Connect with us

ព័ត៌មានអន្ដរជាតិ

អតិផរណាថៃហក់ឡើងខ្ពស់បំផុតក្នុងរយៈពេលជាង៣ឆ្នាំ ដោយសារ​ជម្លោះមជ្ឈិមបូព៌ា

បានផុស

នៅ

អតិផរណារបស់ប្រទេសថៃ​បាន​កើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ៣ ឆ្នាំ ដោយសារតែជម្លោះមជ្ឈិមបូព៌ា ដែលធ្វើឱ្យតម្លៃប្រេងឆៅ និងឥន្ធនៈគីមីកើនឡើង។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃព្រហស្បតិ៍ ទី ៧ ឧសភា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម (TPSO) ​នៃ​ក្រសួងពាណិជ្ជកម្មថៃ បាន​ឱ្យដឹងថា ​សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) ឬអតិផរណា​រួម​ថៃសម្រាប់ខែមេសា ឆ្នាំ២០២៦ បានកើនដល់ ១០៣ ពិន្ទុ ឬ ២,៨៩% ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាអត្រាខ្ពស់បំផុតរាប់តាំងពីខែកុម្ភៈឆ្នាំ ២០២៣ ដែលកាលនោះ អតិរផណាថៃបាន​កើនដល់ ៣,៧៩%។ ​

នាយក TPSO លោក Nantapong Chiralerspong បាន​ឱ្យដឹងថា ការហក់ឡើងនៃអតិផរណា គឺ​ដោយ​សារ​តែ​កំណើន​គួរឱ្យកត់សម្គាល់នៃតម្លៃប្រេងឥន្ធនៈក្នុងស្រុកដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រហ័រមូហ្សរយៈពេលយូរ ដែល​ជំរុញឱ្យតម្លៃដឹកជញ្ជូនសាធារណៈ និង​វិស័យ​ពាក់ព័ន្ធ​កើន​ឡើង​។

លើសពីនេះ អតិផរណា​​នៅខែឧសភា ​រំពឹងថានឹង​បន្តហក់ឡើងបន្ថែមទៀត ដល់ ៣,០៦% ដែលភាគច្រើនដោយសារតែការកើនឡើង​ថ្លៃថាមពល និងការបង្កើនតម្លៃទំនិញ​របស់​អាជីវកម្មនានា​​។

​គេមើលឃើញថា កំណើន​អតិផរណា​អាច​បង្កើតផលវិបាកសម្រាប់កំណើនសេដ្ឋកិច្ចដ៏យឺតយ៉ាវរបស់ប្រទេសថៃ។ ការចំណាយខ្ពស់សម្រាប់ការរស់នៅ​របស់ប្រជាជន ធ្វើឱ្យអំណាចទិញថយចុះ ដែល​មាន​ន័យ​ថា​អ្នកប្រើប្រាស់ចំណាយតិចលើទំនិញ និងសេវាកម្មដែលមិនចាំបាច់។ នេះធ្វើឱ្យតម្រូវការក្នុងស្រុក ដែលជាម៉ាស៊ីន​កំណើនសេដ្ឋកិច្ច​ថៃ ចុះខ្សោយ ។

ក្នុងពេលជាមួយគ្នានេះ អាជីវកម្មប្រឈមមុខនឹងការកើនឡើងនៃថ្លៃ​ផលិតកម្ម​ (ថាមពល ការដឹកជញ្ជូន និងវត្ថុធាតុដើម) ដែល​កាត់បន្ថយប្រាក់ចំណេញ និងបង្អាក់ការវិនិយោគ។ ក្រុមហ៊ុនមួយចំនួនឆ្លើយតបដោយការដំឡើងថ្លៃ ឬកាត់បន្ថយទំហំផលិតផល​ ដែលដាក់សម្ពាធបន្ថែមទៀតដល់អ្នកប្រើប្រាស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម