កីឡា
អគ្គលេខាធិការ FFC បញ្ជាក់ជុំវិញទង់ជាតិកម្ពុជាដែល AFC និងឥណ្ឌា ធ្វើឲ្យផ្ទុះក្តៅល្ងាចមិញ
កាលពីល្ងាចមិញនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) រយៈពេលមិនដល់មួយម៉ោងផងបានចេញលិខិតសុំទោសដល់កម្ពុជា បន្ទាប់ពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានព្រមានដោយទុកពេល៣ម៉ោងដល់ សហព័ន្ធកីឡាបាល់ទាត់អាស៊ី និងសហព័ន្ធបាល់ទាត់ឥណ្ឌាចេញលិខិតសុំទោសជាបន្ទាន់ ដោយសារពួកគេមិនបានយកចិត្តទុកដាក់ដល់ក្រុមបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ និងទង់ជាតិរបស់កម្ពុជា។

ការព្រមានរបស់ឯកឧត្តម សៅ សុខា ធ្វើឡើងមុនពេលការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយម្ចាស់ផ្ទះឥណ្ឌាប្រហែលជា៣ម៉ោង។ ប្រមុខសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសង្កត់ធ្ងន់ថា ប្រសិនមិនសុំទោសទេ កម្ពុជានឹងដកខ្លួនចេញពីការប្រកួតវគ្គជម្រុះជុំចុងក្រោយ ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023។
ក្នុងលិខិតសុំទោសរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ជូនដល់លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានខ្លឹមសារថា ៖«ឆ្លើយតបទៅនឹងបញ្ហាខាងលើ, វាជារឿងគួរឲ្យសោកស្ដាយដែលទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានផលិតឡើង សម្រាប់ការប្រកួត មិនត្រូវតាមលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់ត្រង់ ផ្នែករចនា និងពណ៌។ ដូច្នេះ យើងសូមជូនដំណឹងថា សហព័ន្ធកីឡាបាល់ទាត់អាស៊ី នឹងប្រើប្រាស់ទង់ជាតិកម្ពុជា ជារូបភាពក្រាហ្វិកវិញ នៅលើស្រ្គីនធំមួយសម្រាប់ការប្រកួត ដែលនឹងចាប់ផ្ដើមនៅប៉ុន្មានម៉ោងខាងមុខ ហើយនេះគឺជាការអនុវត្តជាទម្លាប់ធម្មតា នៅក្នុងករណីមានបញ្ហាបែបនេះកើតឡើង សម្រាប់រយៈពេល ២ឆ្នាំចុងក្រោយ នៅក្នុងការប្រកួតរបស់ AFC»។

ជុំវិញបញ្ហាខាងលើនេះ លោក កែវ សារ៉េត បានបញ្ជាក់ដល់«កម្ពុជាថ្មី»ថា ៖«រឿងនេះដោះស្រាយស្រួលវិញហើយ។ ដំបូងឡើយ រាល់ពេលប្រកួតតែងតែមានការប្រជុំក្រុមការងារទាំងសងខាង។ ដល់ពេលប្រជុំទៅខាងស្នងការប្រកួតកាន់ទង់មក គ្រាន់តែសួរយើងថា ទង់ជាតិនេះត្រឹមត្រូវតាមខ្នាត តាមពណ៌ និងរូបសញ្ញាផ្សេងៗ របស់យើងទេ? ប៉ុន្តែដោយសារ អ្នកទទួលខុសត្រូវនៅខាងខ្មែរយើងបានថតរូបមកទុកមើល។ យើងបានបញ្ជាក់ប្រាប់គេក្នុងប្រជុំហើយថា មិនមែនអីចឹងទេ ដោយសារទង់ហ្នឹងអត់ច្បាស់។ រូបប្រាសាទអង្គរវត្តកណ្តាលអត់ច្បាស់ ហើយក៏បានប្រាប់ទៅឲ្យកែតម្រូវ។ ប៉ុន្តែដល់ពេលផ្ញើរូបហ្នឹងមកខាងសហព័ន្ធយើង ជាពិសេស មកជូនឯកឧត្តមប្រធានមើល។ លោកឃើញហើយក៏អត់ពេញចិត្ត អត់សប្បាយចិត្ត ក៏ដាក់សម្ពាធទៅខាងការរៀបចំឲ្យពិចារណា កែសម្រួលឡើងវិញ។ រឿងតែប៉ុណ្ណឹងទេ អត់មានរឿងផ្សេងទេ។ AFC ក៏បានសុំទោសយើងហើយ។ បញ្ហាចប់ ដោះស្រាយរួចរាល់ហើយ»។
ថ្វីបើបញ្ហាខាងលើត្រូវបានដោះស្រាយ ហើយការប្រកួតចាប់ផ្តើមដំណើរការ ប៉ុន្តែមានបញ្ហាផ្សេងទៀតបានកើតឡើងធ្វើឲ្យក្រុមបាល់ទាត់កម្ពុជា ក៏ដូចជាអ្នកគាំទ្រទូទាំងប្រទេសមិនពេញចិត្តចំពោះការរៀបចំគោរពភ្លេងជាតិកម្ពុជាមានបញ្ហារអាក់រអួល។

នៅពេលចាប់ផ្តើមគោរពភ្លេងជាតិគឺម្ចាស់ផ្ទះឥណ្ឌាមុន ហើយបន្ទាប់មកគោរពភ្លេងជាតិកម្ពុជា ប៉ុន្តែដល់ពេលគោរពភ្លេងជាតិកម្ពុជាបែរជាអត់ឮសំឡេង។ តាមប្រភពព័ត៌មានមួយបានបញ្ជាក់ថា ពេលនោះមានការពន្យារពេល៧នាទីដោយសារអ្នករៀបចំបរាជ័យក្នុងការចាក់ភ្លេងជាតិកម្ពុជា។ ដំណោះស្រាយចុងក្រោយគឺមានការជួយពីមន្ត្រីកម្ពុជាដែលបានយកទូរសព្ទដៃទៅចាក់ភ្លេងជាតិកម្ពុជាឲ្យដំណើរការ។
ការប្រកួតយប់មិញនេះកម្ពុជាបានចាញ់ម្ចាស់ផ្ទះឥណ្ឌាដោយលទ្ធផល ២-០ ក្នុងវគ្គជម្រុះជុំចុងក្រោយពូល D ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023។ នៅថ្ងៃទី១១ ខែមិថុនា កម្ពុជានឹងប្រកួតជាមួយហុងកុង និងចុងក្រោយប្រកួតជាមួយអាហ្វហ្គានីស្ថាន ថ្ងៃទី១៤ ខែមិថុនា៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


