Connect with us

សេដ្ឋកិច្ច

​គម្រោង​ព្រែកជីកហ្វូណនតេជោ ​តម្លៃ ១,៧ ពាន់លានដុល្លារ នឹង​​​ដាក់គ្រឿង​​ចក្រសាងសង់ ​បន្ទាប់​ពីបញ្ចប់​​ការដោះស្រាយផលប៉ះពាល់

បានផុស

នៅ

គម្រោងព្រែកជីកហ្វូណនតេជោ ​ដែលគ្រោងចំណាយទុនវិនិយោគប្រមាណ ១៧០០ លានដុល្លារ នឹង​ចាប់ផ្ដើម​ដាក់គ្រឿងចក្រ​សាងសង់ជាផ្លូវការ​នៅពេល​ឆាប់ៗ​ខាង​មុខនេះ ​បន្ទាប់​ពី​បញ្ចប់​ការដោះស្រាយផលប៉ះពាល់ ​និង​ការផ្ដល់សំណង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ផន រឹម អ្នក​នាំពាក្យ​ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ០៥ ខែកុម្ភៈ ​ឆ្នាំ ២០២៦ ​ថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនឹងចាប់ផ្ដើមនៅពេលខាងមុខនេះ បន្ទាប់ពីបញ្ចប់ការដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋ និងនិតិវិធីផ្សេងៗ។

​បច្ចុប្បន្ន គម្រោងព្រែកជីកហ្វូណនតេជោ កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ​ផលប៉ះពាល់​ប្រជា​ពលរដ្ឋ។ ការដោះស្រាយផលប៉ះពាល់ ត្រូវធ្វើឡើងតាមយន្តការដោះស្រាយផល​ប៉ះពាល់​របស់​រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ដោយមានការចូល​រួមពី​មន្ត្រី​បច្ចេក​ទេសក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។

​គម្រោងព្រែកជីកហ្វូណនតេជោ​ គឺជាគម្រោងប្រវតិ្តសាស្រ្តកែប្រែ​មុខមាត់​កម្ពុជា ក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក។

គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់បាន​គ្រប់ជ្រុង​ជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមចន្លោះប្រហោងមួយ​ចំនួននៅក្នុងប្រព័ន្ធ​ដឹកជញ្ជូន​តាម​ផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និង​តម្លៃ​ដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូន​តាមប្រព័ន្ធ​ផ្លូវទឹក និងតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្រ។

នៅពេលគម្រោងនេះបញ្ចប់ នឹងចូលរួមលើកកម្ពស់ការតភ្ជាប់បណ្តាញផ្លូវទឹក​ក្នុងប្រទេស​ទៅសមុទ្រ​ជាតិ និងអន្តរជាតិ, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ជំរុញការធ្វើពាណិជ្ជកម្ម​ប្រកប​ដោយប្រសិទ្ធភាព និងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសធានាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

គម្រោងព្រែកជីហ្វូណនតេជោ ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ​២០២៤ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលគម្រោងព្រែក​ជីកនេះ​ត្រូវ​បានរំពឹងទុកថា នឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ​២០២៨ ខាងមុខ។

ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្តកែប ​ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWTទៅ-មក និងជៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងព្រែកជីកនេះ សាងសង់ស្ទើទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យហ្វូណន ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់មានប្រវែង ១៣៥ គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីប្រវែង ៧ គីឡូម៉ែត្រ និងផ្លូវទឹកជីកតម្រង់ប្រវែង ៣៨ គីឡូម៉ែត្រ។

កំណាត់ទី១ ចម្ងាយ ២៦ គីឡូម៉ែត្រ (ព្រែកតាកែវ ទៅទន្លេបាសាក់) នឹងត្រូវវិនិយោគ ១០០% ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី ២ ដែលមានចម្ងាយ ១៥៩ គីឡូម៉ែត្រ (ពីទន្លេបាសាក់ខេត្តតាកែវ រហូតដល់ខេត្តកែប) នឹងត្រូវវិនិយោគរួមគ្នា រវាងសហគ្រាសសាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសារជីវកម្មស្ពាន និងថ្នល់ (CRBC)៕

default

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម