Connect with us

ព័ត៌មានអន្ដរជាតិ

ការស្ទង់មតិ៖ ស្ថាប័នហិរញ្ញវត្ថុថៃប្រឈមហានិភ័យខ្ពស់ពីការឆបោកអនឡាញដោយ​ប្រើ AI

បានផុស

នៅ

ការស្ទង់មតិថ្មីមួយពីក្រុមហ៊ុនសន្ដិសុខអ៊ិនធឺរណិតអន្តរជាតិ BioCatch បានបង្ហាញថា ស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសថៃ កំពុងប្រឈមមុខនឹង​ហានិភ័យខ្ពស់ពីការឆបោកអនឡាញដែលប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ខណៈការវាយប្រហារកាន់តែរហ័ស មានភាពស្មុគស្មាញ និង​ឱ្យគេចាប់បាន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្ទង់មតិជាអន្តរជាតិ​នេះ បានធ្វើឡើងលើថ្នាក់ដឹកនាំ និងអ្នកជំនាញផ្នែកគ្រប់គ្រងហានិភ័យ ការ​ទប់​ស្កាត់ការឆបោក និងការប្រឆាំងការលាងលុយកខ្វក់ចំនួន ១ ៤៤០ នាក់ ពី ២៥ ប្រទេស។ ក្នុងនោះ មាន​អ្នក​ជំនាញខាង​ធនាគារចំនួន ៨០ នាក់ មកពីប្រទេសថៃ។

ជាសកល ៨៤% នៃអ្នកឆ្លើយសំណួរ បានចាត់ទុក AI ជាហានិភ័យ​ដ៏ធំមួយ ដែលអាចត្រូវបានឧក្រិដ្ឋជន​ហិរញ្ញវត្ថុយកទៅប្រើប្រាស់ក្នុងរយៈពេល ១២ ខែខាងមុខ។ ទន្ទឹមនឹងនេះ ៨១% នៃស្ថាប័ន​ហិរញ្ញវត្ថុ​ទូទាំងពិភពលោក បានរាយការណ៍ថា ការប៉ុនប៉ងឆបោកកំពុងកើនឡើង ខណៈ ៧៦% បាននិយាយថា ការខាតបង់ដោយសារការឆបោក បានកើនឡើងធៀបនឹងឆ្នាំមុន។

សម្រាប់ប្រទេសថៃ ស្ថានភាពហាក់កាន់តែគួរឱ្យព្រួយបារម្ភ។ អ្នកឆ្លើយសំណួរចំនួន ៩៦% បាននិយាយ​ថា ការប៉ុនប៉ងឆបោកកំពុងកើនឡើង ខណៈ ៨៨% បានរាយការណ៍ពី​កំណើន​នៃការខាតបង់ដោយ​សារ​ការឆបោក ដែលខ្ពស់ជាងមធ្យមភាគសកល ៧៦%។ ជាងនេះទៅទៀត ៤៩% នៃអ្នកជំនាញធនាគារ​ថៃបានឱ្យដឹងថា ស្ថាប័នរបស់ពួកគេខាតបង់ប្រាក់លើសពី ១០ លានដុល្លារ/ឆ្នាំដោយសារអំពើឆបោក ដែលនេះ​គូសបញ្ជាក់ពីទំហំនៃការគំរាមកំហែងផ្នែកហិរញ្ញវត្ថុ ដែលវិស័យធនាគាររបស់ប្រទេសកំពុងប្រឈមមុខ។

លើសពីនោះ ការស្ទង់មតិក៏បានរកឃើញថា ៩៣% នៃធនាគារថៃ ធ្លាប់ជួបប្រទះការវាយប្រហារពាក់ព័ន្ធនឹង Agentic AI (ប្រព័ន្ធ AI កម្រិតខ្ពស់ ដែលអាចគិត សម្រេចចិត្ត និងធ្វើសកម្មភាពដោយខ្លួនឯងដើម្បីសម្រេចគោលដៅ) បើធៀបនឹងមធ្យមភាគសកល ៨០%។ ​

លើសពីនេះ ៩៤% នៃអ្នកជំនាញធនាគារថៃបាននិយាយថា ការបែងចែករវាង AI ស្របច្បាប់ និង AI ដែល​ប្រើសម្រាប់ការបោកប្រាស់ គឺជាកិច្ចការដ៏លំបាក បើធៀបនឹងមធ្យមភាគសកល ៧២​%។

BioCatch បានព្រមានថា ខណៈ AI កំពុងជួយអភិវឌ្ឍសេវាហិរញ្ញវត្ថុ និងពាណិជ្ជកម្មឌីជីថល វាក៏កំពុងផ្តល់ឱកាសថ្មីដល់ជនឆបោកផងដែរ។ ដូច្នេះ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុត្រូវពង្រឹងប្រព័ន្ធការពារ ការចែករំលែកព័ត៌មាន និងការតាមដានប្រតិបត្តិការសង្ស័យ ដើម្បីទប់ស្កាត់ហានិភ័យដែលកំពុងកើនឡើង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម