សន្តិសុខសង្គម
អាជ្ញាធរក្រុងព្រះវិហារ នឹងប្រើវិធានការក្តៅលើអាជីវករលក់ដូរជុំវិញផ្សារកំពង់ប្រណាកដែលរំលោភលើដីចំណីផ្លូវសាធារណៈ
បញ្ហាសណ្តាប់ធ្នាប់ក្នុងក្រុងព្រះវិហារនៅតែជាក្តីកង្វល់របស់អាជ្ញាធរក្រុងព្រះវិហារ បញ្ហានេះបង្កឡើងដោយពលរដ្ឋក៏ដូចជាអាជីវករមួយចំនួនដែលលក់ដូរលើទ្រូងផ្លូវ និងចោលសំរាមពាសវាលពាសកាលក្នុងបរិវេណផ្សារកំពង់ប្រណាក។ ការណ៍នេះហើយទើបធ្វើឲ្យអាជ្ញាធរក្រុងព្រះវិហារ បង្ខំចិត្តប្រើវិធានការក្ដៅ តែក៏បានទុកពេលឲ្យម្ចាស់អាជីវកម្មផ្សារ និងអាជីវករចំនួន១០ថ្ងៃ ត្រូវរៀបចំកន្លែងលក់ដូរក្នុងផ្សារ និងត្រូវរុះរើសំណង់ សំយាបផ្សេងៗដែលរំលោភលើដីដំណីផ្លូវសាធារណៈរបស់រដ្ឋដើម្បីលើកមុខមាត់ខេត្តព្រះវិហារឡើងវិញ។

យោងតាមលិខិតជូនដំណឹងជាលើកទី២ របស់អាជ្ញាធរក្រុងព្រះវិហារ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានណែនាំឲ្យអាជីវករ ពាណិជ្ជករ ដែលបានដាក់តាំងលក់របស់របរលក់ដូរ ដូចជាបន្លែ ផ្លែឈើ ត្រី សាច់ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត ត្រូវធ្វើការរុះរើចេញពីដីចំណីផ្លូវជុំវិញផ្សារកំពង់ប្រណាក ចំណែកអាជីរករដែលមានតូបលក់ខាងក្នុង ត្រូវចូលទៅលក់ដូរនៅ ក្នុងផ្សារវិញ។ ក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ រដ្ឋបាលក្រុង នឹងចុះរុះរើហើយពុំទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ។

សូមជម្រាបថា ការចេញសេចជូនដំណឹងដើម្បីរៀបចំសណ្តាប់ធ្នាប់នៅផ្សារកំពង់ប្រណាកជាលើកទី២នេះដែរ គឺដើម្បីធ្វើយ៉ាងណារៀបចំសណ្តាប់ធ្នាប់ឲ្យមុខមាត់ក្រុងព្រះវិហារស្អាត និងការវាយតម្លៃទីក្រុងស្អាតផង វាយតម្លៃផ្ការំដួល១ទង ទៅ២ទង ដែលជាចក្ខុវិស័យរបស់ខេត្តក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋ នៅបរិវេណផ្សារកំពង់ប្រណាក មានអាជីវករដាក់កញ្ច្រែងលក់បន្លែត្រីសាច់ និងទំនិញផ្សេងៗ បង្កភាពរញ៉េរញ៉ៃ បណ្តាលឲ្យផ្លូវកកស្ទះជារៀងរាល់ថ្ងៃ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ពិបាកធ្វើដំណើរ ខណៈដែលមន្ត្រីពាក់ព័ន្ធហាក់ដូចមិនទាន់មានចំណាត់ការសោះដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានគ្មានអនាម័យ ដែលកើតឡើងជាច្រើនឆ្នាំមកហើយ។

ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរក្រុងព្រះវិហារ គួរមានវិធានការរៀបចំសណ្តាប់ធ្នាប់លើអាជីវកម្ម ដែលយកផ្លូវសាធារណៈដាក់លក់បន្លែ ត្រី សាច់ ផ្លែឈើ និងទំនិញផ្សេងៗ បង្កការកកស្ទះជារៀងរាល់ថ្ងៃ។ បើតាមពលរដ្ឋ លោកស្រី ហេង សាវី ប្រធានក្រុមហ៊ុនវិនិយោគ យកភាស៊ីផ្សារកំពង់ប្រណាក និងក្រុមហ៊ុនប្រមូលសំរាមតាមផ្ទះពលរដ្ឋក្នុងក្រុងព្រះវិហារ គឺឃើញតែដើរប្រមូលលុយពីអាជីវករ និងពលរដ្ឋប៉ុណ្ណោះ ដោយមិនដែលឃើញមានការរៀបចំ ឬក៏អភិវឌ្ឍន៍អ្វីសោះឡើយ ហើយបុគ្គលិកមិនគ្រប់គ្រាន់។ ពលរដ្ឋស្នើដល់អាជ្ញាធរក្រុងព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារ មេត្តាផ្លាស់ប្តូរម្ចាស់ក្រុមហ៊ុនវិនិយោគ យកភាស៊ីផ្សារកំពង់ប្រណាក និងយកសំរាមតាមផ្ទះផងដើម្បីធ្វើយ៉ាងណាឲ្យខេត្តព្រះវិហារ មានសោភណ្ឌភាពថ្មី និងស្រស់ស្អាតឡើងវិញ។

អាជីវករមួយចំនួនលើកឡើងថា ប្រសិនបើអាជ្ញាធរក្រុងព្រះវិហារ ចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារឲ្យបានល្អ ពួកគាត់នឹងចូលរួមសហការកាត់រោង សំយាប ថយក្រោយវិញផងដែរ។ ចំណែកលោក ហាយ ហាច តំណាងផ្សារកំពង់ប្រណាក បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ករណីនេះលោកតែងតែចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ជាមួយកម្លាំងសមត្ថកិច្ច ប៉ុន្តែវាហាក់ដូចជាវាចចកអញ្ចឹង។

លោកស្រី ហេង សាវី ប្រធានក្រុមហ៊ុនវិនិយោគយកភាស៊ីផ្សារកំពង់ប្រណាក និងសំរាមតាមផ្ទះពលរដ្ឋក្នុងក្រុងព្រះវិហារ មិនអាចសុំការពន្យល់បានទេនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២៥នេះ៕
អត្ថបទ៖ ជុន កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


