Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ប្រកាសផ្តល់ជំនួយ ១០០លានដុល្លារដល់អ៊ុយក្រែន តែរក្សាជំហរមិនផ្តល់អាវុធដាច់ខាត

បានផុស

នៅ

ប្រទេសកូរ៉េខាងត្បូង បានប្រកាសថា នឹងផ្តល់ជំនួយបន្ថែមចំនួន ១០០ លានដុល្លារអាមេរិកដល់អ៊ុយក្រែន ប៉ុន្តែអះអាងថា កញ្ចប់ជំនួយនេះ គឺបម្រើតែដល់គោលបំណងមនុស្សធម៌តែប៉ុណ្ណោះ និងមិនរួមបញ្ចូលអាវុធនោះទេ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃទី ៧ ខែកក្កដា ។

ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Wi Sung Lak (រូបភាព៖Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្ដល់ជំនួយនេះដែរ ធ្វើឡើង​ស្របពេលដែលប្រធានាធិបតី លោក លី ជេម្យុង (Lee Jae Myung) កំពុងចូលរួមកិច្ចប្រជុំកំពូលណាតូ នៅក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី ដែលទីក្រុងសេអ៊ូលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងនាមជាដៃគូតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយ ក្នុងចំណោមដៃគូទាំងបួនរបស់សម្ព័ន្ធភាពយោធាមួយនេះ។

ព័ត៌មាននេះត្រូវបានប្រកាសដោយទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Wi Sung Lak នៅក្នុងសន្និសីទសារព័ត៌មានមួយ មុនពេលកិច្ចប្រជុំចាប់ផ្តើម។ លោកបានថ្លែងថា កញ្ចប់ជំនួយថ្មីនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កូរ៉េខាងត្បូង ក្នុងការរួមចំណែកដល់សន្តិភាព និងស្ថិរភាពអន្តរជាតិ។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងរដ្ឋាភិបាលកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា ជំនួយនេះត្រូវបានកម្រិតត្រឹមតែគោលបំណងមនុស្សធម៌ប៉ុណ្ណោះ និងមិនរួមបញ្ចូលអាវុធឡើយ។ ជាក់ស្ដែង ជំហររបស់ទីក្រុងសេអ៊ូលក្នុងការផ្តល់តែទំនិញដែលមិនបង្កគ្រោះថ្នាក់ដល់ជីវិតទៅឲ្យអ៊ុយក្រែន គឺនៅតែមិនផ្លាស់ប្តូរ។ យ៉ាងណា មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងមិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយអំពីរបៀបបែងចែកកញ្ចប់ជំនួយ ១០០លានដុល្លារនេះនៅឡើយទេ។

ទោះបីជាមិនបានផ្តល់ជំនួយអាវុធដោយផ្ទាល់ទៅឲ្យទីក្រុងកៀវក៏ដោយ ក៏ឧស្សាហកម្មការពារជាតិរបស់កូរ៉េខាងត្បូង បានកត់ត្រានូវកំណើនយ៉ាងខ្លាំងក្លា ដោយសារតែការកើនឡើងនៃតម្រូវការពីបណ្តាប្រទេសអឺរ៉ុប។ យោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុម (SIPRI) ក្នុងអំឡុងឆ្នាំ ២០២១ ដល់ ២០២៥ កូរ៉េខាងត្បូងបានក្លាយជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេលំដាប់ទីពីរដល់បណ្តាប្រទេសសមាជិកណាតូនៅអឺរ៉ុប ដោយស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីអាមេរិក។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសអឺរ៉ុបជាច្រើនបានបង្កើនការទិញរថក្រោះ កាំភ្លើងធំស្វ័យចល័ត ប្រព័ន្ធការពារដែនអាកាស និងឧបករណ៍យោធាដែលផលិតដោយកូរ៉េខាងត្បូង ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ពួកគេ នៅក្នុងបរិបទនៃបរិយាកាសសន្តិសុខក្នុងតំបន់ដែលមានការប្រែប្រួលលឿន។

ការបន្តប្រកាសកញ្ចប់ជំនួយមនុស្សធម៌ថ្មីរបស់ទីក្រុងសេអ៊ូល ស្របពេលដែលការបញ្ជាក់សាជាថ្មីថាខ្លួនមិនផ្ទេរអាវុធនោះ បង្ហាញថា កូរ៉េខាងត្បូងនៅតែរក្សាវិធីសាស្ត្រប្រុងប្រយ័ត្នចំពោះជម្លោះនៅអ៊ុយក្រែន បើទោះបីជាប្រទេសនេះ កំពុងដើរតួនាទីកាន់តែសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ការពារជាតិរបស់អឺរ៉ុបក៏ដោយ។

យ៉ាងណាមិញ ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងក្នុងឆ្នាំ ២០២២ ទីក្រុងសេអ៊ូលបានគាំទ្រទីក្រុងកៀវជាបន្តបន្ទាប់ ប៉ុន្តែភាគច្រើនជាទម្រង់ជំនួយមនុស្សធម៌ និងការផ្តល់ឧបករណ៍ដែលមិនបង្កគ្រោះថ្នាក់ដល់ជីវិត។ ក្នុងចំណោមឧបករណ៍ទាំងនោះ រួមមានសម្ភារៈយោធាដូចជា មួកសុវត្ថិភាព ឧបករណ៍ការពារខ្លួន និងទំនិញជាច្រើនប្រភេទសម្រាប់បម្រើដល់ប្រតិបត្តិការសង្គ្រោះ ប៉ុន្តែទីក្រុងសេអ៊ូល មិនដែលផ្ទេរអាវុធ ឬគ្រាប់រំសេវដោយផ្ទាល់ទៅឲ្យអ៊ុយក្រែនឡើយ។ ជំហរនេះត្រូវបានរក្សាទុកដោយកូរ៉េខាងត្បូង ក្នុងបរិបទដែលខ្លួននៅតែបន្តអនុវត្តគោលនយោបាយរឹតត្បិតការនាំចេញអាវុធទៅកាន់តំបន់ដែលមានជម្លោះ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម