ព័ត៌មានជាតិ
ច្បាប់កាតព្វកិច្ចយោធា ត្រូវបានប្រកាសឱ្យប្រើជាផ្លូវការ ខណៈអ្នកគេចវេះត្រូវមានទោសជាប់ពន្ធនាគារ
ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសដាក់ប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមរបស់ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះ គឺមាន៨ជំពូក និង២០មាត្រា ដែលក្នុងនោះ ក៏បានកំណត់អំពីទោសទណ្ឌចំពោះអ្នកគេចវេះពីកាតព្វកិច្ចយោធា គឺត្រូវជាប់ទោសរហូតដល់៥ឆ្នាំ បើក្នុងពេលប្រទេសមានសង្គ្រាម។

មាត្រា១៣ នៃច្បាប់ស្ដីពីកាតព្វកិច្ចយោធា បានចែងថា ជនណាដែលគេចវេះពីកាតព្វកិច្ចយោធាត្រូវផ្តន្ទាទោសដោយដាក់ពន្ធនាគារពី៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល ក្នុងកាលៈទេសៈប្រទេសសន្ដិភាព។ តែបើស្ថិតក្នុងអំឡុងពេលប្រទេសមានសង្គ្រាម ឬរងនូវការឈ្លានពានពីកម្លាំងបរទេស ការគេចវេះពីកាតព្វកិច្ចយោធា ត្រូវដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។
តាមមាត្រាដដែលនេះ ទោសទណ្ឌខាងលើ ក៏ត្រូវអនុវត្តដូចគ្នានេះចំពោះជនណាដែលគេចវេះ ក្នុងអំឡុងពេលនៃការអនុវត្តកាតព្វកិច្ចយោធាផងដែរ។

គួរឱ្យដឹងថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះ កំណត់អំពីវិធានការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិនិងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ។
ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប មានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ដែលត្រូវបំពេញការហ្វឹកហាត់យោធា ខណៈប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ដោយឡែកពលរដ្ឋខ្មែរដែលមានសញ្ញាតិច្រើនហើយដែលរស់នៅក្នុងប្រទេសកម្ពុជា ក៏ត្រូវបំពេញកាតព្វកិច្ចយោធានៅក្នុងប្រទេសដែរ។ យោងតាមច្បាប់នេះ ការបំពេញកាតព្វកិច្ចយោធាមានរយៈពេលកំណត់២៤ខែ ហើយក្រោយបញ្ចប់កាតព្វកិច្ចអាចត្រឡប់ទៅអាជីពដើមវិញ។ ប៉ុន្តែត្រូវបន្តជាយោធិនបម្រុងរហូតដល់អាយុ៤៥ឆ្នាំ។
ក្នុងច្បាប់កាតព្វកិច្ចយោធា ក៏បានចែងពីការអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធាដែរ។ មាត្រា៨ ចែងថា ការអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធា ត្រូវអនុវត្តចំពោះព្រះសង្ឃ បព្វជិតនៃសាសនាផ្សេងៗ ប្រជាពលរដ្ឋដែលមានសមត្ថភាព ឬទេពកោសល្យពិសេសក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អ្នកឯកទេសជំនាញដែលបានចុះកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មស្រាវជ្រាវ ឬអនុវត្តផ្ទាល់នូវកិច្ចការដែលជាប្រយោជន៍ផ្នែកសាធារណៈនៃកងយោធពលខេមរភូមិន្ទ និងពលរដ្ឋបានបញ្ចប់សេវាជាយោធិនជាប់កិច្ចសន្យា ព្រមទាំងពលរដ្ឋមានកាយសម្បទាមិនគ្រប់គ្រាន់តាមការតម្រូវ ដោយមានការត្រួតពិនិត្យជាក់ស្ដែង ជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


