ព័ត៌មានជាតិ
ឆ្នេរតេជោសន្តិភាពកែប លេចរូបរាងបណ្តើរៗគ្រោងបើកឲ្យពលរដ្ឋចូលកម្សាន្តអំឡុងបុណ្យអុំទូក
ឆ្នេរតេជោសន្តិភាពកែប សម្រេចបានវឌ្ឍនភាពកំពុងសម្រុកឲ្យរួចរាល់មុនពិធីបុណ្យអុំទូក ដើម្បីបើកឲ្យពលរដ្ឋអាចចូលទៅកម្សាន្តសប្បាយ។
បើតាមប្រភពពីមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្របានឲ្យកម្ពុជាថ្មីដឹងថា តាមការណែនាំរបស់ថ្នាក់ដឹកនាំ គម្រោងអភិវឌ្ឍឆ្នេរតេជោសន្តិភាពកែបដែលមានប្រវែង ២ ៧០០ ម៉ែត្រ នឹងត្រូវជំរុញបញ្ចប់ឲ្យបានរួចរាល់មុនពិធីបុណ្យអុំទូកខាងមុខ។

«ក្រុមការងារកំពុងជំរុញបញ្ចប់សាងសង់រង្វង់មូលនៅក្រោយផ្សារក្តាម ខណៈរង្វង់មូលលោកយាយជំទាវម៉ៅក៏រួចរាល់ច្រើនដែរ ប៉ុន្តែនៅសល់រូបចម្លាក់កម្ពស់ ២១ ម៉ែត្រ»។
មន្រ្តីរូបនេះបានបន្តថា ជំហានដំបូងត្រូវបញ្ចប់ការសាងសង់រង្វង់មូលសម្រាប់គយគន់ទេសភាពទាំងពីរទីតាំងក្នុងគម្រោង រួមទាំងពយទប់ទឹករលកឲ្យបានមុនពិធីបុណ្យអុំទូក ខណៈជំហានបន្តទៀតដួចជាការសាងសង់ផ្លូវថ្មើរជើង ផ្លូវជិះកង់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនឹងបញ្ចប់បន្តបន្ទាប់តាមគម្រោងផែនការ។
គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពកែប» ធ្វើឡើងក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍រួមគ្នារវាងរដ្ឋ និងឯកជន ក្នុងគោលដៅកែលម្អនិងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈដ៏ប្រណិត សម្រាប់បម្រើការកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តកែប។



ការអភិវឌ្ឍឆ្នេរប្រណិតកម្រិតខ្ពស់នៅខេត្តកែប គ្រោងប្រើប្រាស់រយៈពេល ២ ឆ្នាំ។ បើតាមគំរូប្លង់ ការអភិវឌ្ឍឆ្នេរកម្សាន្តខេត្តកែប ត្រូវបានចាត់ទុកជាគម្រោងអភិវឌ្ឍឆ្នេរដ៏ប្រណិតដំបូងគេក្នុងប្រទេសកម្ពុជា។
តាមរយៈគម្រោងអភិវឌ្ឍឆ្នេរកម្សាន្តថ្មីនេះ នឹងជួយលើកកម្ពស់មុខមាត់ខេត្តកែបក៏ដូចជាទាក់ទាញទេសចរមកកម្សាន្តខេត្តកែបកាន់តែច្រើនថែមទៀត។
ពាក់ព័ន្ធគម្រោងអភិវឌ្ឍឆ្នេរកម្សាន្តថ្មីនៅខេត្តកែបនេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបមិនបានបង្ហើបតម្លៃខ្ទង់ចំណាយក្នុងគម្រោងនេះទេ។ ឆ្លើយតបសំនួររបស់កម្ពុជាថ្មី ក្នុងឱកាសចូលរួមពិធីបើកការដ្ឋានសាងសង់ លោកគ្រាន់តែបញ្ជាក់ថា ថវិកាយកមកអភិវឌ្ឍឆ្នេរដ៏ប្រណិតនេះ បានមកពីម្ចាស់ក្បាលដីចូលរួមជាមួយរដ្ឋដោយមិនមានការវិនិយោគពីវិស័យឯកជនណានោះទេ។



បើតាមប្លង់មេ គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នៅខេត្តកែបមានប្រវែង ២ ៧០០ ម៉ែត្រ ចាប់ពីផ្សារក្ដាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ក្នុងនោះត្រូវសាងសង់ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់មានទទឹងយ៉ាងតិចប្រវែង ៣០ ម៉ែត្រ។ ក្នុងគម្រោងក៏មានការសាងសង់សួនច្បារសាធារណៈ និងការដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រមានទទឹង ៥០ ម៉ែត្រ។
គម្រោងអភិវឌ្ឍឆ្នេរនេះ ក៏មានការស្ថាបនាវិថីនិងអនុវិថីចូលឆ្នេរសមុទ្រចំនួន ៥ ខ្សែ រួមមានការរៀបចំផ្លូវថ្មើរជើង ផ្លូវថ្មើរជើងសម្រាប់ជនមានពិការភ្នែក ផ្លូវជិះកង់ និងរង្វង់មូលគយគន់ទេសភាពចំនួន ២ កន្លែង ដោយរង្វង់មូលទី១ មានអង្កត់ផ្ចិតប្រវែង ៩៩ ម៉ែត្រស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី១ ដែលគ្រោងតម្កល់នូវរូបចម្លាក់លោកយាយជំទាវម៉ៅក្នុងទម្រង់មេទ័ពជាញជ័យ។ រីឯរង្វង់មូលទី ២ មានអង្កត់ផ្ចិតប្រវែង ៩៩ ម៉ែត្រ ស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី២ គ្រោងរក្សាទុកជាលម្អសាធារណៈសម្រាប់ប្រារព្ធពិធីបុណ្យនិងពិព័រណ៍នានា៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា៤ ម៉ោង agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


