Connect with us

កីឡា

មុន​ប៉ះ​គ្នាវគ្គ​ផ្តាច់​ព្រ័ត្រ​ Kuwait SC គ្មាន​ការ​ប្រកួត ខណៈ ព្រះ​ខ័នរាជ​ស្វាយរៀង ត្រូវប្រកួត ៣ លើក

បានផុស

នៅ

ព្រះ​ខ័ន​រាជ​ស្វាយរៀង និង Kuwait SC ត្រូវ​ដណ្តើម​ជើង​ឯក​ AFC Challenge League វគ្គ​ផ្តាច់​ព្រ័ត្រ វេលា​ម៉ោង ១១:១៥​នាទី យប់ ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ ២០២៦ នៅ​កីឡដ្ឋាន Jaber Al Mubarak ក្នុង​ប្រទេស​គុយវ៉ែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រឈាន​ចូល​មក​ដល់ ក្រុម Kuwait SC របស់​ប្រទេស​គុយវ៉ែត​ដែល​ជា​ម្ចាស់​ផ្ទះ​ទំនង​ជា​គ្មាន​ការ​ប្រកួត​ផ្លូវ​ការ​ណា​សំខាន់​ទេ។ នៅ​លីគ​បាល់ទាត់​កំពូល​គុយវ៉ែត ការ​ប្រកួត​វិល​ជុំ​សន្សំពិន្ទុ​បាន​ចប់​ហើយ​ដោយ​ក្រុម Kuwait SC កំពុង​ឈរ​លើ​កំពូល​តារាង បន្ទាប់ឆ្លង​កាត់ ១៤ ប្រកួត ពួក​គេ​មិន​ទាន់​បរាជ័យ​ម្តង​ណា​ឡើយ។

លីគ​កំពូល​គុយវ៉ែត មាន​ ១០ ក្រុម ហើយ​មាន​រូប​មន្តនៃ​ការ​ប្រកួត​ប្រហែល​លីគ​កំពូល​កម្ពុជាដែរ។ បន្ទាប់​ពី​ចប់​វគ្គ​វិល​ជុំ​សន្សំពិន្ទុ ក្រុម​លំដាប់​កំពូល​ទាំង ៦ (Top 6) បាន​ឡើង​ទៅ​វគ្គ​ប្រកួត​សន្សំពិន្ទុ​ដណ្តើម​ជើង​ឯក។ រហូត​ដល់​ពេល​នេះ វគ្គ​ក្រុម​លំដាប់​កំពូល​ទាំង ៦ មិន​ទាន់​មាន​កាល​វិភាគ​ផ្លូវ​ការ​ថា​តើ​ចាប់​ផ្តើម​ប្រកួត​នៅ​ពេល​ណា​​ឡើយ ដូច្នេះ​ក្រុម Kuwait SC មិន​មាន​ការ​ប្រកួត​ក្នុង​លីគ ឬពាន​រង្វាន់​ផ្លូវ​ការ​អ្វីសំខាន់​ ក្រៅ​ពី​រង់​ចាំ​វគ្គ​ផ្តាច់​ព្រ័ត្រ ពានរង្វាន់ AFC Challenge League។ ប្រការ​នេះ​​ធ្វើ​ឲ្យ​ ពួក​គេ​មាន​ពេល​ច្រើន​សម្រាប់​ការ​ត្រៀម​ខ្លួន ហើយ​មាន​អំណោយ​ផល​ជា​ម្ចាស់​ផ្ទះ​ថែម​ទៀត។

ផ្ទុយ​ទៅ​វិញ ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​កាល​វិភាគ​ដល់​ទៅ​ ៣ ប្រកួត​មុន​ពេល​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ AFC Challenge League នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ ២០២៦។ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រកួត​ជា​មួយ បឹងកេត នៅ​ថ្ងៃ​ទី​ ២៩ ខែ​មេសា ឆ្នាំ ២០២៦ ជើង​ទី១ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់​សម្រាប់​ក្រុម​ទាំង​ពីរ។

នៅ​ថ្ងៃ​អាទិត្យ ទី​៣ ខែឧសភា ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រកួត​ជា​មួយ អង្គរថាយហ្គឺរ នៅ​ខេត្ត​សៀមរាប ​ក្នុង​លីគ ហើយ​នៅ​​ថ្ងៃ​ទី១០ ខែឧសភា ត្រូវ​ប្រកួត​ជា​មួយ​ បឹងកេត នៅ​ក្នុង​លីគ ទៀត​ ប៉ុន្តែ​ផ្អែក​តាម​កាល​វិភាគ​ផ្លូវ​ការ​របស់វេបសាយ​ ខេមបូឌាន​ព្រីមៀរលីគ គឺ​លើក​មក​ប្រកួត​នៅ​ថ្ងៃ​ទី ​៧ ឧសភា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ។

ការ​លើក​មក​ប្រកួត​នៅ​ថ្ងៃ​ទី​ ៧ ខែ​ឧសភា គឺ​ផ្តល់​ពេល​វេលា​ឲ្យ​បាន​ច្រើន​ដល់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្នុង​ការ​ត្រៀម​ខ្លួន ពី​ព្រោះ​ត្រូវ​ចំណាយ​ពេល​ធ្វើ​ដំណើរ​រាប់​រយ​គីឡូម៉ែត្រ និង​ត្រូវ​ចំណាយ​ពេល​វេលា​ឲ្យ​បាន​ច្រើន​ថ្ងៃ​នៅ​ប្រទេស​គុយវ៉ែត​ដើម្បី​បន្សាំ​នឹង​អាកាស​ធាតុ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម