Connect with us

ព័ត៌មានជាតិ

សេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធាត្រូវបានបញ្ជូនដល់ដៃរដ្ឋសភាហើយ គណៈកម្មការជំនាញកំពុងពិនិត្យ

បានផុស

នៅ

សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលមាន ៨ជំពូក និង២០មាត្រា ត្រូវបានបញ្ជូនទៅរដ្ឋសភារួចហើយ ដើម្បីពិនិត្យ និងផ្តល់យោបល់ បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានអនុម័តជាផ្លូវការ ដោយចាត់ទុកជាការប្រញាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងប្រាប់កម្ពុជាថ្មីថា បន្ទាប់ពីគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅថ្ងៃដដែលនោះ សេចក្តីព្រាងច្បាប់នេះ ត្រូវបានក្រុមការងារជំនាញចាត់បញ្ជូនទៅរដ្ឋសភារួចរាល់ ដើម្បីពិនិត្យ និងផ្តល់យោបល់។

ជាមួយគ្នានេះ អ្នកនាំពាក្យប្រធានរដ្ឋសភា លោក កែវ ពិសិដ្ឋ បានឱ្យដឹងថា បន្ទាប់ពីរដ្ឋសភាទទួលបានសេចក្តីព្រាងច្បាប់នេះ នៅព្រឹកថ្ងៃទី២៨ ខែមេសា គណៈអចិន្ត្រៃយ៍បានបើកកិច្ចប្រជុំ និងសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះទៅកាន់គណៈកម្មការជំនាញសភាពិនិត្យ គឺគណៈកម្មការទី៤ នៃរដ្ឋសភា។ លោកបានបន្ថែមថា៖ «បន្ទាប់មក គណៈកម្មការជំនាញនឹងរាយការណ៍ត្រឡប់មកគណៈអចិន្ត្រៃយ៍វិញ។ ចំពោះកាលបរិច្ឆេទនៃកិច្ចប្រជុំវិសាមញ្ញ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់នេះ នៅមិនទាន់កំណត់ច្បាស់នៅឡើយទេ ព្រោះត្រូវការសំណើពីរដ្ឋាភិបាល ដើម្បីសុំកោះប្រជុំវិសាមញ្ញជាមុនសិន»។

ផ្អែកតាមនិតិវិធីច្បាប់ បន្ទាប់ពីគណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ហើយ ត្រូវបញ្ជូនទៅរដ្ឋសភា និងព្រឹទ្ធសភា ពិនិត្យពិភាក្សា និងអនុម័ត បន្ទាប់មកទើបដាក់ថ្វាយឡាយព្រះហត្ថលេខាពីព្រះមហាក្សត្រ ដើម្បីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ។

នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែមេសា បានថ្លែងជាសាធារណៈថា ក្នុងដំណាក់កាលនេះ សេចក្តីព្រាងច្បាប់នៅតែអាចមានការកែសម្រួលលើខ្លឹមសារមួយចំនួនបាន។សម្តេចបានបន្ថែមថា ការជ្រើសរើសយុវជនចូលបម្រើកាតព្វកិច្ចយោធា កំពុងត្រូវបានពិភាក្សាលើរូបមន្តពីរ គឺគោលការណ៍ស្ម័គ្រចិត្ត និងការចាប់បង្ខំ។ ការស្ម័គ្រចិត្តមានន័យថា ពលរដ្ឋដែលគ្រប់អាយុអាចដាក់ពាក្យចូលបម្រើដោយស្ម័គ្រចិត្ត ប៉ុន្តែប្រសិនបើចំនួនអ្នកស្ម័គ្រចិត្តមិនគ្រប់តាមតម្រូវការជ្រើសរើសប្រចាំឆ្នាំ នោះអាចនឹងមានការអនុវត្តវិធានការចាប់បង្ខំ។ យ៉ាងណាមិញ សម្តេចបានបញ្ជាក់ថា ការចូលបម្រើកាតព្វកិច្ចយោធា មិនមែនមានន័យថា ពលរដ្ឋគ្រប់អាយុត្រូវចូលរួមទាំងអស់នោះទេ ប៉ុន្តែអាស្រ័យទៅលើតម្រូវការជាក់ស្តែងរបស់កងទ័ពប៉ុណ្ណោះ។

គួរជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្ត មាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ កំណត់អំពីវិធាននៃការអនុវត្ត កាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយស ដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និង ការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ ប្រទេសជាតិ។

ទន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុ ចាប់ពី១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ដោយឡែក ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ កន្លងមកកម្ពុជា មានច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/១២០៦/០៣០ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ផ្សេងទៀត។ ប៉ុន្តែច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប និងអនាគត ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម