Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ​ប្រើ​កម្មវិធី​ AI វិភាគ​ទិន្ន​ន័យ​​ទិញ​ពី​​​អាមេរិក​ សម្រាប់​ស៊ើប​ការណ៍​​ និងវាយ​ប្រហារ​គ្រប់​ជម្លោះ​

បានផុស

នៅ

ក្រុម​ហ៊ុន​វិភាគ​ទិន្នន័យបច្ចេក​វិទ្យា​ Palantir មានមូល​ដ្ឋាននៅសហរដ្ឋអាមេរិក បាន​ពង្រីក​តួនាទី​ខ្លួន​ក្នុង​​ការ​ស៊ើប​ការណ៍​សម្ងាត់លើ​វិស័យ​​ការពារ​ជាតិនិងយោធា​​ ប្រើ​ប្រាស់​ដោយ​​យោធា​អ៊ីស្រាអែល តាមរយៈ​ប្រព័ន្ធ​​ដំណើរ​ការដោយបញ្ញា​សិប្បនិម្មិត (AI) ដាក់ពង្រាយ​ក្នុងតំបន់ហ្គាហ្សា លីបង់ និងប្រតិបត្តិការ​ដែល​ទាក់​ទង​​​ជាមួយអ៊ីរ៉ង់។ នេះ​បើ​យោង​តាម​របាយការណ៍និង​ការវាយ​តម្លៃ​របស់អ្នកជំនាញ រាយការណ៍​ដោយ​ទី​ភ្នាក់​ងារ​សារព័ត៌មានតួកគី Anadolu ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៦ ។

ឧបករណ៍​យោធាអ៊ីស្រាអែល​។ រូបភាព៖​ ANKARA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Palantir បានរួមបញ្ចូលឧបករណ៍​ស៊ើបការណ៍​សម្ងាត់​​ជំរុញដោយបញ្ញាសិប្បនិម្មិតកាន់តែច្រើនឡើងៗ ​ទៅ​ក្នុង​ប្រតិបត្តិការយោធា តាម​រយៈ​កម្មវិធី​ Gotham, វេទិកាបញ្ញាសិប្ប​និម្មិត (AIP), Foundry និង Skykit រួម​បញ្ចូល​គ្នា​នូវការ​វិភាគទិន្នន័យទ្រង់ទ្រាយធំ ប្រព័ន្ធបញ្ញាសិប្បនិម្មិត​ប្រតិបត្តិការ និងសមត្ថភាពស៊ើបការណ៍សម្ងាត់ចល័ត​។

កាល​ពីឆ្នាំមុន ក្រុមហ៊ុននេះ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​តម្លៃ​​ ១០ប៊ីលានដុល្លារ​ជាមួយយោធាអាមេរិក ហើយ​ក្លាយ​ជាដៃគូសំខាន់​នៅក្នុង​កម្មវិធី Maven របស់​មន្ទី​បញ្ចកោណ​ ប្រើប្រាស់ AI សម្រាប់​ការកំណត់អត្តសញ្ញាណ​គោល​ដៅ និងការវិភាគ​សមរភូមិ។

សហស្ថាបនិក Palantir គឺ​ លោក Alex Karp និង លោក Peter Thiel បាន​ធ្វើកិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​នៅ​ទីក្រុង Tel Aviv ក្នុងខែមករា ឆ្នាំ ២០២៤ ជួបជាមួយប្រធានាធិបតី​អ៊ីស្រាអែល​ លោក Isaac Herzog ឈាន​ដល់​កិច្ចព្រមព្រៀង​ជា​មួយ​មន្ត្រីការពារជាតិអ៊ីស្រាអែលលើកិច្ចសហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រ​ជាមួយកង​ទ័ពអ៊ីស្រាអែល។

ក្រោយមក ក្រុមហ៊ុននេះ​បាន​ប្រកាសថា ខ្លួននឹងផ្តល់​ការ​គាំទ្រ​បច្ចេក​វិទ្យា AI ផ្តោតលើការកំណត់​គោលដៅ និងការវិភាគ​ទិន្នន័យសម្រាប់បេសកកម្មទាក់ទង​នឹងសង្គ្រាម ទោះបីជាក្រុម​ហ៊ុន​​មិន​បានបង្ហាញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង ឬប្រព័ន្ធ​ពាក់ព័ន្ធក៏ដោយ។

ក្រុម​ហ៊ុន​វិភាគ​ទិន្នន័យបច្ចេក​វិទ្យា​ Palantir. រូបភាព៖ Reuters

អំឡុងពេល​ទស្សនកិច្ចទៅកាន់ទីក្រុង Tel Aviv លោក Karp លើក​ឡើង​ពី​តម្រូវការ​របស់​អ៊ីស្រាអែលសម្រាប់​សេវា​កម្មរបស់ក្រុមហ៊ុន​កើនឡើង​ បន្ទាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ដោយសំដៅទៅ​លើថ្ងៃដែល​អ៊ីស្រាអែលចាប់ផ្តើម​យុទ្ធនាការ​ប្រល័យពូជសាសន៍លើតំបន់ហ្គាហ្សា​៕

ប្រែដោយ​៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម