Connect with us

កីឡា

វឿន វាសនា បន្តវ៉ាដាច់ពិន្ទុគេជាង ២០០ ពិន្ទុ ក្រោយជួយឱ្យ Win Streak ឈ្នះ ២ ប្រកួតជាប់គ្នា

បានផុស

នៅ

កីឡាករ វឿន វាសនា របស់ក្រុមបាល់ទះ Win Streak បន្តឈរជាកីឡាកររកបានពិន្ទុច្រើនជាងគេក្នុងលីគបាល់ទះអាជីពតៃវ៉ាន់ (TPVL) ដោយដាច់អ្នកឈរលេខ ២ ដល់ទៅ ២០៧ ពិន្ទុ បន្ទាប់ពីជួយឱ្យក្រុម Win Streak ឈ្នះ ២ ប្រកួតជាប់គ្នា កាលពីសប្តាហ៍ទី ២៥ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃ សៅរិ៍ ទី ៩ ខែ ឧសភា ឆ្នាំ ២០២៦ ក្រុម Win Streak បានឈ្នះក្រុម Taoyuan Clouded Leopard ក្នុងលទ្ធផល ៣ សិតទល់នឹង ១។ ចំណែកថ្ងៃ អាទិត្យ ទី ១០ ខែ ឧសភា ពួកគេបន្តរកបានជ័យជម្នះជាថ្មី ដោយបានយកឈ្នះលើក្រុម Taipei East Power ក្នុងលទ្ធផល ៣ សិតទល់នឹង ១។

វឿន វាសនា នៅតែជាស្មាត់ដ៏សំខាន់របស់ក្រុម Win Streak ដោយប្រកួតទល់ក្រុម Taoyuan Clouded Leopard ស្មាត់ជម្រើសជាតិ កម្ពុជា វ័យ ២៤ ឆ្នាំរកបាន ២០ ពិន្ទុ ខណៈការប្រកួតទី ២ ទល់ក្រុម Taipei East Power រកបាន ១៨ ពិន្ទុ ឈរនៅលំដាប់លេខ ២ ក្នុងក្រុម។

បន្ទាប់ពីបន្ថែម ៣៨ ពិន្ទុនេះទៀត បានធ្វើឱ្យ វឿន វាសនា បន្តកាប់តំណែងជាកីឡាកររកបានពិន្ទុច្រើនជាងគេប្រចាំលីគបាល់ទះអាចជីព តៃវ៉ាន់ ដោយរកបានសរុប ៩៧៣ ពិន្ទុ។ ជាមួយគ្នានេះ កីឡាករកំពុងវ៉ាដាច់ពិន្ទុអ្នកឈរលេខ ២ គឺមិត្តរួមក្រុមកីឡាករ Tsung-Hsuau Wu ដល់ទៅ ២០៧ ពិន្ទុឯណោះ ដែលបច្ចុប្បន្នរូបគេរកបាន ៧៦៦ ពិន្ទុ។

ជុំវិញស្ថិតិដ៏ល្អបែបនេះ កំពុងធ្វើឱ្យ វឿន វាសនា ឆ្ពោះទៅរកការឈ្នះពានឯកត្តជន ៣ ម្នាក់ឯងជាថ្មីនៅរដូវកាលនេះ រួមមាន ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ ពាន​កីឡាករ​រក​បាន​ពិន្ទុ​ច្រើន​ជាង​គេ និងពានស្មាត់ស្តាំវាយផ្តាច់ល្អបំផុត។

គួរបញ្ជាក់ ថា ការប្រកួតលីគជុំដំបូង គឺនៅសល់ ២ ប្រកួតទៀតនៅសប្តាហ៍ក្រោយ មុនឈានចូលដល់ការប្រកួតវគ្គ playoff ជុំផ្តាច់ព្រ័ត្រ នាសប្តាហ៍បន្ទាប់៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម