Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ៖ វិធីសាស្ត្របង្រៀនតាមបែបទំនើបនឹងជួយឱ្យកុមារក្លាយជាមូលធនមនុស្សដ៏រឹងមាំសម្រាប់អនាគតជាតិ

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា តាមរយៈការដាក់ចេញនូវវិធីសាស្ត្របង្រៀនបែបទំនើប និងការប្រើប្រាស់សម្ភារៈសិក្សាដែលសម្បូរបែបមិនត្រឹមតែជួយឱ្យកុមារគ្រប់រូបទទួលបាននូវការអប់រំប្រកបដោយបរិយាបន្នប៉ុណ្ណោះទេ ថែមទាំងជួយឱ្យពួកគាត់ទទួលបាននូវសក្តានុពលពិតប្រាកដ ដើម្បីក្លាយជាមូលធនមនុស្សដ៏រឹងមាំសម្រាប់អនាគតជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តលើកទីមួយ នៃគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP)ជាមួយគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Tania Meyer, នាយកធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាកាលពីរសៀលថ្ងៃទី២៩មេសា លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា បច្ចុប្បន្ន ប្រព័ន្ធអប់រំនៅកម្ពុជាកំពុងផ្លាស់ប្តូរពីការបង្រៀនតែមួយបែបសម្រាប់សិស្សទាំងអស់ ទៅរកប្រព័ន្ធអប់រំមួយដែលឆ្លើយតបទៅនឹងសមត្ថភាពសិក្សាខុសៗគ្នារបស់កុមារម្នាក់ៗ តាមរយៈការដាក់ចេញនូវវិធីសាស្ត្របង្រៀនបែបទំនើប និងការប្រើប្រាស់សម្ភារៈសិក្សាដែលសម្បូរបែប។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា «ជារួម ភាពជោគជ័យនៃគម្រោង BEIP មិនត្រឹមតែអាស្រ័យលើការកសាងសាលារៀនប៉ុណ្ណោះទេ ថែមទាំងផ្អែកលើការបណ្តុះនូវទំនុកចិត្ត និងការផ្លាស់ប្តូរផ្នត់គំនិតនៃការសិក្សា។ ក្នុងន័យនេះតាមរយៈការផ្លាស់ប្តូរពីការត្រៀមលក្ខណៈរដ្ឋបាលទៅជាការអនុវត្តយ៉ាងម៉ឺងម៉ាត់នៅកម្រិតថ្នាក់រៀន យើងនឹងអាចសម្រេចបាននូវការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពលដើម្បីឈានទៅរកសង្គមដែលផ្អែកលើចំណេះដឹង និងការរីកចម្រើនប្រកបដោយចីរភាពនាពេលអនាគត»។

លោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានបង្ហាញសេចក្ដីរីករាយចំពោះ វឌ្ឍនភាពរបស់គម្រោងនេះ និងគូសបញ្ជាក់ថា គម្រោង BEIP គឺជាគម្រោងគំរូដ៏សំខាន់ ដែលកំពុងឈានពីដំណាក់កាលរៀបចំ ទៅជាការអនុវត្តជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សានុសិស្សនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។

លោកស្រីមានប្រសាសន៍ថា ការពង្រឹងគ្រឹះស្ថានសិក្សានៅកម្រិតមូលដ្ឋានតាមរយៈគម្រោងនេះ គឺជាកាលានុវត្តភាពដ៏វិសេសវិសាលក្នុងការផ្លាស់ប្តូរ និងជំរុញប្រព័ន្ធអប់រំកម្ពុជាទៅកាន់កម្រិតថ្មីមួយទៀត ហើយក្នុងនាមធនាគារពិភពលោកស្រី និងក្រុមការងារបច្ចេកទេសទាំងអស់ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីគាំទ្រគម្រោងនេះឱ្យទទួលបានជោគជ័យតាមផែនការ និងសូចនាករដែលបានកំណត់ ជាពិសេសចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក ដែលតែងតែផ្តល់ការគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងកិច្ចខិតខំប្រឹងប្រែងកែលម្អប្រព័ន្ធអប់រំនៅកម្ពុជា និងសូមវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មរបស់ក្រុមការងារនៃភាគីទាំងពីរ ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងបេសកកម្មដំបូងនេះ ដើម្បីបំប្លែងចក្ខុវិស័យរួមឱ្យទៅជាសមិទ្ធផលជាក់ស្តែង ដែលនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់ប្រព័ន្ធអប់រំ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

គួរបញ្ជាក់ថា គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន BEIP ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃវិស័យអប់រំនៅកម្ពុជា ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់បឋមសិក្សា។ គោលដៅស្នូលនៃគម្រោងនេះ រួមមាន៖ ការពង្រឹងលទ្ធផលសិក្សារបស់សិស្ស ពង្រីកសេវាអប់រំ និងថែទាំកុមារតូចឱ្យបានកាន់តែទូលំទូលាយ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងការអភិវឌ្ឍមូលធនមនុស្ស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម