ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង បដិសេធព័ត៌មាន ដែលថា «ចិន លួចបង្វឹកទាហានរុស្ស៊ី ឱ្យទៅវាយនៅអ៊ុយក្រែន»
វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានចេញមុខបដិសេធភ្លាមៗ ដោយចាត់ទុកថាជាព័ត៌មានមិនពិត ចំពោះរបាយការណ៍មួយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលទម្លាយថា កងទ័ពប្រទេសចិន បានលួចលាក់ធ្វើការហ្វឹកហ្វឺនដល់ទាហានរុស្ស៊ីប្រមាណ ២០០នាក់ នៅលើទឹកដីចិន កាលពីចុងឆ្នាំមុន ហើយក្នុងនោះមានទាហានខ្លះ បានចេញទៅសមរភូមិប្រយុទ្ធផ្ទាល់ នៅប្រទេសអ៊ុយក្រែនថែមទៀតផង។

របាយការណ៍របស់រ៉យទ័រ ដែលអះអាងថាបានពិនិត្យមើលឯកសារកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងចិន កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ បានបញ្ជាក់ថា ភាគីទាំងពីរ មានការព្រមព្រៀងគ្នាបញ្ជូនកងទ័ពរុស្ស៊ីប្រហែល ២០០ នាក់ ឱ្យទៅទទួលការបណ្តុះបណ្តាលនៅតាមមូលដ្ឋានយោធាមួយចំនួន រួមមាន នៅក្នុងទីក្រុងប៉េកាំង និងទីក្រុងណានជីង ភាគខាងកើតប្រទេសចិន។ លើសពីនេះ នៅក្នុងកិច្ចព្រមព្រៀងដដែលនោះ ក៏បានចែងផងដែរថា កងទ័ពចិនរាប់រយនាក់ ក៏នឹងត្រូវបញ្ជូនទៅទទួលការហ្វឹកហ្វឺន នៅតាមមូលដ្ឋានយោធានៅក្នុងប្រទេសរុស្ស៊ីវិញដូចគ្នា។
នៅពេលដែលត្រូវបានសួរដេញដោលជុំវិញរបាយការណ៍ដ៏ក្តៅគគុកនេះ កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានឆ្លើយតបយ៉ាងខ្លីថា បច្ចុប្បន្ន មានព័ត៌មានក្លែងក្លាយជាច្រើនសន្ធឹកសន្ធាប់ ត្រូវបានចុះផ្សាយដោយសារព័ត៌មានទាំងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ លោកបានសង្កត់ធ្ងន់ថា នេះជាបញ្ហាប្រឈមដ៏ធំមួយ ដែលរុស្ស៊ីកំពុងតែជួបប្រទះ ហេតុនេះរាល់ព័ត៌មានមិនពិត និងការចោទប្រកាន់ទាំងឡាយបែបនេះ គឺមិនអាចយកជាការបានឡើយ ហើយត្រូវតែពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ កុំឱ្យចាញ់បោកគេ។
ជាផ្លូវការ ទីក្រុងប៉េកាំង តែងតែប្រកាសប្រាប់ពិភពលោកថា ខ្លួនរក្សាជំហរ «អព្យាក្រិត» ទាំងស្រុងនៅក្នុងជម្លោះសង្គ្រាមនៅអ៊ុយក្រែន ហើយចិនតែងតែព្យាយាមបង្ហាញខ្លួនឯងថា ជាអ្នកសម្របសម្រួលស្វែងរកសន្តិភាព។ ជាក់ស្តែង នៅក្នុងសប្តាហ៍នេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ក៏បានលើកយកបញ្ហា និងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនៅអ៊ុយក្រែន មកជជែកពិភាក្សគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរ បានជួបគ្នានៅក្នុងប្រទេសចិនផងដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


