Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចជំនាញបង្ក្រាបការនាំចូលដូងក្រអូបគេចពន្ធរាប់ពាន់ផ្លែពីថៃ ចូលមកខេត្តព្រះវិហារ

បានផុស

នៅ

កម្លាំងមន្ត្រីគយខេត្តព្រះវិហារ សហការជាមួយមន្ត្រីគយ នៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបបទល្មើសរត់ពន្ធតំបន់៥ សាខាគយ អាជ្ញាធរ​ស្រុក​ឆែប និងរដ្ឋាករខេត្តកំពង់ធំ រួមទាំងកងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ​អាជ្ញាធរ​ស្រុក​ឆែប​ បានបើកប្រតិបត្តិការបង្ក្រាបការនាំចូលដូងក្រអូបគេចពន្ធពីប្រទេសថៃជិត៣ពាន់ផ្លែ ឆ្លងកាត់ប្រទេសឡាវ និងចូលមកកម្ពុជាដោយគ្មានលិខិតអនុញ្ញាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការបង្ក្រាបបទល្មើសនាំចូលទំនិញគេចពន្ធនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ប្រតិបត្តិការនេះបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ដោយកម្លាំងចម្រុះបានឃាត់រថយន្តប្រភេទសាំយ៉ុងមួយគ្រឿង ពាក់ស្លាកលេខក្រុងព្រះសីហនុ 2A-2243។ តាមរយៈការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ក្រុមការងារបានរកឃើញទំនិញគេចពន្ធដូចជា ផ្លែដូងក្រអូបចំនួន ២,៨៥០ផ្លែ ស្មើនឹងប្រមាណ ១,៥០០គីឡូក្រាម។ ទឹកដូងច្រកដប ចំនួន ២៨០ដប ស្មើនឹងប្រមាណ ៤២០លីត្រ។ សាច់ដូង ចំនួន ២៤គីឡូក្រាម។

ក្រោយការសាកសួរ និងស្រាវជ្រាវយ៉ាងលម្អិត ពីមន្ត្រីគយបានរកឃើញថា ដូងក្រអូបទាំងអស់នេះត្រូវបានលួចនាំចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវ រួចបន្តនាំចូលមកកម្ពុជាតាមទូក ដោយឆ្លងកាត់កំពង់ចម្លងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយគ្មានឯកសារបង់ពន្ធនាំចូលត្រឹមត្រូវ ដែលជាបទល្មើសគេចពន្ធទាំងស្រុង។

បច្ចុប្បន្នរថយន្ត និងវត្ថុតាងដែលចាប់បានទាំងអស់ ត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ននៅសាលាស្រុកឆែប ដើម្បីធ្វើកំណត់ហេតុ និងបន្តនីតិវិធីតាមច្បាប់គយជាធរមាន៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម