នយោបាយ
នាយករដ្ឋមន្ត្រីថា ពួកជាតិនិយមជ្រុលតែងរុញឱ្យប្រទេសមានសង្គ្រាមហើយរត់ទៅកន្លែងសុវត្ថិភាព
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីសង្គ្រាមកម្ពុជា-ថៃក្នុងឆ្នាំ២០០៨ ដែលដើមហេតុនៃសង្គ្រាមនោះគឺកើតពីអ្នកជាតិនិយមជ្រុលថៃតែប៉ុន្មាននាក់ប៉ុណ្ណោះបានរុញឱ្យសង្គ្រាមកើតឡើង ហើយពួកគេបានរត់ចេញពីបញ្ហាដែលពួកគេបង្ក។

សម្ដេចធិបតីបានសរសេរនៅលើហ្វេសបុកផ្ទាល់ខ្លួនសម្ដេចនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះដោយអមនឹងរូបថត៤សន្លឹកដែលថតនៅថ្ងៃទៅ១៩ ខែកុម្ភៈ ឆ្នាំ២០១១ នៅច្រកព្រំដែនជាំ-ស្រង៉ាំ ខេត្តឧត្តរមានជ័យ ក្នុងពេលចរចាជាមួយភាគីថៃផ្អាកការប្រយុទ្ធគ្នា។
សម្ដេចបានរម្លឹកទៅកាន់សង្គ្រាមកម្ពុជា-ថៃ នៅឆ្នាំ២០០៨ កើតឡើងពីអ្នកនយោបាយជាតិនិយមជ្រុលថៃប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពក្រោមផ្លាកស្នេហាជាតិ ហើយរំលោភចូលមកកាន់កាប់វត្ត កែវ សិក្ខាគីរីស្វារៈ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានៅថ្ងៃទី ១៥ កក្កដា ឆ្នាំ២០០៨ ដែលសកម្មភាពនេះហើយ បានរាលដាលរហូតដល់មានការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពនៃប្រទេសទាំងពីរអស់រយៈពេលជាង៣ឆ្នាំ។
សម្ដេចបានសរសេរថា៖ «បទពិសោធន៍ដែលទើបតែកើតមានជាងមួយទសវត្សរ៍កន្លងទៅនេះ គឺជាការដាស់តឿនសម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេស ឲ្យប្រយ័ត្ននៅក្នុងការធ្វើសកម្មភាពអ្វីមួយ ត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជាសវាងនូវសកម្មភាពជ្រុលនិយមទាំងឡាយណា ដែលអាចឈានទៅបង្កើតអំពើហិង្សាដូចបានកើតឡើងនៅចន្លោះឆ្នាំ២០០៨-២០១១»។

ជាមួយនឹងសំណេរថាគ្មានពលរដ្ឋប្រទេសណាមិនស្រលាញ់ជាតិទឹកដីរបស់ពួកគេនោះទេ បញ្ហាព្រំដែននៅសេសសល់រវាងប្រទេសថៃ និងកម្ពុជា គឺជាមរតកប្រវត្តិសាស្ត្រ ដែលត្រូវខិតខំដោះស្រាយឲ្យបានចប់ ដោយផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ តាមរយៈយន្តការផ្លូវការដែលបានឯកភាពគ្នារវាងប្រទេសទាំងពីរ ដើម្បីជៀសវាងបង្កជាបញ្ហាហិង្សា ដែលធ្លាប់កើតឡើង។
សម្ដេចថា គ្មានអ្វីចំណេញពីសង្គ្រាមនោះទេក្រៅពីការស្លាប់ទាំងសងខាង ខណៈអ្នកដែលតាំងខ្លួនជាអ្នកស្រឡាញ់ជាតិស្មើជីវិតពេលមានសង្គ្រាមកើតឡើងបែរនាំគ្នារត់ទៅកន្លែងសុវត្ថិភាព។
សម្ដចបានបន្ថែមថា៖ «អ្នកជាតិនិយមជ្រុលដែលបង្កបញ្ហាឲ្យឈានទៅការផ្ទុះអាវុធ ពេលសង្គ្រាមផ្ទុះឡើង គឺពួកគេមិនដែលមានមុខនៅលើសមរភូមិប្រយុទ្ធទេ។ ពួកគេតែងតែរត់ទៅនៅកន្លែងសុវត្ថិភាពរាប់រយគីឡូម៉ែត្រពីតំបន់ប្រយុទ្ធគ្នា»។
នាយករដ្ឋមន្ត្រីសង្ឃឹមថា នេះគឺជាមេរៀនមួយដែលប្រជាពលរដ្ឋទាំងខ្មែរ ទាំងថៃត្រូវចងចាំ និងខិតខំធ្វើយ៉ាងណាកុំឲ្យមានកើតឡើងទៀត។

គួរឱ្យដឹងផងដែរថា ជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០០៨ផ្ដើមចេញពីការចូលមកក្នុងបរិវេណវត្តកែវសិក្ខាគិរីស្វារៈ ចូលដីខ្មែរប្រហែល៣០០ម៉ែត្រ តំបន់ប្រាសាទព្រះវិហារ សង្គ្រាមបានផ្ទុះឡើងចេញពីព្រះវិហារ និងបានរាលដាលដល់ប្រាសាទតាមាន់ ប្រាសាទតាក្របី ដោយបានបង្កឲ្យកងទ័ពទាំងពីរប្រទេសរងរបួសនិងស្លាប់ជាច្រើននាក់ ក៏ដូចជាបង្ខំឲ្យប្រជាពលរដ្ឋខ្មែរនិងប្រជាពលរដ្ឋថៃដែលរស់នៅក្នុងនិងក្បែរតំបន់ប្រយុទ្ធគ្នា រាប់ពាន់គ្រួសារត្រូវជម្លៀសចេញពីផ្ទះសំបែងរបស់ខ្លួន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


