Connect with us

កីឡា

លោក Koji និង គ្រីយ៉ា មើលឃើញចំណុចខ្លាំងមួយដូចគ្នារបស់ ហុងកុង មុនជួបគ្នាល្ងាចនេះ

បានផុស

នៅ

គ្រូបង្គោលរបស់ក្រុមជម្រើសជាតិ កម្ពុជា លោក Koji Gyotoku និងខ្សែការពារ សារ៉េត គ្រីយ៉ា បានបង្ហើបចំណុចខ្លាំងមួយរបស់ក្រុមជម្រើសជាតិ ចិនហុងកុង នោះគឺ «កាយសម្បទា» មុនជួបគ្នាក្នុងជំនួបមិត្តភាពនាល្ងាចថ្ងៃ អង្គារ៍ ទី ៩ ខែ មិថុនា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម កម្ពុជា និង ហុងកុង ធ្លាប់បានច្រើនលើកច្រើនសារមកហើយ ពោលគឺចំនួន ៨ លើក ប៉ុន្តែជាលទ្ធផល ក្រុមគោព្រៃមិនដែលមានប្រវត្តិឈ្នះនោះទេ។ ការជួបគ្នាលើកចុងក្រោយរវាងក្រុម ហុងកុង និង កម្ពុជា កាលពីខែ វិច្ឆិកា ឆ្នាំ ២០២៥ បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១។

តាមរយៈបទពិសោធជួបគ្នាកន្លងមក លោក Koji មានឃើញ ថា ហុងកុង គឺជាក្រុមមួយដែលលេងល្អទាំងបច្ចេកទេស និងកាយសម្បទា។ «ខ្ញុំយល់ឃើញ ថា បច្ចេកទេសរបស់ក្រុម ហុងកុង គឺល្អ។ ចំណែកកាយសម្បទាវិញ ខាងគេក៏ល្អជាង កម្ពុជា យើងដែរ។ […] ឥឡូវ ក្រុមរបស់គេបានប្តូរគ្រូថ្មី ដូច្នេះបច្ចេកទេសរបស់គេក៏ប្រហែលជាត្រូវបានផ្លាស់ប្តូរថ្មីដែរ»។ លោក Koji បានថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃ ចន្ទ ទី ៨ ខែ មិថុនា។

ចំណែកខ្សែការពារ សារ៉េត គ្រីយ៉ា វិញ គឺយល់ឃើញមិនខុសពីលោក Koji ប៉ុន្មាននោះទេ ដោយកីឡាករក៏មើលឃើញកាយសម្បទា ជាចំណុចខ្លាំងមួយរបស់ ហុងកុង។ កីឡាករបានថ្លែង ថា៖ «ខ្ញុំមើលឃើញការលេងរបស់គេមិនខុសពីមុនប៉ុន្មានទេ។ ការប្រកួត និងការប្រជែងបាល់របស់គាត់ គឺខ្លាំង។ ពួកគេលេងដោយកាយសម្បទា​ខ្លាំង ហើយគុណភាព​កីឡាករម្នាក់ៗល្អ»។

គួរបញ្ជាក់ ថា ការជួបគ្នាម៉ោង ៧ ល្ងាចនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រវាងក្រុម កម្ពុជា និង ចិនហុកុង គឺជាលើកទី ៩ ខណៈការជួបគ្នា ៨ លើកកន្លងមក ក្រុម កម្ពុជា មិនដែលឈ្នះឡើយ ក្នុងនោះបានចាញ់ ៥ លើកនិង ស្មើ ៣ លើក។

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម