Connect with us

ព័ត៌មានជាតិ

តើការក្លែងបន្លំសញ្ញាបត្រ អាចជាប់ទោសទណ្ឌប៉ុន្មានឆ្នាំ?

បានផុស

នៅ

ករណីសញ្ញាបត្រក្លែងក្លាយដែលពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ណន សីហា បានធ្វើឱ្យមានការចាប់អារម្មណ៍ជាថ្មី ចំពោះទណ្ឌកម្មតាមផ្លូវច្បាប់ អំពើក្លែងបន្លំឯកសារសាធារណៈ និងការប្រើប្រាស់ឯកសារក្លែង ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារ ពី ៥ឆ្នាំ ដល់ ១០ឆ្នាំ តាមការកំណត់នៃក្រមព្រហ្មទណ្ឌកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចេញលិខិតបដិសេធជាសាធារណៈ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បុគ្គលឈ្មោះ ណន សីហា បានចេញវីដេអូសុំទោសជាសាធារណៈ ដោយអះអាងថា ខ្លួនក៏ជាជនរងគ្រោះម្នាក់ដែរ ព្រោះបានជឿតាមការណែនាំពីបុគ្គលម្នាក់ ជំរុញឱ្យធ្វើសញ្ញាបត្រនោះ ដើម្បីបង្កើនឱកាសការងារ។ លោកថា ខ្លួនមិនបានដឹងថា ឯកសារនោះជាសញ្ញាបត្រក្លែងក្លាយឡើយ ហើយបច្ចុប្បន្នក៏មិនអាចទាក់ទងទៅកាន់អ្នកដែលរៀបចំធ្វើឯកសារនោះបានទៅទៀត។

យ៉ាងណាក្តី ករណីនេះក៏មិនជាខុសគ្នានឹងករណីកាលពីដើមឆ្នាំ២០២៤ ដែរ ដោយគណៈកម្មាធិការ ប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ក៏ធ្លាប់បានរកឃើញករណីក្លែងបន្លំ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផងដែរ ដោយបានសម្រេចលុបឈ្មោះនិស្សិតពាក់ព័ន្ធចេញពីបញ្ជី និងមិនអនុញ្ញាតឱ្យដាក់ពាក្យប្រឡងថ្នាក់ជាតិជាថ្មីឡើយ។

លើសពីនេះ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ ក៏បានប្រកាសពីឆន្ទៈខ្លួនក្នុងគោលបំណង បញ្ចប់ការក្លែងបន្លំឯកសារសាធារណៈ ដោយផ្អែកលើមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ ស្តីពី «បទក្លែងបន្លំឯកសារសាធារណៈ» ការក្លែងបន្លំដែលប្រព្រឹត្តលើលិខិតយថាភូត ឬឯកសារដែលចេញដោយអាជ្ញាធរសាធារណៈ ដើម្បីបញ្ជាក់សិទ្ធិ អត្តសញ្ញាណ ឋានៈ ឬទទួលបានការអនុញ្ញាតណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ។

គួររំលឹកថា លោក​ ណន​ សីហា​ ត្រូវបានគេស្គាល់ថា ជាម្ចាស់ម៉ៅការសំណង់មួយរូប ដែលកំពុងផ្ដល់ការងារឱ្យមនុស្ស​ចំនួន​ ៦០០នាក់​ ក្នុង​គម្រោង​សង់ផ្ទះ​ប្រមាណជិត​ ១០០គម្រោង​ ។ ពាក់ព័ន្ធនឹងសញ្ញាបត្រក្លែងក្លាយនេះដែរ លោកក៏បាន​ទទួល​ស្គាល់​កំហុស​ និង​សុំទោសជាសាធារណៈ និង​បានសុំការ​យោគយល់​ដល់លោក ដេីម្បី​អាចបន្ត​ការងារ​សំណង់​ជា​មួយ​កម្មករប្រមាណ​ ៦០០នាក់​ ។

ជុំវិញករណីនេះដែរ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ និងអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នចំពោះការក្លែងបន្លំឯកសារអប់រំ ដែលអាចបង្កការប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ និងនាំឱ្យអ្នកពាក់ព័ន្ធប្រឈមមុខនឹងទោសទណ្ឌធ្ងន់ធ្ងរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម