ព័ត៌មានជាតិ
ប្រធានរដ្ឋសភាស្នើសិង្ហបុរីជួយបណ្តុះបណ្តាលបច្ចេកវិទ្យា និង AI ដល់មន្ត្រីរដ្ឋសភា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីបំណងចង់ឃើញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយប្រទេសសិង្ហបុរី លើការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីធ្វើទំនើបកម្មរដ្ឋបាលរដ្ឋសភាកម្ពុជា ឱ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យារបស់សកលលោកនាពេលបច្ចុប្បន្ន។

ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អនុញ្ញាតឱ្យ លោក ប៉ាង ឈី វី (PANG Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពទើបតែងតាំងថ្មី នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅវិមានរដ្ឋសភា។
នៅក្នុងជំនួបនេះ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា នៅក្នុងអាណត្តិនីតិកាលទី៧ នេះ រដ្ឋសភាកម្ពុជាបាននិងកំពុងអនុវត្តការងាររបស់ខ្លួនយ៉ាងសកម្ម លើការងារកំណែទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុង ការអភិវឌ្ឍន៍នវានុវត្តន៍ និងការធ្វើទំនើបកម្មស្ថាប័ន ក្នុងគោលដៅយុទ្ធសាស្ត្រចម្បង គឺការធ្វើបរិវត្តកម្មឌីជីថល ដោយបំប្លែងរដ្ឋបាលរដ្ឋសភា ទៅជា «សភាឌីជីថល» ដើម្បីបង្កើនល្បឿន ប្រសិទ្ធភាព និងតម្លាភាព ក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ ក៏ដូចជាការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រដ៏សំខាន់នេះ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់រដ្ឋាភិបាលសិង្ហបុរី តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ជួយផ្តល់ការគាំទ្រ ជួយចែករំលែកបទពិសោធន៍ជោគជ័យល្អៗ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសជាក់ស្តែង ជាពិសេសលើផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់បន្ថែមថា៖ «ការកសាងសភាឌីជីថល មិនមែនគ្រាន់តែជាការបំពាក់ឧបករណ៍បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែចំណុចគន្លឹះគឺការវិនិយោគលើធនធានមនុស្ស ឱ្យមានចំណេះដឹង និងជំនាញឌីជីថលពិតប្រាកដ។ ក្នុងន័យនេះ ការទទួលបានការគាំទ្រ និងការចែករំលែក បទពិសោធន៍ពីប្រទេសសិង្ហបុរី នឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជួយឱ្យរដ្ឋសភាកម្ពុជាសម្រេចបាននូវទស្សនវិស័យទំនើបកម្មមួយនេះ ប្រកបដោយផ្លែផ្កានិងនិរន្តរភាព»។
ជាការឆ្លើយតប លោក ប៉ាង ឈី វី ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី បានសម្តែងការឯកភាពទាំងស្រុងចំពោះទស្សនវិស័យ និងគំនិតផ្តួចផ្តើមវែងឆ្ងាយរបស់សម្តេចប្រធានរដ្ឋសភា។ ឯកឧត្តមបានគូសបញ្ជាក់យ៉ាងច្បាស់ថា ភាគីសិង្ហបុរីតែងតែចាត់ទុក «ការអភិវឌ្ឍធនធានមនុស្ស» ជាស្នូល និងជាអាទិភាពខ្ពស់បំផុតនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់សិង្ហបុរីលើការបណ្តុះបណ្តាលធនធានមនុស្ស និងបច្ចេកវិទ្យានេះ គឺដើរស្របតាម «នយោបាយឈ្នះ-ឈ្នះ» ដែលស្តែងចេញពីការគិតគូរខ្ពស់ ក្នុងការនាំមកនូវផលប្រយោជន៍ និងការរីកចម្រើនទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជននៃប្រជាជាតិទាំងសងខាង៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


