Connect with us

នយោបាយ

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

បានផុស

នៅ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បាន​អះអាងប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃពុធនេះថា លោក សម រង្ស៊ី គឺជាអ្នកនយោបាយដែលគ្មានបានធ្វើអ្វីជាប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋកម្ពុជាឡើយ។ ផ្ទុយទៅវិញ ទណ្ឌិតរូបនេះ ចេះត្រឹមធ្វើនយោបាយមួលបង្កាច់ បំភ្លៃ និងកេងចំណេញតាមពីក្រោយព្រឹត្តិការណ៍តែប៉ុណ្ណោះ។ ប្រតិកម្មរបស់លោក ជា ធីរិទ្ធ នេះ ធ្វើឡើងក្រោយពីលោក សម រង្ស៊ី បានយកព្រឹត្តិការណ៍ នៃការចាប់ខ្លួនលោក Duterte​ អតីតប្រធានាធិបតីហ្វីលីពីនទៅកាត់ទោសនៅតុលាការ​ព្រហ្មទណ្ឌអន្តរជាតិមកវាយប្រហារមកលើសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ធីរិទ្ធ បានអះអាងថា ការវាយប្រហារ ក៏ដូចជា ការចោទប្រកាន់របស់បុគ្គលសម រង្ស៊ី មកលើសម្តេចតេជោ ហ៊ុន សែន គឺគ្មានតម្លៃអ្វីទាំងអស់សម្រាប់ប្រជាជនខ្មែរ ព្រោះប្រជាជនបានដឹងហើយនូវនយោបាយប្រជាភិថុតិដដែលៗរបស់បុគ្គលរូបនេះ។ សម្រាប់លោក ជា ធីរិទ្ធ បុគ្គលសម រង្ស៊ី គឺជាអ្នកនយោបាយគ្មានចក្ខុវិស័យនយោបាយ និងយុទ្ធសាស្រ្ត ដើម្បីផលប្រយោជន៍ជាតិទេ ផ្ទុយទៅវិញ ចេះតែធ្វើនយោបាយមួលបង្កាច់ បំភ្លៃ និងកេងចំណេញតាមពីក្រោយព្រឹត្តិការណ៍ប្រទេសនេះ ប្រទេសនោះដែលកំពុងមានបញ្ហា ដើម្បីបំពេញតណ្ហានយោបាយសងសឹករបស់ខ្លួនតែប៉ុណ្ណោះ។ ម្លោះហើយ ទើបបុគ្គលរូបនេះ បរាជ័យ អស់អ្នកគាំទ្រដូចសព្វថ្ងៃនេះ។

កាលពីថ្ងៃអង្គារ អាជ្ញាធរហ្វីលីពីន បានចាប់ខ្លួនលោក Duterte​ ដែលជាអតីតប្រធានាធិបតីតាមដីការបស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ (ICC) ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​។ នៅយប់ថ្ងៃដដែលនោះ លោក Duterte ត្រូវបានបញ្ជូនខ្លួនទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីឱ្យតុលាការ​ព្រហ្មទណ្ឌអន្តរជាតិកាត់ទោស។ តាមពិតទៅ រឿងនេះមិនជាប់ពាក់ព័ន្ធអ្វីបន្តិចណាសោះជាមួយនឹងកម្ពុជា ប៉ុន្តែ អ្នកនយោបាយរត់ចោលស្រុក សម រង្ស៊ី និងសារព័ត៌មាននៅក្រៅស្រុកបានព្យាយាមទាញរឿងនេះមកភ្ជា​ប់នឹងសម្តេចតេជោ ហ៊ុន សែន។

តាមរយៈហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃពុធនេះ បុគ្គល សម រង្ស៊ី បែរជាចង់ឱ្យតុលាការ​ព្រហ្មទណ្ឌអន្តរជាតិ (ICC)អនុវត្តមកលើសម្តេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងជាស្ថាបនិកសន្តិភាពនៅក្នុងប្រទេសកម្ពុជាដូចលោក Duterteទៅវិញ។ បុគ្គលរូបនេះ ថែមទាំងបាន​ចោទ​ប្រកាន់ជាច្រើនមកលើសម្តេចតេជោ ហ៊ុន សែន ប៉ុន្តែ ការចោទ​ប្រកាន់ទាំងអស់នោះ ត្រូវបានលោក ជា ធីរិទ្ធ ទាត់ចោល ដោយចាត់ទុកថា ជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងខុសពីការពិតទាំងស្រុង។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា៖ «សម្តេចតេជោ លោកជាអ្នកសង្គ្រោះអាយុជីវិតប្រជាជន នៅជាមួយប្រជាជនគ្រប់កាលៈទេសៈ នាំសន្តិភាព និងធានាសន្តិភាពឲ្យកម្ពុជា ដោយខ្ញុំមិនចាំបាច់បរិយាយ ឬបៀបធៀបនោះទេ ព្រោះប្រជាជនខ្មែរលោកដឹងច្បាស់ណាស់»។ ដូច្នេះហើយ លោកអះអាងថា ការមួលបង្កាច់ ការបំភ្លៃរបស់បុគ្គល សម រង្ស៊ី នេះ វាបានក្លាយជាប្រពៃណី ដោយជាប់ជ្រៅនៅក្នុងសន្តាននយោបាយប្រជាភិថុតិរបស់គាត់ទៅហើយ ដែលគ្មានតម្លៃអ្វីត្រូវឆ្លើយតបច្រើនពេកនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម