Connect with us

កីឡា

ប្រើ​ត្រឹម​ធនធាន​ក្នុង​ស្រុក​ ប៉ុន្តែ​សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​នៅ​តែ​ខ្លាំង​ ៣ប្រកួត​ឈ្នះ​ទាំង​ ៣ប្រកួត​តេជោលីគ​

បានផុស

នៅ

សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ បើ​ទោះ​ជា​ប្រើប្រាស់​ត្រឹម​ធនធាន​កីឡាករ​ក្នុង​ស្រុក​យ៉ាងណា​ក្ដី​ ប៉ុន្តែ​ទម្រង់​លេង​នៅ​តែ​ល្អ​ និង​ជា​ក្រុម​ដែល​មិន​អាច​មើល​ស្រាល​បាន​នៅតេជោលីគ​ ឆ្នាំ​២០២៦​ ខណៈ​ ៣ប្រកួត​ឈ្នះ​ទាំង​ ៣ប្រកួត​ និង​កំពុង​មាន​ ៨ពិន្ទុ​ក្នុង​ដៃ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ធី ម៉េងហួង

ក្រឡេក​មើល​ក្រុម​ធំៗ​ដូច​ជា​បញ្ជាការដ្ឋាន​អង្គរក្ស​ វិសាខា​ ស្នងការ​ ន.ប​ ខេត្ត​ស្វាយរៀង​ សុទ្ធតែ​នាំ​យក​កីឡាករ​ឆ្នើមៗ​ជា​ច្រើន​រូប​មក​ជួយ​ក្រុម​ដើម្បី​ឲ្យ​មានស​មត្ថភាព​កាន់​តែ​ខ្លាំង​ និង​ឆក់​យកឱកាស​​ប្រជែង​ពាន​តេជោលីគ​ដែល​ជា​ពាន​រង្វាន់​ធំ​ជាង​គេ​ក្នុង​សហព័ន្ធ​បាល់ទះ។​

ការ​នាំ​យក​កីឡាករ​បរទេស​មក​ជួយ​ក្រុម​ និង​បាន​ធ្វើ​ឲ្យ​ក្រុម​នោះ​ខ្លាំង​ជា​រឿង​ធម្មតា​សម្រាប់​ការ​រៀបចំ​ក្រុម​នៅ​ក្នុង​វិស័យ​កីឡា​ទៅ​ហើយ។​ ប៉ុន្តែ​បើ​ក្រុម​ដែល​ប្រើប្រាស់​ធនធាន​កីឡាករ​ក្នុង​ស្រុក​សុទ្ធ​ហើយ​ថែម​ទាំង​មាន​ទម្រង់​លេង​ល្អ​ទៀត​នោះ​គឺ​ជា​រឿង​អស្ចាចារ្យ​មួយ​ផង​ដែរ។​

កីឡាករ មឿន​ ម៉េងឡាយ

សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​គឺ​ពុំ​បាន​នាំ​យក​កីឡាករ​បរទេស​មក​ជួយ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​តេជោលីគ​នេះ​ទេ​ តែ​ទម្រង់​នៃ​ការ​លេង​គឺ​ល្អ​រហូត​ ៣ប្រកួត​ឈ្នះ​ទាំង​ ៣ប្រកួត​តែ​ម្ដង។​ នៅ​ប្រកួត​ទី១​ ក្រសួង​មហាផ្ទៃ​ យក​ឈ្នះ​ ស្នងការរាជធានីភ្នំពេញ​ ៣-១។ ប្រកួត​ទី២​ យក​ឈ្នះ​ក្រុម​បាល់ទះ​ស្នងការ​ ន.ប ខេត្ត​កោះកុង​ ៣-២។​ ប្រកួត​ទី៣​ នៅ​មុន​នេះ​យក​ឈ្នះ​ស្នងការ​ ន.ប​ ខេត្ត​ព្រះសីហនុ​ ៣-០។​

កីឡាករ កែវ​ ស្រេងលីហួរ

ស្មាត់​ធំ​ ធី​ ម៉េងហួង​ មឿន​ ម៉េងឡាយ​ ឆោម​ ទីណា​ ខុម​ ហុងទ្រី​ និង​អ្នក​ប៉ះ​សេ​ កែវ​ ស្រេងលីហួរ​ នៅ​តែ​ជា​កីឡាករ​ម៉ុតស្រួច​ និង​ជា​កម្លាំង​ស្នូល​របស់​សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ក្នុង​ការ​ប្រជែង​យក​ពិន្ទុ​ជូន​ក្រុម។​ សរុប​មក​សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​គឺ​នៅ​តែ​ជា​គ្រោះ​ថ្នាក់​ និង​មិន​អាច​មើល​ស្រាល​បាន​ឡើយ​ចំពោះ​ក្រុម​ធំៗ​ដទៃ​ទៀត​ក្នុង​ការប្រកួត​តេជោលីគ​ឆ្នាំ​នេះ។​

បញ្ជាក់​ដែរ​ថា​ បច្ចុប្បន្ន​នេះ​សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ ៣ប្រកួត​ឈ្នះ​ទាំង​ ៣​ប្រកួត​ មាន​ ៨​ពិន្ទុ។​ នៅ​ប្រកួត​ទី១​ ឈ្នះ​ ៣-១​ ទទួល​បាន​ ៣ពិន្ទុ​ ប្រកួត​ទី២​ ឈ្នះ​ ៣-២​ ទទួល​បាន​ ២ពិន្ទុ​ និង​ប្រកួត​ទី៣​ ឈ្នះ​ ៣-០​ ទទួល​បាន​ ៣ពិន្ទុ៕​

លទ្ធផលការប្រកួត​ថ្ងៃ​ទី១៨​ ឧសភា​ ២០២៦

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម