Connect with us

កីឡា

ដៃគូ ព្រះខ័នរាជស្វាយរៀង វគ្គផ្តាច់ព្រ័ត្រ AFC3 ជាអធិរាជ​​ប្រចាំលីគគុយវ៉ែត និងពានអាស៊ី AFC2

បានផុស

នៅ

ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមខ្លាំងមកពីប្រទេស គុយវ៉ែត Al-Kuwait SC ដែលជាជើងឯកលីគកំពូល គុយវ៉ែត ២០ សម័យ និងធ្លាប់មានប្រវត្តិឈ្នះជើងឯកពានរង្វាន់ AFC Champions League Two ច្រើនជាងគេ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League រដូវកាលនេះ។

ក្រុម ព្រះខ័នរាជស្វាយរៀង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រពាន ACGL ២ រដូវកាលជាប់គ្នារបស់ក្រុម ព្រះខ័នរាជស្វាយរៀង ខណៈកាលពីរដូវកាលមុន បានចាញ់ក្រុមមកពីតំបន់ អាស៊ីខាងលិច FK Arkadag នៅទឹកដី កម្ពុជា ក្នុងលទ្ធផល ១-២។ រដូវកាល ២០២៥-២០២៦ ពួកគេនឹងត្រូវប្រឈមមុខជាមួយក្រុមមកពីតំបន់ អាស៊ីខាងលិច ជាថ្មី ដែលមានកម្រិតខ្ពស់ជាងក្រុម Arkadag ទៅទៀត។

ក្រុម Al-Kuwait SC ជាក្រុមវ័យចំណាស់មួយ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦០។ ក្លិបនេះកំពុងស្ថិតក្រោមការគ្រប់គ្រងដោយគ្រួសារ Al-Ghanim ដែលជាគ្រួសារមានឥទ្ធិពលបំផុតមួយនៅ គុយវ៉ែត។ បច្ចុប្បន្ន ក្លិបនេះត្រូវបានគេទទួលស្គាល់ ជា ក្លិបដ៏ជោគជ័យបំផុតនៅក្នុងប្រទេស គុយវ៉ែត ដោយធ្លាប់ឈ្នះជើងឯកលីគច្រើនជាងគេ រហូតដល់ទៅ ២០ សម័យ។ ក្រៅពីនេះ ពួកគេធ្លាប់ឈ្នះពានក្នុងស្រុកជាច្រើនទៀត ដូចជាពាន Kuwait Emir Cup ១៧ លើក, ពាន Kuwait Crown Prince Cup ១០ លើក, និងពាន Kuwait Super Cup ៨ លើក។

ពាន AFC Challenge League

ដោយឡែក ​នៅលើ​ឆាក​អន្តរជាតិវិញ ក្រុម Al-Kuwait ក៏មានបទពិសោធច្រើនមិនធម្មតាដែរ។ ក្រុម​នេះ​ធ្លាប់​ប្រកួត​ពាន​អាស៊ី​កម្រិត​ទី១ AFC Champions League Elite តាំង​ពី​ឆ្នាំ ២០០១ ដល់ ឆ្នាំ ២០០៨ និង​ធ្លាប់​ប្រកួត​ក្នុង​ពាន​កម្រិត​ទី២ AFC Cup ដែល​បច្ចុប្បន្នជា AFC Champions League Two ពី​ឆ្នាំ ២០០៩ ដល់ ២០១៣។

ឆ្នាំ ២០២០ ពួក​គេ​បាន​ឡើង​ទៅ​ពាន​កម្រិត​ទី​១ វិញ ប៉ុន្តែ​ឆ្នាំ ២០២១ ធ្លាក់​ទៅ​កម្រិត​ទី​២ រហូត​ដល់​រដូវ​កាល ២០២៤-២៥  ហើយ​បន្ត​ធ្លាក់​មក​លេង​ពាន​កម្រិត​ទី​៣ AFC Challenge League ដែល​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។ ការឡើងមកដល់វគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League គឺជើងលើកទី ១ សម្រាប់ពួកគេ ប៉ុន្តែក្នុងពាន AFC Champions League Two គឺពួកគេបានឡើងច្រើនជាងគេ រហូតដល់ទៅ ៤ លើកឯណោះ។

ក្រុម Al-Kuwait

ក្នុងប្រវត្តិឡើង ៤ លើក ក្រុមនេះបានឈ្នះជើងឯកចំនួន ៣ លើក គឺនៅឆ្នាំ ២០០៩, ២០១២ និង ២០១៣។ ចំណែកនៅឆ្នាំ ២០១១ បានត្រឹមជើងឯករង បន្ទាប់ពីចាញ់ក្រុម Nasaf Qarshi នៅវគ្គផ្តាច់ព្រ័ត្រ ១-២។

គួរបញ្ជាក់ ថា ក្រុម Al-Kuwait នឹងត្រូវជួបក្រុម ព្រះខ័នរាជស្វាយរៀង របស់ កម្ពុជា នៅតំបន់ អាស៊ីខាងលិច នាថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៦។ យ៉ាងណា គិតមកដល់ពេលនេះ AFC មិនទាន់បានប្រកាសនៅឡើយទេ ថាតើការប្រកួតនឹងធ្វើនៅប្រទេសមួយណា ដោយសារតែបញ្ហាសង្រ្គាមនៅតំបន់មជ្ឈឹមបូព៌ា៕

ក្រុម Al-Kuwait

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម