​ការ​ជឿ​ទុក​ចិត្ត​រវាង​ប្រទេស​ក្នុង​តំបន់​ជាមួយ​ប្រទេស​ចិន​។ ​​​​​​​​​

យន្តការ​ពិភាក្សា​២បូក២​របស់​ចិន​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ពេល​ដែល​ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​៣​ក្នុង​តំបន់​អាស៊ាន​ កម្ពុជា វៀតណាម ម៉ាឡេស៊ី កាលពី​ខែ​មេសា ឆ្នាំ២០២៥​កន្លង​មក​។

ក្នុង​តំបន់​អាស៊ាន​មាន​ប្រទេស​២​ដែល​បាន​ចូល​រួម​ក្នុង​យន្ត​ការ​ពិភាក្សា​២បូក២ និង​៣បូក​៣​របស់​ចិន​រួម​មាន​ប្រទេស​ប្រទេស​វៀតណាម​ និង​ឥណ្ឌូណេស៊ី​។ ​​

រដ្ឋសភា​កម្ពុជា​មិន​បាន​បញ្ជាក់​យ៉ាង​ណា​ពី​ការ​លើក​ឡើង​របស់​សម្ដេច​ប្រធាន​សភា​កម្ពុជា ឃួន សុដារី ​តប​នឹង​ការ​លើក​ឡើង​ពី​ក្រប​ខណ្ឌ​២បូក២​នេះ​នោះ​ទេ​ គ្រាន់​តែ​សម្ដេច​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​ចំពោះ​ជំនួយ​នានា​របស់​ចិន​មក​កម្ពុជា និង​ការ​ពង្រឹង​កម្រិត​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា​ចិន​កាន់​តែ​ខ្លាំងក្លា គោរព​គ្នា និង​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។

សម្ដេច​មាន​ប្រសាសន៍​ថា៖ «ជោគជ័យ​របស់​មិត្ត​ចិន​ក៏​ដូចជា​ជោគជ័យ​របស់​កម្ពុជា។ សន្តិសុខ​របស់​កម្ពុជា​ជា​សន្តិសុខ​របស់​ចិន។ សន្តិសុខ​របស់​ចិន​ជា​សន្តិសុខ​របស់​កម្ពុជា»

ទំនាក់ទំនង​ការទូត​កម្ពុជា​-ចិន​ចាប់​ផ្ដើម​នៅ​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ១៩៥៨ នឹង​ចាប់​ផ្ដើម​បន្តរីក​ចម្រើន​ជា​លំដាប់​ដល់​ពេល​បច្ចុប្បន្នរឹងមាំ​ និង​ជា​កិច្ច​សហប្រតិបត្តិការ​​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ជា​មិត្ត​ដែក​ថែប និង​បាន​បង្កើត «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ពង្រឹង​បន្ថែម​លើ​កិច្ចសហប្រតិបត្តិការ​នយោបាយ សមត្ថភាព​និង​គុណភាព​ផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន​កាលពី​ឆ្នាំ​២០២៣​កន្លង​ទៅ​ផងដែរ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម