Connect with us

កីឡា

លីគនារី​រដូវ​កាល​ថ្មី​​គួរ​ឲ្យ​ចាប់​អារម្មណ៍ តែ​អ្នក​គាំទ្រ​ពិបាក​​ទស្សនា

បានផុស

នៅ

ការ​ប្រកួត​លីគ​បាល់ទាត់​នារី​កម្ពុជា រដូវ​កាល​ថ្មី បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ ២០២៦ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ​ដែល​ចង់​ឃើញ​ពី​សមត្ថភាព​របស់​ក្រុម​កីឡាការិនី​មួយ​ៗ​នៅ​ក្នុង​រដូវ​កាល​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លីគ​នារី​រដូវ​កាល​ថ្មី​នេះ​អាច​ចាត់​ទុក​ជា​ការ​ប្រកួត​ដែល​មាន​កម្រិត​គុណភាព​ល្អ និង​ការ​ប្រកួត​ប្រជែង​ស្វិត​ស្វាញ​ខ្លាំងជាង​រដូវ​កាល​មុន​ៗ​ បន្ទាប់​ពី​ក្រុម​ជា​ច្រើន​បាន​ពង្រឹង​សមត្ថភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ម្ចាស់​ជើង​ឯក​ ៣ រដូវ​កាល​ជាប់​គ្នា ភ្នំពេញ​ក្រោន ជា​ក្រុម​ខ្លាំង​យូរ​មក​ហើយ ដោយសារ​ពួក​គេ​ភាគ​ច្រើន​មាន​កីឡាការិនី​កម្ពុជា​ល្អ​ៗ និង​មាន​កីឡាការិនី​ជប៉ុន​​​ដែល​មិន​ចម្លែក​ទេ​សម្រាប់​អ្នក​គាំទ្រ​រដូវ​កាល​​នេះ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ ក្រុម​នារី ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​បាន​ចាប់​ផ្តើម​រៀប​ចំ​ក្រុម​ ​រាប់​ចាប់​តាំង​ពី​គ្រូ​បង្វឹក គ្រូ​ជំនួយ អ្នក​ចាត់​ការ និ​ង​ការ​នាំ​ចូល​កីឡាការិនី​បរទេស។ ជា​មួយ​គ្នា​នេះ ក្រុម​នារី​សៀមរាប អេហ្វស៊ី​ក៏​មាន​កីឡាការិនី​បរទេស ៤ នាក់ ហើយ​ បឹងកេត ក៏​នាំ​ចូល​កីឡាការិនី​ជប៉ុន ហើយ វិសាខា និង ណាហ្គាវើលដ៍​ ក៏​​ពង្រឹង​ក្រុម​គួរ​ឲ្យ​កត់​សំគាល់​ដែរ។

នៅ​ពេល​រដូវ​កាល​ថ្មី​ចាប់​ផ្តើម​ភ្លាម​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​តាម​ការ​ត្រៀម​ខ្លួន​របស់​ក្រុម​នីមួយ​ៗ​មែន។ ក្រុម​នារី ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​វាយ​បក​យក​ឈ្នះដោយ​លទ្ធផល ៦-៣ បន្ទាប់​ពី​ត្រូវ​ក្រុម​នារី បឹងកេត នាំ​មុខ ២-០ នៅ​វគ្គ​ទី​១។ ចំណែក ក្រុម​នារី ណាហ្គាវើលដ៍ និង​ក្រុម​នារី សៀមរាប អេហ្វស៊ី បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ១-១។

ចំពោះ​​ក្រុមនារី វិសាខា បាន​យក​ឈ្នះ​ក្រុម​នារីអិកស៍អូ យូណាយធីត ក្នុង​​លទ្ធផល ៤-០ ហើយ​ក្រុម​នារី ភ្នំពេញ​ក្រោន បាន​លត់​ក្រុម​នារី​ខេត្ត​កំពង់ឆ្នាំង ដោយ​លទ្ធផល ៣០-១។ ក្រុម​នារី​ខេត្ត​កំពង់ឆ្នាំង​ជា​ក្រុម​ដែល​ត្រូវ​បាន​មើល​ឃើញ​ពី​ភាព​ទន់​ខ្សោយ​ជាង​គេ។ សម្រាប់ ៤ គូ​ក្នុង​សប្តាហ៍​ទី​១ មាន​គ្រាប់​បាល់​កើត​ឡើង​ដល់ ៤៥ គ្រាប់។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​គាំទ្រ​ពិតជា​ពិបាក​ស្វែង​រក​ការ​ទស្សនា​ណាស់។ ការ​ប្រកួត​លីគ​នារី​​រដូវ​កាល​នេះ​មិន​មាន​ការ​ផ្សាយ​ផ្ទាល់​ទៀង​ទាត់ និង​​គ្រប់​គូ​ឡើយ។ ការ​ប្រកួត​ខ្លះ ម្ចាស់​ក្លិប​ជា​អ្នក​ផ្សាយ​ផ្ទាល់​ដែល​ផ្សាយ​តែ​ការ​ប្រកួត​របស់​ក្រុម​ខ្លួន​ប៉ុណ្ណោះ ហើយ​ការ​ប្រកួត​​ភាគច្រើន ​មិន​មាន​ការ​ផ្សាយ​ឡើយ។ ដូច្នេះ​ពិបាក​សម្រាប់​អ្នក​គាំទ្រ​ក្នុង​ការ​ទស្សនា ទាំង​អ្នក​គាំទ្រ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស ពី​ព្រោះ​កីឡាការិនី​មក​ពី​ក្រៅ​ប្រទេស​ខ្លះ​​មាន​អ្នក​គាំទ្រ​របស់​ខ្លួន​តាម​ដាន​ និង​ចង់​ទស្សនា៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម