Connect with us

កីឡា

វឿន វាសនា បំបែកកំណត់ត្រាជាកីឡាករដំបូងគេរកបានជាង ១,០០០ពិន្ទុនៅលីគបាល់ទះ តៃវ៉ាន់

បានផុស

នៅ

កីឡាករ វឿន វាសនា របស់ក្រុមបាល់ទះ Win Streak បានសាងនូវកំណត់ត្រាថ្មីក្នុងលីគបាល់ទះអាជីព តៃវ៉ាន់ (TPVL) ដោយក្លាយជាកីឡាករដំបូងគេ ដែលរកបានពិន្ទុច្រើនជាងគេរហូតដល់ទៅជាង ១,០០០ ពិន្ទុក្នុងមួយរដូវកាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូនខ្មែរអ្នកខេត្តបាត់ដំបងវ័យ ២៥ ឆ្នាំ រកបានពិន្ទុចំនួន ១,០២៨ ពិន្ទុនៅរដូវកាល ២០២៥-២០២៦ នេះ បន្ទាប់ពីជួយឱ្យក្រុម Win Streak ឈ្នះ ២ ប្រកួតជាប់គ្នានៅក្នុងសប្តាហ៍ទី ២៦ នេះ ដោយការប្រកួតទល់នឹងក្រុម TSG Skyhawks រកបាន ៣១ ពិន្ទុ និងការប្រកួតទល់នឹងក្រុម Taoyuan Cloud Leopard រកបាន ២៤ ពិន្ទុ។

យ៉ាងណាមិញ សម្រាប់ការប្រកួតសប្តាហ៍ទី ២៦ ដែលជាសប្តាហ៍ចុងក្រោយនៃវគ្គលីគដំណាក់កាលដំបូង (Regular Season) គឺក្រុម Win Streak បានឈ្នះ ២ ប្រកួតជាប់គ្នា។ ការប្រកួតទល់នឹងក្រុម Win Streak កាលពីថ្ងៃ សៅរ៍ ទី ១៦ ខែ ឧសភា បានយកឈ្នះក្នុងលទ្ធផល ៣ សិតទល់ ២ និងការប្រកួតទល់ក្រុម Taoyuan Cloud Leopard កាលពីថ្ងៃ អាទិត្យ ទី ១៧ ខែ ឧសភា បានយកឈ្នះក្នុងលទ្ធផល ៣ សិតទល់ ១។

វឿន វាសនា បានដើរតួសំខាន់មែនទែន ក្នុងការជួយក្រុម Win Streak នៅក្នុងលីគបាល់ទះអាជីព តៃវ៉ាន់ រដូវកាលនេះ បន្ទាប់ពីបញ្ចប់លីគដំណាក់កាលដំបូង កីឡាកររកបានពិន្ទុច្រើនជាងគេបង្អស់ និងជួយឱ្យក្រុមឈរនៅតំណែងកំពូលតារាង ក្រោយឆ្លងកាត់ ៤៨ ប្រកួត ឈ្នះ ៤៣ និងចាញ់ ៥។

គួរបញ្ជាក់ ថា ការប្រកួតជុំផ្តាច់ព្រ័ត្រ ដើម្បីរកក្រុមជើងឯកលីគរដូវកាលនេះ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ដែលធ្វើឡើងរយៈពេល ៤ ថ្ងៃ នៅថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម