ព័ត៌មានជាតិ
ប្រាក់ សុខុន៖ យន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS ផ្តល់នូវមាគ៌ាដ៏យុត្តិធម៌ឆ្ពោះទៅរកសន្តិភាពដល់កម្ពុជា និងថៃ
នៅថ្ងៃទី ២ ខែមិថុនា ប្រទេសកម្ពុជាបានផ្តួចផ្តើមដំណើរការផ្សះផ្សាដោយបង្ខំជាមួយប្រទេសថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ យើងធ្វើដូច្នេះ ដើម្បីការពារអធិបតេយ្យភាពជាតិ និងសិទ្ធិសមុទ្ររបស់យើង បន្ទាប់ពីថៃបានដកខ្លួនចេញដោយឯកតោភាគី ពីអនុស្សរណៈយោគយល់គ្នាទ្វេភាគី ដែលមានអាយុកាល ២៥ ឆ្នាំ មកហើយ។

អនុស្សរណៈនៃការយោគយល់គ្នានោះ មានបំណងសម្រួលដល់កិច្ចព្រមព្រៀងស្តីពីកន្លែងដែលប្រទេសយើងទាំង២ គួរតែគូសព្រំដែនសមុទ្រ និងពីរបៀបយើងគួរចែករំលែកកំណប់ប្រេង និងឧស្ម័នក្រោមសមុទ្រដ៏មានតម្លៃជាមួយគ្នា។ តាំងពីនោះមក ថៃបានយល់ព្រមចូលរួមក្នុងដំណើរការផ្សះផ្សាដោយបង្ខំរបស់ UNCLOS។ នេះគឺជាជំហានវិជ្ជមាន និងគួរឱ្យស្វាគមន៍មួយ។
ទោះជាយ៉ាងណាក៏ដោយ សារៈសំខាន់នៃពេលវេលានេះ គឺធំជាងជម្លោះរវាងប្រទេសទាំង២ ដោយវាផ្តល់ឱ្យយើងទាំងអស់គ្នានូវឱកាសដើម្បីបោះជំហានរួមគ្នានៅកម្រិតអន្តរជាតិ តំបន់ និងមូលដ្ឋាន។
ទី១ វាគឺជាឱកាសមួយសម្រាប់សហគមន៍អន្តរជាតិ ទាំងមហាអំណាច ពាក់កណ្ដាលមហាអំណាច និងរដ្ឋតូចៗដូចគ្នា ឱ្យមើលឃើញថា ច្បាប់អន្តរជាតិមានប្រសិទ្ធភាពក្នុងការអនុវត្ត។ ហើយក្នុងពេលដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រ វានឹងគាំទ្រដល់ការដោះស្រាយជម្លោះដោយសន្តិវិធីក្រោមជំនួយរបស់អង្គការសហប្រជាជាតិ ស្របពេលដែលសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ពហុភាគី ស្ថិតនៅក្រោមសម្ពាធ។
ទី២ វាគឺជាឱកាសមួយសម្រាប់សហគមន៍អាស៊ាន ដើម្បីទាញយកអត្ថប្រយោជន៍ពីប្រវត្តិដ៏សម្បូរបែបនៃការគាំទ្រគ្នាទៅវិញទៅមករបស់តំបន់ និងកេរ្តិ៍ឈ្មោះរបស់ប្លុកដ៏សក្តិសមជាគំរូលើឆាកអន្តរជាតិ។ និងទី៣ គឺវាជាឱកាសមួយសម្រាប់ថៃ និងកម្ពុជា ដែលជាប្រទេសជិតខាងមានប្រវត្តិសាស្ត្ររួមគ្នារាប់សតវត្សមកហើយនោះ បោះជំហានចេញពីការប្រឈមមុខដាក់គ្នា និងជ្រើសរើសសន្តិភាព។
មានហេតុផលដែលយើងមានទំនុកចិត្ត។ កាលពី ១០ ឆ្នាំមុន យន្តការផ្សះផ្សាដោយបង្ខំក្រោមច្បាប់សមុទ្រ UNCLOS បានដោះស្រាយជម្លោះដែនសមុទ្ររវាងប្រទេសទីម័រខាងកើត និងអូស្ត្រាលី ដែលហាក់ដូចជាពិបាកដោះស្រាយពីមុនឡើយ។
វិសមាមាត្ររវាងរដ្ឋទាំង២ គឺធំខ្លាំង៖ អូស្ត្រាលីមានប្រជាជនសរុបច្រើនជាងទីម័រខាងកើត ២០ ដង ផលិតផលក្នុងស្រុកសរុបតែនាមធំជាង ៥០០ ដង ហើយការចំណាយយោធាវិញ ខ្ពស់ជាងប្រហែល ដល់ទៅ ១ ០០០ ដង។
ដោយប្រឈមមុខនឹងភាពមិនស្មើគ្នានោះ ទីម័រខាងកើតបានស្វែងរកជំនួយពីអ្នកជំនាញអន្តរជាតិដើម្បីដោះស្រាយភាពជាប់គាំង តាមរយៈយន្តការផ្សះផ្សាដោយបង្ខំដឹកនាំដោយអង្គការសហប្រជាជាតិ ឆ្ពោះទៅរកការឯកភាពគ្នាលើព្រំដែនសមុទ្រអចិន្ត្រៃយ៍។ ដំបូងឡើយ អូស្ត្រាលីបានជំទាស់នឹងដំណើរការនេះ។ ប៉ុន្តែត្រឹមតែ២ឆ្នាំក្រោយមក សន្ធិសញ្ញាជាប្រវត្តិសាស្ត្រ ក៏ត្រូវបានចុះហត្ថលេខាឡើង។
សម្រាប់ទីម័រខាងកើត កិច្ចព្រមព្រៀងនេះ គឺជាជោគជ័យដែលផ្លាស់ប្តូរប្រទេសជាតិ។ ប៉ុន្តែអូស្ត្រាលីក៏បានសរសើរលទ្ធផលនេះផងដែរ។ ហេតុអ្វី? ដោយសារតែប្រទេសទាំង២ បានយល់ព្រមអនុវត្តតាមនីតិរដ្ឋអន្តរជាតិ មិនមែនការគ្រប់គ្រងរបស់អ្នកខ្លាំងលើអ្នកខ្សោយនោះទេ។
លោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីកាលនោះ បាននិយាយថា សន្ធិសញ្ញានេះ «ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃ UNCLOS» និង «បង្ហាញពីរបៀបដែលច្បាប់អន្តរជាតិ អាចឱ្យប្រទេសនានាដោះស្រាយជម្លោះរបស់ពួកគេដោយសន្តិវិធី»។
អ្វីដែលកើតឡើងនាពេលនោះ ផ្ញើសារដោយផ្ទាល់មកកាន់កម្ពុជា និងថៃ នាពេលបច្ចុប្បន្ន។ ដំណើរការផ្សះផ្សាដោយបង្ខំរបស់ UNCLOS នឹងទាមទារឱ្យមានសុច្ឆន្ទៈពីភាគីទាំងសងខាង ហើយវាក៏នឹងទាមទារឱ្យមានភាពស៊ីសង្វាក់គ្នា និងភាពជាក់ស្តែងដែលអាចអនុវត្តបានផងដែរ។
ភាពស៊ីសង្វាក់គ្នាមានសារៈសំខាន់ណាស់។ ក្នុងករណីទីម័រខាងកើត ប្រទេសអូស្ត្រាលីមានឱកាសគ្រប់យ៉ាងដើម្បីផ្អាកការចូលរួមរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការចរចាជាមួយទីម័រខាងកើត ដែលត្រួតពិនិត្យដោយគណៈកម្មការផ្សះផ្សា។ ប៉ុន្តែប្រទេសនេះមិនបានធ្វើដូច្នោះនោះទេ ដោយចូលរួមជាប់លាប់វិញ។ ជាលទ្ធផល ទំនាក់ទំនងរវាងប្រទេសជិតខាងទាំង២ បានប្រសើរឡើង។ ហើយនៅទីបំផុត សន្ធិសញ្ញាព្រំដែនសមុទ្រក៏ត្រូវបានព្រមគ្នាសម្រេចឡើង។
ភាពជាក់ស្តែងដែលអាចអនុវត្តបាន ក៏មានសារៈសំខាន់ដូចគ្នាដែរ។ ជម្លោះកម្ពុជា-ថៃមិនមែនគ្រាន់តែជាបញ្ហាផ្លូវច្បាប់នោះទេ។ វាពាក់ព័ន្ធនឹងតំបន់សមុទ្រពិតប្រាកដ និងធនធានថាមពលដែលអាចជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសន្តិសុខថាមពលនៅក្នុងប្រទេសទាំង២ និងនៅទូទាំងតំបន់។
ដំណើរការដែលពិភាក្សាគ្នាតែលើខ្សែបន្ទាត់របស់ផែនដី ខណៈមិនដោះស្រាយបញ្ហាដែលនៅពីក្រោយខ្សែបន្ទាត់ទាំងនោះ នឹងធ្វើឱ្យបញ្ហាសំខាន់ៗមិនអាចដោះស្រាយបាន។
ប្រទេសកម្ពុជាមិនបានស្នើសុំឱ្យគណៈកម្មការផ្សះផ្សា UNCLOS ដាក់ចម្លើយឯកតោភាគីទេ។ យើងកំពុងស្នើសុំឱ្យមានដំណើរការដោះស្រាយបញ្ហាតាមអ្វីដែលមាន នោះគឺជម្លោះព្រំដែនសមុទ្រ ដែលគេតែងតែតភ្ជាប់ទៅនឹងបញ្ហាអភិវឌ្ឍន៍ធនធានថាមពលប្រកបដោយសន្ដិភាព។
យើងទទួលស្គាល់ថា ប្រទេសថៃមានផលប្រយោជន៍ជាតិ។ កម្ពុជាក៏មានផលប្រយោជន៍ជាតិដែរ។ ច្បាប់អន្តរជាតិមិនតម្រូវឱ្យភាគីណាមួយបោះបង់ចោលផលប្រយោជន៍ទាំងនោះទេ។ វាតម្រូវឱ្យភាគីទាំង២ បន្តផលប្រយោជន៍ទាំងនោះដោយសន្តិវិធី ដោយគោរព និងក្នុងក្របខ័ណ្ឌដែលផ្អែកលើច្បាប់។
ការប្តេជ្ញាចិត្តដូចគ្នាចំពោះដំណោះស្រាយដោយសន្តិវិធី ត្រូវតែពង្រីកដល់បញ្ហាព្រំដែនគោករួមរបស់យើង។ បទឈប់បាញ់បច្ចុប្បន្នរវាងកម្ពុជា និងថៃនៅតែបន្ត ប៉ុន្តែវាមានភាពផុយស្រួយ។ កម្ពុជានៅតែមានការព្រួយបារម្ភអំពីស្ថានភាពជាក់ស្ដែងក្នុងតំបន់របស់កម្ពុជា ដែលថៃកំពុងកាន់កាប់។
ព្រំដែន និងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬការបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli ) នោះទេ។ នៅលើដីគោក ក៏ដូចជានៅលើសមុទ្រ ការប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួនចំពោះច្បាប់អន្តរជាតិ និងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាការសន្ទនា សេចក្តីស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក គឺជាគន្លឹះក្នុងការធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងព្រំដែនអន្តរជាតិ ត្រូវបានគោរព។
កម្ពុជានៅតែត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមដោយសន្តិវិធី និងយ៉ាងស៊ីសង្វាក់គ្នាជាមួយថៃលើបញ្ហាទាំងអស់ដែលយើងប្រឈមមុខ ទាំងនៅលើដីគោក និងនៅលើសមុទ្រ។ យើងមានយន្តការប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តដូច្នេះ ដូចដែលដំណើរការ UNCLOS ស្ដីពីសមុទ្រ បានបង្ហាញ។
កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយថៃ ដែលជាប្រទេសជិតខាងជិតស្និទ្ធមានការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព និងវិបុលភាពក្នុងតំបន់របស់យើង។ យើងត្រូវតែបន្តពិភាក្សាគ្នា ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
តំបន់សមុទ្រមិនត្រូវក្លាយជារោងល្ខោននៃការមិនទុកចិត្តគ្នាមួយផ្សេងទៀតឡើយ។ ហើយការបង្កើនភាពតានតឹងនៅព្រំដែនគោក ក៏មិនត្រូវកើតមានទៀតដែរ។ ផ្ទុយទៅវិញ កម្ពុជា និងថៃគួរតែធ្វើតាមប្រពៃណី ពោលគឺរបៀបដែលរដ្ឋអាស៊ីអាគ្នេយ៍ដោះស្រាយជម្លោះដ៏លំបាក។
ករណីទីម័រខាងកើត បានចាប់ផ្តើមដោយភាពមិនចុះសម្រុងគ្នា ហើយបានបញ្ចប់ដោយការព្រមព្រៀងគ្នា។ វាចាប់ផ្តើមដោយភាពមិនប្រាកដប្រជា និងបញ្ចប់ទៅដោយភស្តុតាងដែលថា ការផ្សះផ្សាដោយបង្ខំក្រោមច្បាប់អន្តរជាតិ អាចដោះស្រាយភាពជាប់គាំង និងជម្លោះ នៅពេលទ្វេភាគីធ្វើការជាមួយគ្នា។
កម្ពុជាស្វាគមការចូលរួមរបស់ថៃក្នុងដំណើរការផ្សះផ្សាដោយបង្ខំរបស់ UNCLOS។ យើងស្នើសុំឱ្យគ្រប់ភាគីចូលរួមដោយស្មោះត្រង់។ ប្រជាជនយើង តំបន់យើង និងពិភពលោក នឹងធ្វើជាសាក្សី៕
——–
អត្ថបទរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី «ការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ផ្តល់នូវមាគ៌ាប្រកបដោយយុត្តិធម៌ឆ្ពោះទៅកាន់សន្តិភាពដល់កម្ពុជា និងថៃ» ដែលត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Asia Times កាលពីថ្ងៃទី ១៣ ខែមិថុនា ២០២៦។
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


