Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាមមជ្ឈិមបូព៌ាកំពុង​ធ្វើ​ឲ្យ​​ទេសចរណ៍ថៃ ​ខាត​​ចំណូលជិត៦​ពាន់លានដុល្លារ

បានផុស

នៅ

វិស័យទេសចរណ៍ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសថៃ កំពុងស្ថិតក្នុងហានិភ័យធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដោយសារតែឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈិមបូព៌ាដែលបានរុញច្រានតម្លៃប្រេង​ឲ្យ​ហក់ឡើងខ្ពស់ និងរំខានដល់ការធ្វើដំណើរជុំវិញពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​របស់ Bloomberg លោកស្រី Natthriya Thaweevong អគ្គលេខាធិការនៃក្រសួងទេសចរណ៍ និងកីឡាថៃ បានព្រមានកាលពីថ្ងៃទី២៤​ខែមីនាថា បើសង្គ្រាមនេះនៅតែបន្តអូសបន្លាយដល់ទៅ៦​ខែទៀតនោះ ប្រទេសថៃអាចនឹងបាត់បង់ភ្ញៀវទេសចរបរទេសរហូតដល់៣​លាននាក់ក្នុងឆ្នាំ២០២៦។ ការធ្លាក់ចុះនេះ នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ចថៃខាតបង់ប្រាក់ប្រមាណ ១៥០ពាន់លានបាត (ប្រហែល ៥.៩ពាន់លានដុល្លារ) ដែលអាចរុញច្រានចំនួនភ្ញៀវ​ឲ្យ​ធ្លាក់ទៅដល់កម្រិតឆ្នាំ​២០២៣​វិញ និងធ្វើ​ឲ្យ​ផែនការទាក់ទាញភ្ញៀវ ៣៥លាននាក់របស់រដ្ឋាភិបាលត្រូវរលាយដូចអំបិលត្រូវទឹក។

ដើម្បីទប់ទល់នឹងស្ថានភាពដ៏អាក្រក់នេះ ប្រទេសថៃបានសម្រេចចិត្តប្តូរយុទ្ធសាស្ត្រទីផ្សារភ្លាមៗ ដោយងាកមកផ្ដោតលើការទាក់ទាញក្រុមអ្នកមានស្តុកស្តម្ភមកពីតំបន់មជ្ឈិមបូព៌ា ដែលកំពុងស្វែងរកកន្លែងសម្រាកកាយប្រកបដោយសុវត្ថិភាពពីជម្លោះ។ រដ្ឋាភិបាលថៃគ្រោងនឹងដកកញ្ចប់ថវិកាផ្សព្វផ្សាយដែលធ្លាប់ត្រៀមសម្រាប់ទីផ្សារអឺរ៉ុប និងអាមេរិក យកមកប្រើប្រាស់ក្នុងយុទ្ធនាការពិសេសនៅតំបន់មជ្ឈិមបូព៌ាវិញ ព្រោះក្រុមទេសចរទាំងនេះគឺជាអ្នកចំណាយច្រើនបំផុត ពោលគឺម្នាក់ៗចំណាយជាមធ្យមរហូតដល់ ៨០០០០បាត ក្នុងម្នាក់សម្រាប់ការដើរកម្សាន្តម្តងៗ។ ក្រៅពីនេះ ថៃក៏កំពុងលើកកម្ពស់ខ្លួនឯងថាជាគោលដៅឈានមុខគេសម្រាប់សេវាកម្មសុខាភិបាលលំដាប់ពិភពលោក និងព្យាយាមទាក់ទាញភ្ញៀវមកពីប្រទេសជិតខាងក្នុងតំបន់អាស៊ីដែលនៅជិតៗវិញ។

សង្គ្រាមនេះបានបន្ថែមសម្ពាធយ៉ាងខ្លាំងលើវិស័យទេសចរណ៍ ដែលរួមចំណែកដល់ទៅ ១២% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ ខណៈដែលវិស័យនេះកំពុងតែប្រឹងងើបឡើងវិញពីផលប៉ះពាល់មុនៗស្រាប់។ ទិន្នន័យបានបង្ហាញថា ចំនួនភ្ញៀវចាប់ពីដើមឆ្នាំរហូតដល់ចុងខែមីនាឆ្នាំ២០២៦នេះ បានធ្លាក់ចុះ ៣% រួចទៅហើយ បើធៀបនឹងឆ្នាំមុន។ ដើម្បីជួយសង្គ្រោះអាជីវកម្មក្នុងស្រុក រដ្ឋាភិបាលកំពុងពិចារណាលើការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ ការផ្អាកបង់បំណុលសម្រាប់ម្ចាស់សណ្ឋាគារ និងការរៀបចំវិធានការសន្សំសំចៃប្រេងនៅតាមស្ថានីយនានា ដើម្បីធានាថាឡានក្រុងដឹកភ្ញៀវទេសចរនៅតែអាចដំណើរការទៅបាន ទោះបីជាតម្លៃថាមពលកំពុងឡើងថ្លៃក៏ដោយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម