Connect with us

ព័ត៌មានជាតិ

«មហោស្រពសៀមរាបជាទីស្រឡាញ់» នឹងរៀបចំព្រឹត្តិការណ៍ខ្នាតធំរយៈពេល ២យប់ ដើម្បី​ចែករំលែក​ក្តី​សង្ឃឹម និង​សន្តិភាព

បានផុស

នៅ

ក្រុមជំនុំព្រះជាម្ចាស់ខេត្តសៀមរាប សហការជាមួយក្រុមជំនុំជាង ៤០០ មកពីខេត្តចំនួន៥ និងសមាគមផ្សព្វផ្សាយដំណឹងល្អ ប៊ីលី ហ្គ្រាម (BGEA) នឹងរៀបចំព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដែល​មានឈ្មោះថា “មហោស្រពសៀមរាបជាទីស្រឡាញ់” ប្រព្រឹត្តទៅរយៈពេល ២រាត្រី ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅទីតាំងព្រលានយន្តហោះចាស់ ខេត្តសៀមរាប ដែល​នឹងមាន​ការសម្តែងតន្ត្រីផ្ទាល់ពីសំណាក់សិល្បករក្នុងស្រុក និងសិល្បករ​អន្តរជាតិ​ល្បីៗ​ជាច្រើន​រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសិទសារព័ត៌មានជុំវិញការរៀបចំព្រឹត្តិការណ៍ខាងលើ លោក លន់ សូភី អនុប្រធាន​គណៈកម្មការ​រៀបចំមហោស្រពសៀមរាបជាទីស្រឡាញ់ បានបង្ហាញថា ព្រឹត្ដិការណ៍​នេះ​នឹង​ក្លាយ​ជាព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រមួយសម្រាប់ខេត្តសៀមរាប ដែលបានរៀបចំឡើងជាលក្ខណៈខ្នាតធំ ដែល​ប្រព្រឹត្តទៅរយៈពេលពីររាត្រី ដោយបើកឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកពី​គ្រប់​ទិសទី​អាចចូលរួម​ដោយឥតគិតថ្លៃ ក្នុងនោះមានការរៀបចំការប្រគំតន្រ្ដី ពីក្រុមសិល្បៈករខ្មែរ ក្រុម​តន្រ្តីករមកពីបរទេសដែលធ្លាប់ឈ្នះពានរង្វាន់ ដូចជា TAYA និងក្រុម The Afters ផងដែរ។

លោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ (Franklin Graham) ប្រធាន និងជានាយកប្រតិបត្តិ​នៃសមាគម​ផ្សព្វផ្សាយ​ដំណឹងល្អ ប៊ីលី ហ្រ្គាម (BGEA) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តសៀមរាប ដែលបានផ្តល់ការគាំទ្រ និងអនុញ្ញាត​ឱ្យព្រឹត្តិការណ៍នេះលេចចេញ​ជារូបរាង​ឡើង នៅលើទឹកដីប្រវត្តសាស្ត្រសៀមរាបអង្គរ។

លោក​ថា៖ «ពិត​ណាស់ គោលបំណងចម្បង​នៃមហោស្រពនេះ គឺដើម្បីចែករំលែក​សារ​នៃ​ក្ដី​សង្ឃឹម​ពីព្រះ​គម្ពីរ និងអធិស្ឋានសុំសន្តិភាពដ៏យូរអង្វែងសម្រាប់កម្ពុជា តាមរយៈព្រះយេស៊ូវគ្រីស្ទ»។

លោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ បានលើកឡើងថា ខេត្តសៀមរាប គឺជាគោលដៅ​ទេសចរណ៍អន្តរជាតិ​ដ៏​សំខាន់ ដែលមនុស្សជុំវិញពិភពលោកចង់មកទស្សនា ជាពិសេសគឺ ប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយវត្ថុមួយនៃពិភពលោក។ លោកបានសម្តែងនូវក្តី​សោមនស្សរីករាយ​យ៉ាងខ្លាំង​ក្នុងដំណើរ​មកកាន់​ទឹកដីខេត្តសៀមរាប ដែលជាទីក្រុងមួយដ៏អស្ចារ្យ និងជាគោលដៅ​អន្តរជាតិ​ដែលមនុស្ស​ជុំវិញពិភពលោកប្រាថ្នាចង់មកទស្សនា។

លោកបានបង្ហាញថា ទោះបីកម្ពុជាកំពុងមានបញ្ហាព្រំដែន ប៉ុន្តែលោក​មានអារម្មណ៍ថា​មានសុវត្ថិភាពខ្លាំង​នៅកម្ពុជា ហើយប្រជាជនកម្ពុជា គឺជាមនុស្សដែលមានចិត្តល្អ រាក់ទាក់ និង​មាន​សន្តានចិត្តល្អ។ លោកក៏បានសម្តែងការដឹងគុណយ៉ាងខ្លាំងចំពោះដំណោះស្រាយសន្តិភាព និងកិច្ចព្រមព្រៀងសន្តិភាពដែលបានកើតឡើង ដោយលោក​បានអរព្រះគុណ​ដល់ព្រះជាម្ចាស់​សម្រាប់រឿងនេះ។

លោកបន្ថែម​ថា៖ «វាជារឿងសំខាន់ដែលពិភពលោកត្រូវដឹងថា កម្ពុជាគឺ​ជាកន្លែង​ដ៏​អស្ចារ្យ​សម្រាប់ការមកកម្សាន្ត ហើយលោកលើកទឹកចិត្តឱ្យមនុស្សមកទស្សនាទីនេះ»។

លោកក៏បានរំពឹងថា តាមរយៈព្រឹត្តិការណ៍ «មហោស្រពសៀមរាបជាទីស្រឡាញ់» នឹងទាក់ទាញមហាជនយ៉ាងច្រើនកុះករ ឱ្យមកជួបជុំគ្នាដើម្បីទទួលយកភាពសប្បាយ​រីករាយ​តាមរយៈ​តន្ត្រី និងសារនៃក្តីស្រឡាញ់ ក្នុងបរិយាកាសដ៏អធិកអធមនៅក្នុងក្រុងសៀមរាប៕


ដោយ​៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម