Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនីឆេះសំណង់មិនរៀបរយអមប្រឡាយលូទឹកស្អុយបឹងសាឡាង ខូចខាតបន្ទប់ជួល ១០ និងផ្ទះឈើប្រក់ស័ង្កសី ០២ ខ្នង

បានផុស

នៅ

ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះបន្ទប់ជួលចំនួន ១០ បន្ទប់ និងរាលដាលដល់ផ្ទះឈើប្រក់ស័ង្កសី ០២ ខ្នង នៅអមប្រឡាយលូទឹកស្អុយបឹងសាឡាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០២ និង ២៥ នាទីរសៀល ថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវលូទឹកស្អុយបឹងសាឡាង លេខ ២១៧ ក្រុម ៥១ ភូមិ ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់រថយន្តដែលនៅក្បែរនោះ។

កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២៤ គ្រឿង ក្នុងនោះ រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ១៩ គ្រឿង , រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន ០៤ គ្រឿង និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១ គ្រឿង។

នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ថា ចំពោះសំណង់ខាងលើនេះ ជាប្រភេទដែកប្រក់ស័ង្កសី ចំនួន ១០ បន្ទប់ , ឆេះរាលដាលដល់ផ្ទះស្ងោរឈាមជ្រូកចំនួន ០១ ខ្នង និងផ្ទះសង់ពីឈើប្រក់ស័ង្កសី ចំនួន ០១ ខ្នង បន្ថែមទៀត បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។ គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។

មួយរយៈកាលប៉ុន្មានខែចុងក្រោយនេះ គ្រោះអគ្គិភ័យបណ្តាលឲ្យខូចខាតផ្ទះជាច្រើនខ្នង ហើយបង្កឲ្យមនុស្សរងរបួស និងបាត់បង់ជីវិត ភាគច្រើន គឺកើតចេញពីការឆ្លងចរន្តអគ្គិសនី។ ដូច្នេះ សមត្ថកិច្ច បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងរាជធានី-ខេត្ត-ក្រុង ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ មុនពេលចាកចេញពីលំនៅឋាន ដោយត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេស កុងទ័រភ្លើងដែលមានរៀងៗ ខ្លួន នៅក្នុងផ្ទះ ជៀសវាងមានការឆាបឆេះជាយថាហេតុ បង្កការខូចខាតទ្រព្យសម្បត្តិខ្លួន និងរាលដាលដល់អ្នកដទៃ៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម