Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមប្រឈមការកើនឡើងមនុស្សចាស់ និងអតុល្យភាពយេនឌ័រខ្ពស់បំផុតនៅឆ្នាំ២០៥៩

បានផុស

នៅ

យោងតាមការព្យាកររយៈពេលវែងដែលចេញផ្សាយកាលពីថ្ងៃអង្គារទី២៣ធ្នូ​២០២៥ ចំនួនប្រជាជនវៀតណាមត្រូវបានរំពឹងថានឹងកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ​២០៥៩​ខាង​មុខ ដែលបន្ទាប់ពីនោះ ប្រទេសនេះនឹងប្រឈមមុខនឹងកំណើនយឺត ការកើនឡើងយ៉ាងលឿននៃចំនួនមនុស្សចាស់ និងអតុល្យភាពយេនឌ័រដែលនៅតែបន្តកើតមាន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ Vietnam News អគ្គនាយកដ្ឋានស្ថិតិ សហការជាមួយមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) បានបង្ហាញលទ្ធផលដែលទទួលបានពីទិន្នន័យជំរឿនថ្មីៗ និងការអង្កេតលើក្រុមជនជាតិភាគតិចចំនួន៥៣ ក្រុម។ ក្រោមសេណារីយ៉ូនៃអត្រាបង្កកំណើតកម្រិតមធ្យម ចំនួនប្រជាជនវៀតណាមអាចកើនឡើងដល់ប្រហែល១១៤លាននាក់នៅឆ្នាំ២០៧៤ ទោះបីជាលទ្ធផលអាចប្រែប្រួលអាស្រ័យលើនិន្នាការនៃអត្រាបង្កកំណើតក៏ដោយ។

របាយការណ៍បានព្រមានថា «រចនាសម្ព័ន្ធប្រជាជនមាស» របស់វៀតណាម ដែលជាដំណាក់កាលដែលចំនួនប្រជាជនក្នុងវ័យធ្វើការមានច្រើនជាងអ្នកនៅក្នុងបន្ទុក នឹងត្រូវបញ្ចប់នៅឆ្នាំ២០៣៦ ដែលឈានចូលដល់យុគសម័យនៃចំនួនមនុស្សចាស់ និងចុងក្រោយគឺយុគសម័យមនុស្សចាស់កម្រិតខ្ពស់។ ការផ្លាស់ប្តូរប្រជាសាស្ត្រនេះត្រូវបានរំពឹងថានឹងដាក់សម្ពាធលើការផ្គត់ផ្គង់កម្លាំងពលកម្ម ប្រព័ន្ធថែទាំសុខភាព និងប្រព័ន្ធការពារសង្គម។

របាយការណ៍​ដដែល ក៏បានលើកឡើងពីវិសមភាពក្នុងចំណោមក្រុមជនជាតិភាគតិចផងដែរ ដោយកត់សម្គាល់ថា អត្រាអក្ខរកម្មគឺមានកម្រិតខ្ពស់ជាងពីរដងក្នុងចំណោមប្រជាជនដែលមានសមាជិកតិចជាង ១០ ០០០​នាក់។ ការរៀបការទាំងវ័យក្មេង ការអប់រំមានកម្រិតទាប និងអនាម័យមិនល្អ រួមចំណែកដល់ភាពក្រីក្រដែលនៅតែបន្តកើតមាន។ មន្ត្រីបានសង្កត់ធ្ងន់ថា ការអប់រំកម្រិតមធ្យមសិក្សាសម្រាប់កុមារី គឺជាឧបករណ៍ដ៏សំខាន់មួយដើម្បីកាត់បន្ថយភាពក្រីក្រពី​មួយ​ជំនាន់​ទៅ​មួយជំនាន់ និងទប់ស្កាត់ការរៀបការទាំងវ័យក្មេង។

អ្នកជំនាញនិយាយថា រយៈពេលដែលវៀតណាមអាចទាញយកអត្ថប្រយោជន៍យ៉ាងពេញលេញពី «ភាគលាភប្រជាសាស្ត្រ» របស់ខ្លួនកំពុងរួមតូចទៅៗ ដែលធ្វើឲ្យការរៀបចំផែនការរយៈពេលវែងលើបញ្ហាមនុស្សចាស់ ចំណាកស្រុក និងតុល្យភាពយេនឌ័រ កាន់តែមានភាពបន្ទាន់ខ្លាំងឡើង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម