Connect with us

ព័ត៌មានអន្ដរជាតិ

ការរំលាយសភារបស់ អានុទីន បង្កើនភាពស្រពិចស្រពិលកាន់តែខ្លាំង សម្រាប់សេដ្ឋកិច្ចថៃ

បានផុស

នៅ

ការសម្រេចចិត្តរំលាយសភារបស់នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានរីរៈគុណ បង្កើនភាពស្រពិចស្រពិលកាន់តែខ្លាំងទាំងនយោបាយ និងសេដ្ឋកិច្ចថៃ​ ខណៈសង្រ្គាមឈ្លានពានកម្ពុជាដែលបន្តអូសបន្លាយ​ បាន​ប៉ះពាល់​ដល់ទំនុកចិត្តវិនិយោគិនរួចស្រាប់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer នៅព្រឹកថ្ងៃសុក្រនេះ មហាក្សត្រថៃបានចេញព្រះរាជក្រឹត្យ​រំលាយសភាតាមសំណើររបស់លោក អានុទីន ដែលថា រដ្ឋាភិបាលចម្រុះរបស់លោក​ប្រឈមមុខនឹង​អស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ រួមបញ្ចូលទាំងអរិភាពនៅតាមព្រំដែនថៃ-កម្ពុជា។

​ការរំលាយសភាថៃនេះ នឹង​បើកផ្លូវឱ្យ​មាន​ការរៀបចំការបោះឆ្នោតថ្មីក្នុងចន្លោះពេល ៤០-៦០ ថ្ងៃខាងមុខ យ៉ាងណាមិញ វាហាក់លឿនជាងអ្វីដែលលោក អានុទីន ធ្លាប់បាន​សន្យាថាធ្វើនៅខែមករា ដើមឆ្នាំ ២០២៦។

អ្នកតាមដាន​បាន​និយាយថា ការវិវត្តចុងក្រោយ បង្ហាញពីអស្ថិរភាពនយោបាយក្នុងស្រុកថៃដែលបន្ត​អូស​បន្លាយ ដែលប៉ះពាល់ដល់ទំនុកចិត្តសហគមន៍អន្តរជាតិ​ គំរាមកំហែងដល់ប្រព័ន្ធសភា និងការគ្រប់គ្រងរដ្ឋបាលបែបប្រជាធិបតេយ្យ។

អ្នកខ្លះថែមទាំងបាន​លើកឡើងថា ការរំលាយសភារបស់លោក អានុទីន បង្កើនភាពមិនច្បាស់លាស់សម្រាប់​ថ្នាក់ដឹកនាំថៃ ដែលផ្ដល់សិទ្ធិអំណាចកាន់តែច្រើនដល់យោធា ហើយអាចធ្វើឱ្យជម្លោះព្រំដែនជាមួយកម្ពុជាកាន់តែតានតាំង ទោះបីជាបញ្ហានេះបង្កផលខូចខាតសម្រាប់សេដ្ឋកិច្ចថៃធ្ងន់ធ្ងរក៏ដោយ។

គួរគូសបញ្ជាក់ថា លំហូរទំនិញតាមច្រកព្រំដែនគោកថៃ-កម្ពុជា ត្រូវបាន​ធ្លាក់ចុះស្ទើរតែស្រុងរាប់តាំងពីពេលយោធាថៃបិទច្រកជាឯកតោភាគីនៅខែមិថុនាមក។ គណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋាភិបាល​ថៃ ធ្លាប់បាន​ចេញរបាយការណ៍ព្យាករណ៍កាលពីខែតុលា​ថា ថៃអាចខាតបង់សេដ្ឋកិច្ចរហូតដល់ទៅ ១០០ ប៊ីលាន​បាត គិតត្រឹមចុងឆ្នាំ ២០២៥ ​ប្រសិនបើភាពតានតឹងជាមួយកម្ពុជា​បន្តអូសបន្លាយរហូតដល់ចុងឆ្នាំ ដោយក្នុង ១ខែៗ ត្រូវខាតបង់ប្រមាណ ១៥ ប៊ីលាន​បាត។

ក្រៅតែពីលំហូរទំនិញតាមព្រំដែនគោក ជម្លោះព្រំដែនជាមួយ​កម្ពុជាបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ទេសចរណ៍​ និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗក្នុងតំបន់ជាប់ព្រំដែនថៃ ក៏ដូចជាវិស័យការងារ ក្រោយកម្មករចំណាកស្រុក​កម្ពុជាធ្វើមាតុភូមិនិវត្តន៍ទ្រង់ទ្រាយធំ។

បើមែនទែនទៅ សេដ្ឋកិច្ចថៃ ដែលដើរអូសជើងចាញ់ប្រទេសក្នុងតំបន់ផ្សេងទៀតនោះ បាន​រងនូវសម្ពាធដ៏ធ្ងន់ធ្ងររួចស្រាប់ទៅហើយរួមទាំងអស្ថិរភាពនយោបាយ បំណុលគ្រួសារខ្ពស់ កម្សោយតម្រូវការ និងហានិភ័យពីខាងក្រៅ រួមទាំងភាពមិនប្រាកដប្រជាសេដ្ឋកិច្ចសកល និងពន្ធគយរបស់សហរដ្ឋអាមេរិក។ ទន្ទឹមនឹង​នោះ គ្រោះមហន្តរាយធម្មជាតិ ជាពិសេសទឹកជំនន់នៅភាគខាងត្បូងថៃ ថ្មីៗនេះបានបណ្ដាលឱ្យមាន​ការខាតបង់សេដ្ឋកិច្ចជាដំណំ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិប្រជាជន និងរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដែលត្រូវការពេលវេលាកាន់តែច្រើន ដើម្បីស្ដារឡើងវិញ។

ការណ៍គួរឱ្យ​កត់សម្គាល់នោះ គឺថា អស្ថិរភាពនយោបាយថៃ​បាន​ប៉ះពាល់ខ្លាំងដល់ទំនុកចិត្តវិនិយោគិនទាំងក្នុង និងក្រៅស្រុករួចហើយ។ តួយ៉ាង សារព៍ត៌មាន Bloomberg បាន​ចុះផ្សាយនៅថ្ងៃសុក្រនេះថា ថៃកំពុងឃើញលំហូរប្រាក់ចេញក្រៅប្រទេសកាន់តែច្រើន ខណៈវិនិយោគិនក្នុងស្រុកបានផ្លាស់ប្តូរមូលនិធិទៅក្រៅប្រទេស ដែលបន្ថែមសម្ពាធដល់ទីផ្សារភាគហ៊ុនដែលខ្សោយរួចទៅហើយ។

Bloomberg បាន​បន្តយ៉ាងដូច្នេះថា៖ «អស់់រយៈពេលជាច្រើនឆ្នាំមកហើយ ភាពចលាចលនយោបាយ រឿងអាស្រូវសាជីវកម្ម និងការធ្លាក់ចុះនៃវិស័យទេសចរណ៍បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត។ ភាពមិនប្រាកដប្រជាអាចកើនឡើងបន្ថែមទៀត ក្រោយ​​នាយករដ្ឋមន្ត្រី ​អានុទីន ឆាន់វីរៈគុល បានរំលាយសភាកាលពីថ្ងៃព្រហស្បតិ៍សម្រាប់ការបោះឆ្នោតមុនកាលកំណត់ ទោះបីជាប្រាក់បាត និងភាគហ៊ុនបានកើនឡើងមួយរយៈខ្លី​ក៏ដោយ»។

សារព័ត៌មានដដែលបន្តទៀតថា វិនិយោគិនថៃឥឡូវនេះបានលក់ភាគហ៊ុនក្នុងស្រុកអស់រយៈពេល ៧ ត្រីមាសជាប់ៗគ្នា និងបានទិញភាគហ៊ុន និងមូលបត្របរទេសក្នុងបរិមាណ​ខ្ពស់បំផុតមិនធ្លាប់មាន​ ដោយធ្វើតាមនិន្នាការនៃមូលនិធិអន្តរជាតិផ្សេងៗ។

​ចំពេលដែលជម្លោះព្រំដែនជាមួយ​កម្ពុជា ក៏មានក្ដីបារម្ភផងដែរថានឹង​មាន​ហានិភ័យសម្រាប់ការចរចាពាណិជ្ជកម្មពាក់ព័ន្ធពន្ធរវាងថៃ និងសហរដ្ឋអាមេរិក ដោយហេតុថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹង​ប្រើការគំរាមកំហែងផ្លូវពន្ធ ឬពាណិជ្ជកម្មជាថ្មីម្ដងទៀត​ ដើម្បីដាក់សម្ពាធថៃឱ្យចូលតុចរចាជាមួយ​កម្ពុជា។ ថៃបាន​ប្រកាសចុងក្រោយនេះថា ខ្លួនបិទផ្លូវចរចាជាមួយកម្ពុជា និងចាត់ទុក​វិបត្តិព្រំដែនជារឿងដាច់ដោយឡែកពីបញ្ហាពាណិជ្ជកម្មជាមួយអាមេរិក។

ការចរចាពន្ធគឺជារឿងដ៏សំខាន់មួយសម្រាប់ប្រទេសថៃ ដែលមានសហរដ្ឋអាមេរិកជាទីផ្សារនាំចេញដ៏ធំបំផុតមួយ​របស់ខ្លួន ក្នុងទំហំសរុបប្រមាណ ៦៣,៣ ប៊ីលា​នដុល្លារ នៅឆ្នាំ ២០២៤។ អាជីវកម្ម និងសេដ្ឋវិទូថៃ កំពុងជំរុញយ៉ាងណា កុំឱ្យបញ្ហាពាណិជ្ជកម្មជាមួយអាមេរិកក្លាយជាបន្ទុកកាន់តែធ្ងន់សម្រាប់សេដ្ឋកិច្ច ដែលដើរអូសជើងរួចស្រាប់ហើយ និងរំពឹងមានកំណើនត្រឹម ២% ឆ្នាំនេះ (តាមការព្យាករចុងក្រោយ​របស់ធនាគារពិភពលោក)។

ភាពស្រពិលនយោបាយថៃមានន័យថា ភាពស្រពិចស្រពិលនៃការដោះស្រាយបញ្ហាសេដ្ឋកិច្ចសម្រាប់ប្រជាជន ខណៈថៃក្លាយជាប្រទេសដែលមានវិសមភាពសេដ្ឋកិច្ច​ដ៏ខ្លាំងបំផុតមួយ​លើពិភព​លោក ដោយ​យោងតាមរបាយការណ៍វិសមភាពពិភពលោកឆ្នាំ ២០២៦ ដែលទើបចេញផ្សាយថ្មីៗនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Prachatai កាលពីថ្ងៃព្រហស្បតិ៍។

កាសែតបាងកកប៉ុស្តិ៍ឯណោះវិញ បានចុះផ្សាយនៅថ្ងៃសុក្រនេះថា អំពើពុករលួយ ភាពក្រីក្រ និងជម្លោះយោធា ស្ថិតក្នុងចំណោមក្តីបារម្ភចម្បងៗសម្រាប់ប្រជាជនថៃ​ក្នុងឆមាសទី ២ នៃឆ្នាំ ២០២៥ ខណៈ​ការភ័យខ្លាចអំពីវិបត្តិសេដ្ឋកិច្ចនៅតែបន្តរារាំងការចំណាយរបស់ប្រជាជន ហើយ​ការក្លែងបន្លំ ឬចារកម្មអនឡាញ ត្រូវបានចាត់ទុកថាជាហានិភ័យធ្ងន់ធ្ងរ ដោយ​ថៃកត់ត្រាកម្រិតខ្ពស់បំផុតនៃក្តីបារម្ភទូទាំងពិភពលោក។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារអន្តរជាតិ​ Ipsos៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម