Connect with us

ព័ត៌មានជាតិ

សាលាតិចណូ បង្កើតក្រុមការងារសហការជាមួយសមត្ថកិច្ចចាត់វិធានការចំពោះបុគ្គលប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ

បានផុស

នៅ

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានបង្កើតក្រុមការងារណពិសេស និងកំពុងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធីច្បាប់ចំពោះបុគ្គលឈ្មោះ ណន សីហា ដែលបានធ្វើសញ្ញាបត្រក្លែងក្លាយដោយដាក់ឈ្មោះវិទ្យាស្ថានរបស់ខ្លួន។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បញ្ជាក់ថា ការចាត់វិធានការនេះ គឺដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់វិទ្យាស្ថាន និស្សិត អតីតនិស្សិត និយោជក និងសាធារណជន ព្រមទាំងរក្សាសុចរិតភាព និងភាពជឿជាក់លើសញ្ញាបត្រដែលចេញដោយវិទ្យាស្ថាន។

សេចក្តីប្រកាសបានបញ្ជាក់ថា បន្ទាប់ពីវិទ្យាស្ថានបានចេញសេចក្តីបំភ្លឺកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដោយបដិសេធមិនទទួលស្គាល់សញ្ញាបត្ររបស់ឈ្មោះ ណន សីហា នោះ សាធារណជននៅតែបន្តចាប់អារម្មណ៍ និងតាមដានយ៉ាងជិតស្និទ្ធចំពោះវិធានការរបស់វិទ្យាស្ថានលើករណីនេះ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ធ្វើការបំភ្លឺ និងបញ្ជាក់ជូនសាធារណជនថា វិទ្យាស្ថានយកចិត្តទុកដាក់ខ្ពស់ចំពោះសុចរិតភាព កេរ្តិ៍ឈ្មោះ គុណភាព និងភាពជឿទុកចិត្តនៃសញ្ញាបត្រទាំងអស់ដែលចេញដោយវិទ្យាស្ថាន។ ចំពោះករណីនេះ វិទ្យាស្ថានបាន និងបន្តចាត់វិធានការតាមនីតិវិធីផ្ទៃក្នុង និងតាមផ្លូវច្បាប់ រួមមាន៖ ១. បានពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធជាមួយកំណត់ត្រាផ្លូវការ និងប្រព័ន្ធទិន្នន័យរបស់វិទ្យាស្ថាន ភ្លាមៗបន្ទាប់ពីបានដឹងអំពីការសង្ស័យករណីក្លែងបន្លំសញ្ញាបត្រ ២. បានចេញលិខិតបដិសេធមិនទទួលស្គាល់សញ្ញាបត្ររបស់ឈ្មោះ ណន សីហា។

៣. បានប្រមូល ចងក្រង និងរក្សាទុកឯកសារ ព័ត៌មាន និងភស្តុតាងពាក់ព័ន្ធ សម្រាប់គោលបំណងនីតិវិធី ផ្ទៃក្នុង និងនីតិវិធីច្បាប់ និង ៤. បានបង្កើតក្រុមការងារ ដែលបាននិងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី ច្បាប់ដើម្បីការពារប្រយោជន៍ស្របច្បាប់របស់វិទ្យាស្ថាន និស្សិត អតីតនិស្សិត និយោជក និង សាធារណជន។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ថ្លែងអំណរគុណដល់សាធារណជនដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះករណីនេះដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការក្លែងបន្លំសញ្ញាបត្រ និងការពារសុចរិតភាព គុណភាព កេរ្តិ៍ឈ្មោះ និងភាពជឿទុកចិត្តនៃសញ្ញាបត្រដែលចេញដោយវិទ្យាស្ថាន ព្រមទាំងការពារផលប្រយោជន៍របស់ និស្សិត អតីតនិស្សិត និយោជក និងសាធារណជន។

ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានប្រាប់កម្ពុជាថ្មីថា យោងតាមច្បាប់ស្តីពីការអ ប់រំ មាត្រា ១៤ ចែងថា វិញ្ញាបនបត្រ ឬ សញ្ញាបត្រ ត្រូវបានផ្តល់ដល់អ្នកសិក្សា ដែលបានបំពេញគ្រប់លក្ខ
ខណ្ឌតម្រូវនៃការសិក្សាដែលកំណត់ដោយគ្រឹះស្ថានសិក្សា។ វិញ្ញាបនបត្រ ឬ សញ្ញាបត្រអាចត្រូវបានដកហូត ឬ បដិសេធដោយក្រសួង ឬ គ្រឹះស្ថានសិក្សាដែលផ្តល់វិញ្ញាបនបត្រ ឬ សញ្ញាបត្រនោះ ក្នុងករណីត្រួតពិនិត្យរកឃើញមានភាពមិនត្រឹមត្រូវក្នុងដំណើរការសិក្សារបស់អ្នកសិក្សា ឬភាពមិនត្រឹមត្រូវក្នុងការសម្រេ ផ្តល់វិញ្ញាបនបត្រ ឬ សញ្ញាបត្រដល់អ្នកសិក្សា ។

ក្នុងច្បាប់នេះដដែល យោងមាត្រា ៤៨ ចែងថា គ្រប់ការផ្តល់វិញ្ញាបនបត្រ ឬសញ្ញាបត្រ ដែលមានភាពមិនត្រឹមត្រូវតាម បទប្បញត្តិនៃមាត្រា ១៤នៃច្បាប់នេះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ២លានរៀល ទៅ ៦លានរៀល និងដាក់ពន្ធនាគារពី ១ទៅ៣ឆ្នាំ។ យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងអប់រំ មិនទាន់អាចបង្ហើបពីវិធានការលម្អិតចំពោះបុគ្គលក្លែងសញ្ញាបត្រនៅឡើយទេ។

គួរជម្រាបថា ចាប់ពីឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីដាក់QR code បញ្ជាក់ភាពត្រឹមត្រូវលើសញ្ញាបត្រមធ្យមកសិក្សាទុតិយភូមិ និងសញ្ញាបត្រដែលចេញដោយគ្រឹះស្ថានឧត្តមសិក្សាសាធារណៈជាបន្តបន្ទាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម