កីឡា
កម្ពុជា សម្រិតសម្រាំងកីឡាករជម្រើសជាតិ ជិត ១ ពាន់នាក់ ដើម្បីត្រៀមស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣
កាលពីល្ងាចថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីសំណេះសំណាល និងសួរសុខទុក្ខក្រុមជម្រើសជាតិកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបង្ហាញការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ក្រុមជម្រើសជាតិ ដើម្បីត្រៀមប្រជែងមេដាយ ក្នុងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នាខែឧសភា និងខែមិថុនា ឆ្នាំ ២០២៣ នៅកម្ពុជា។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់ក្រសួងអប់រំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ដែលកំពុងយកចិត្តទុកដាក់ដល់ការបោះជំរំហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជាទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីត្រៀមឆ្ពោះទៅប្រកួតប្រជែងមេដាយ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣។
ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា លោកអគ្គនាយក បានកោតសរសើរចំពោះការលះបង់ពុះពារការលំបាក យកអស់ស្មារតីខិតខំហ្វឹកហាត់ ក្នុងការបង្កើនគុណផលរបស់កីឡាករ កីឡាការិនី គ្រូបង្វឹក អនុរក្ស ដើម្បីត្រៀមប្រកួតដណ្ដើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ជាមួយគ្នានេះ លោក អ៊ុក សិទ្ធិជាតិ ក៏ថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិ CAMSOC ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន និងលោកបណ្ឌិត ថោង ខុន ជាអនុប្រធានអចិន្ត្រៃយ៍ ដែលតែងតែឧបត្ថម្ភគាំទ្រ និងផ្តល់ការលើកទឹកចិត្តគ្រប់បែបយ៉ាងដល់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ដើម្បីឆ្ពោះទៅសម្រេចភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ក្រោយកម្ពុជារង់ចាំ ៦៤ ឆ្នាំ។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ជាក់ថា ការរៀបចំប្រមូលផ្ដុំក្រុមកីឡាជម្រើសជាតិ ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ ដោយសារឆ្នាំ ២០២១-២០២៣ នេះ ក្រសួងបានច្របាច់បញ្ចូលគ្នារវាងក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឈានទៅសម្រិតសម្រាំងជ្រើសរើសកីឡាករជម្រើសជាតិសរុប ៩៣៨ នាក់ (កីឡាការិនី ៣៤៦ នាក់) និងគ្រូបង្វឹក ១៧៦ នាក់ ដែលមានគុណផលខ្ពស់ និងសីលធម៌ល្អ ព្រមទាំងអនុរក្សចំនួន ៥២ នាក់។
លោកបញ្ជាក់ថា ក្រុមជម្រើសជាតិ ត្រូវបានរៀបចំឲ្យមានការហាត់ហ្វឹកហ្វឺន ក្នុងប្រទេសដូចជា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ មាន ៩ ប្រភេទកីឡា ស្មើនឹង ១៦២ វិញ្ញាសា និងមានកីឡាករ កីឡាការិនីសរុប ១៦១ នាក់ គ្រូបង្វឹក ៣១ នាក់ និងអនុរក្ស ០៨ នាក់ ចំណែកនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក មាន ១៧ ប្រភេទកីឡា ស្មើនឹង ២៣០ វិញ្ញាសា ហើយមានកីឡាករ កីឡាការិនីសរុប ៣០៩ នាក់ គ្រូបង្វឹក ៦២ នាក់ និងអនុរក្ស ១៧ នាក់។ ចំពោះនៅតាមសហព័ន្ធកីឡាជាតិវិញ មាន១៤ ប្រភេទកីឡា ស្មើនឹង ១៨៦ វិញ្ញាសា និងមានកីឡាករ-កីឡាការិនី សរុប ២៨៣ នាក់ គ្រូបង្វឹក ៦២ នាក់ និងអនុរក្ស ១៤ នាក់។
ដោយឡែក សម្រាប់ការហាត់ហ្វឹកហ្វឺន នៅក្រៅប្រទេស មានកីឡាករ កីឡាការិនីសរុប ២២៦ នាក់ ត្រូវបានបញ្ជូនឲ្យធ្វើការហាត់ហ្វឹកហ្វឺននៅក្រៅប្រទេស ដូចជា នៅសាធារណរដ្ឋប្រជាមានិតចិន មាន ១២ ប្រភេទកីឡា ស្មើនឹង ៧៨ វិញ្ញាសា ដោយមានកីឡាករ-កីឡាការិនីសរុប ១៤១ នាក់ និងគ្រូបង្វឹកចំនួន ១៣ នាក់ គឺហាត់ហ្វឹកហ្វឺនរយៈពេល ០៤ ខែ។ រីឯនៅសហរដ្ឋអាមេរិក មាន ៦ ប្រភេទកីឡា ដូចជា ជីជីតស៊ូ, តេក្វាន់ដូ WT, បាល់បោះ, ហែលទឹក, វាយកូនបាល់ និងវាយកូនឃ្លីលើតុ មាន ១៣ វិញ្ញាសា កីឡាករ-កីឡាការិនីសរុប ២៦ នាក់ និងគ្រូបង្វឹក ០៤ នាក់ ហាត់ហ្វឹកហ្វឺនរយៈពេល ៤ ខែ។
ចំពោះនៅប្រទេសបារាំងវិញ មាន ២ ប្រភេទ គឺកីឡាតេក្វាន់ដូ WT និងទ្រីយ៉ាត្លុង មាន ៣ វិញ្ញាសា កីឡាករ សរុប ៣ នាក់ ហាត់ហ្វឹកហ្វឺនរយៈពេល ០៤ ខែ និងនៅបណ្ដាប្រទេសអាស៊ី រួមមាន ប្រទេសវៀតណាម ប្រទេសថៃ មីយ៉ាន់ម៉ា ប្រទេសអ៊ូបេគីស្ថាន ប្រទេសកាណាដា និងប្រទេសកូរ៉េខាងត្បូងជាដើម ដោយមាន ៦៤ វិញ្ញាសា កីឡាករកីឡាការិនីសរុប ៨៧ នាក់ និងគ្រូបង្វឹក ១៤ នាក់ ហាត់ហ្វឹកហ្វឺនរយៈពេល ០៤ ខែ។
យ៉ាងណាមិញ សម្រាប់ការហាត់ហ្វឹកហ្វឺនក្រុមកីឡាជម្រើសជនពិការជាតិ សម្រាប់ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ គឺក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងការជ្រើសរើសកីឡាករ កីឡាការិនីជនពិការ និងប្រមូលផ្ដុំហាត់ហ្វឹកហ្វឺនរយៈពេល ៥ ខែ ចាប់ពីខែមករា រហូតដល់ខែឧសភា មានចំនួន ១៣ ប្រភេទកីឡា ស្មើនឹង ១០១ វិញ្ញាសា និងមានកីឡាករកីឡាការិនីសរុប ១៦៥ នាក់ គ្រូបង្វឹក ៣១ នាក់ និងអនុរក្ស ១៦ នាក់ ហើយត្រូវបានរៀបចំឲ្យហាត់ហ្វឹកហ្វឺននៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន៕
អត្ថបទ ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


