Connect with us

កីឡា

លីគ​នារី​កម្ពុជា ទើប​បាន ២ សប្តាហ៍ ធ្លាយគ្រាប់​បាល់​ចំនួន ៧៥ គ្រាប់

បានផុស

នៅ

ក្រុម​បាល់ទាត់​នារី ភ្នំពេញ​ក្រោន និង ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន ៦ ពិន្ទុ​ពេញ​ដូច​គ្នា​សម្រាប់​ការ​ប្រកួត​លីគ​បាល់ទាត់​នារី​កម្ពុជា រដូវ​កាល ២០២៦ ដែល​ទើប​ដំណើរ​ការ​បាន ២ សប្តាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​សប្តាហ៍​ទី១ ក្រុម​នារី ព្រះ​ខ័ន​រាជ​ស្វាយរៀង ​បាន​យក​ឈ្នះ ក្រុម​នារី បឹងកេត ដោយ​លទ្ធផល ៦-៣ និង​សប្តាហ៍​ទី​២ បាន​យក​ឈ្នះ​ក្រុម​នារី ណាហ្គាវើលដ៏ ​ដោយ​លទ្ធផល ៣-១។ ក្រុម​នារី ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​បាន​កត់​សំគាល់​ថា ការ​ប្រកួត​នៅ​វគ្គ​ទី១ ទាំង​ពីរ​ប្រកួត​មិន​សូវ​បង្ហាញសមត្ថភាព​ខ្លាំង​ឡើយ។

ជាក់​ស្តែង​ការ​ប្រកួត​សប្តាហ៍​ទី១ បឹងកេត បាន​នាំ​មុខ ៣-០​ ទៅ​ហើយ ប៉ុន្តែ​បាន​​វាយ​បក​រហូត​ដល់ ៦ គ្រាប់​ ហើយ​ការ​ប្រកួត​សប្តាហ៍​ទី​២ បាន​បញ្ចប់​វគ្គ​ទី១​ដោយ​ស្មើ​ជា​មួយ ណាហ្គាវើលដ៍ ១-១។ នៅ​វគ្គ​ទី២ ពួក​គេ​រក​បាន ២ គ្រាប់​ដើម្បី​ទទួល​បាន​ជ័យជម្នះ ៣-១។ ប្រការ​នេះ​ឃើញ​ថា ក្រុម​នារី ព្រះ​ខ័ន​រាជ​ស្វាយរៀង បង្ហាញសាច់​ដុំ​ខ្លាំង​នៅ​វគ្គ​ទី២។

ចំណែក ក្រុម​នារី ភ្នំពេញ​ក្រោន ពិត​ជា​មិន​ធម្មតា​មែន​ដោយ ២ ប្រកួត ​រក​បាន ៤៣ គ្រាប់។ ការ​ប្រកួត​សប្តាហ៍​ទី១ ពួក​គេ​បាន​យក​ឈ្នះ ក្រុម​នារី​ខេត្ត​កំពង់ឆ្នាំង ៣០-១ និង​សប្តាហ៍​ទី​​២ បាន​ឈ្នះ អិកស៍អូ យូណាយធីត ១៣-០។ ក្រុមការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​​​អត់​បន្ធូរ​ដៃ​​ឡើយ​​​គិត​ចាប់​ផ្តើម​វគ្គ​រហូត​ដល់​ចុង​វគ្គ​គឺ​ព្យាយាមរក​គ្រាប់​បាល់​រហូត។

បើ​និយាយ​ពី​គ្រាប់​បាល់ពី​ការ​ប្រកួត​ទាំង​ពីរ​សប្តាហ៍​ដែល​មាន ៨ ប្រកួត​គឺ​​កើត​មាន​គ្រាប់​បាល់​រហូត​ ៧៥ គ្រាប់ ក្នុង​នោះ​សប្តាហ៍​ទី១ មាន ៤៦ គ្រាប់ និង​សប្តាហ៍​ទី ២៩ គ្រាប់។

តារាង​ពិន្ទុ​បច្ចុប្បន្ន ក្រុម​នារី ភ្នំពេញ​ក្រោន កំពុង​ឈរ​លេខ ១ ខណៈ ក្រុម​នារី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​លេខ ២ ដែល​មាន ៦ ពិន្ទុ​ដូច​គ្នា​ ហើយ ក្រុម​នារី​សៀមរាប និង​ វិសាខា មាន ៤ ពិន្ទុដូច​គ្នា​ ស្ថិត​នៅ​លេខ ៣ និង​លេខ​៤។ ណាហ្គាវើលដ៍ លេខ ៥ និង បឹងកេត លេខ ៦​ មាន ១ ពិន្ទុ ដូចគ្នា ខណៈ អិកស៍អូ យូណាយធីត និង កំពង់ឆ្នាំង មិន​ទាន់​មាន​ពិន្ទុ៕

សប្តាហ៍​ទី​២

  • បឹងកេត ០-០ វិសាខា
  • ព្រះខ័ន​រាជ​ស្វាយរៀង ៣-១ ណាហ្គាវើលដ៍
  • ភ្នំពេញក្រោន ១៣-០ អិកស៍អូ យូណាយធីត
  • សៀមរាប ១២-០ កំពង់ឆ្នាំង

សប្តាហ៍​ទី១​

  • ណាហ្គាវើលដ៍ ១-១ សៀមរាប
  • ព្រះខ័នរាជ​ស្វាយរៀង ៦-៣ បឹងកេត
  • ភ្នំពេញក្រោន ៣០-១ កំពង់ឆ្នាំង
  • វិសាខា ៤-០ អិកស៍អូ យូណាយធីត

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម