Connect with us

ព័ត៌មានអន្ដរជាតិ

វិស័យឯកជនថៃទាមទារឱ្យរដ្ឋាភិបាលដោះស្រាយ​បញ្ហាពុករលួយ កសិកម្ម និងពាណិជ្ជកម្ម

បានផុស

នៅ

សភាពាណិជ្ជកម្មថៃ បានទាមទារ​ស្នើឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី អានុទីន​ ឆានវីរៈគុណ ផ្ដល់អាទិភាពដោះស្រាយបញ្ហាជាតិចំនួន៣ធំៗ រួមមាន​ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការកែទម្រង់កសិកម្ម និងការជំរុញពាណិជ្ជកម្ម និងការវិនិយោគ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ លោក Poj Aramwattananont បាន​ឱ្យដឹងថា សំណើទាំងនេះត្រូវបាន​​លើកឡើងក្នុងជំនួបរវាងលោក អានុទីន និង​បណ្ដា​នាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុនវិស័យឯកជនឈានមុខគេរបស់ថៃកាលពីថ្ងៃសុក្រសប្ដាហ៍មុន​។

កិច្ចប្រជុំនេះមានគោលបំណងប្រមូលទស្សនៈ និងអនុសាសន៍ពីវិស័យធុរកិច្ចអំពីរបៀបបង្កើនភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសថៃ ចំពេលគូប្រជែងសំខាន់ៗក្នុងតំបន់ ដូចជាវៀតណាម កំពុងមាន​ប្រៀបជាង។

លោក Poj បាននិយាយថា អំពើពុករលួយនៅតែជាបញ្ហារ៉ាំរ៉ៃដែលរារាំងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយថៃត្រូវតែ​បង្ហាញយ៉ាងច្បាស់ដល់សហគមន៍អន្តរជាតិថា ខ្លួនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការចាត់វិធានការដោះស្រាយបញ្ហានេះ ជាពិសេស​នៅពេលថៃកំពុងស្វែងរកការលើកកម្ពស់ស្តង់ដារ​ស្របតាមមហិច្ឆតារបស់ខ្លួន​ដើម្បី​ចូលរួមជាមួយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។

​បន្ថែមពីលើនោះ លោក Poj បាន​បន្តថា សភាពាណិជ្ជកម្ម​បាន​ស្នើអន្តរាគមន៍ជាបន្ទាន់ពីរដ្ឋាភិបាល និងកំណែទម្រង់កសិកម្មដ៏ទូលំទូលាយ ដើម្បីបង្កើនផលិតភាព បង្កើនប្រាក់ចំណូលភ្លាមៗ កាត់បន្ថយថ្លៃដើម និងធ្វើឱ្យតម្លៃកសិផល​មានស្ថេរភាពសម្រាប់កសិករ និងសមាជិកគ្រួសារជាង ៣០ លាននាក់។ ​សភា​បានជំរុញឱ្យប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍កាន់តែទូលំទូលាយនៅទូទាំងខ្សែ​ច្រវ៉ាក់តម្លៃកសិកម្ម​ ចាប់ពីការផលិត និងការគ្រប់គ្រងទឹក រហូតដល់ការធ្វើទីផ្សារ និងការបង្កើតតម្លៃ ​ដើម្បីធានាថាកសិករមានប្រាក់ចំណូលមានស្ថេរភាព និងនៅតែមានការប្រកួតប្រជែងរយៈពេលវែង។

សំណើទី៣ បានជំរុញឱ្យ​ថៃពន្លឿនការពង្រីកពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ខណៈ​ពង្រឹងភាពធន់រយៈពេលវែងរបស់សេដ្ឋកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម